០៥ សីហា ២០២៦

Written on 12/02/2026
Sokhorn Oem

ថ្ងៃពុធ អាទិត្យទី១៨ រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ៣១,១-៧)

ព្រះអង្គមានព្រះបន្ទូលថា៖«នៅគ្រានោះ យើងនឹងធ្វើជាព្រះរបស់កុលសម្ព័ន្ធ​អ៊ីស្រាអែលទាំងមូល ហើយពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖«នៅវាលរហោស្ថាន យើងបានសម្តែងការប្រណីសន្តោសដល់ប្រជាជនដែលសល់ពីស្លាប់ក្នុងចំបាំង ហើយអ៊ីស្រាអែលធ្វើដំណើរទៅកាន់ទីសម្រាក»។ ពួកគេពោលថា៖ ព្រះអម្ចាស់បានសម្តែងព្រះអង្គឱ្យខ្ញុំឃើញពីចម្ងាយ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«យើងស្រឡាញ់អ្នកដោយចិត្តស្រឡាញ់ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងនៅតែជំពាក់ចិត្តនឹងអ្នក។ នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឱ្យមាំមួនឡើងវិញ យើងនឹង​តុបតែងនាងឱ្យបានស្អាតសាជាថ្មី រួចនាងនឹងចេញមកលោតរាំទាំងលេងក្រាប់​យ៉ាង​សប្បាយ។ នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការនៅតាមភ្នំក្នុងស្រុក​សាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ។ បន្តិចទៀត ពួកអ្នកយាមនឹងស្រែកនៅ​លើភ្នំអេប្រាអ៊ីមថា៖“ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូនថ្វាយបង្គំព្រះ​​អម្ចាស់ជាព្រះរបស់យើង!”។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរហ៊ោកញ្ជ្រៀវអបអរសាទរពូជពង្សយ៉ាកុប! ចូរទទួលប្រជាជាតិដែលជាមេដឹកនាំនៃប្រជាជាតិទាំងឡា​យ​ឱ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះអម្ចាស់ ហើយពោលថា ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ គឺជនជាតិអ៊ីស្រាអែល ដែលនៅ​សេសសល់!»។

ទំនុកតម្កើងរបស់ព្យាការីយេរេមី ៣១,១០-១៣ បទព្រហ្មគីតិ

១០ ប្រជាជាតិទាំងឡាយ សូមខ្វល់ខ្វាយនាំគ្នាស្តាប់  
  បន្ទូលព្រះផ្សាយផ្សព្វ ទៅដល់សព្វកោះនៅឆ្ងាយ
  ចូរអ្នកប្រកាសថា៖ «ព្រះដែលជាអ្នកកម្ចាយ  
  ស្រាអែលឱ្យទៅឆ្ងាយ តែពេលក្រោយទ្រង់ប្រមូល
  ព្រះអង្គថែរក្សា ឱ្យគ្រប់គ្នាជុំត្រកូល  
  ដូចគង្វាលប្រមូល ចៀមមកមូលមិនឱ្យបាត់»
១១ ព្រះអម្ចាស់បានលោះ ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់  
  រំដោះឱ្យរួចផុត ពួកទុច្ចរិតដែលខ្លាំងក្លា
១២ ពួកគេត្រឡប់វិញ គ្មានទោម្នេញស្រែកខ្ញៀវខ្ញា  
  ហើយគេគ្រប់កាយា ចាំត្រៀបត្រាទទួលទ្រព្យ
  ដែលព្រះម្ចាស់ប្រទាន គេឱ្យមានលែងអភ័ព្វ  
  មានស្រូវស្រាល្អគាប់ ប្រេងក្រអូបទាំងចៀមគោ
  ចិត្តពួកគេប្រៀបបាន សួនឧទ្យានមានទឹកហូរ  
  ស្រោចស្រពឡើងជន់ជោរ គេលែងថ្ងូរលែងហេវហត់
១៣ គ្រានោះស្រីក្រមុំ ចូលមករាំតាមបែបបទ  
  ក្មេងចាស់មិនកំណត់ គេមិនហត់រាំសប្បាយ  
  យើងប្រែទុក្ខវេទនា គេទៅជាសើចក្អាកក្អាយ  
  ឱ្យពួកគេសប្បាយ គេរីករាយលែងលំបាក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន១៤៦,៥,៨)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់នឹងលើកអ្នកដែលសោកសង្រេងឱ្យងើបឡើង ព្រះអម្ចាស់ថែរក្សាការពារជនបរទេស។ អ្នកណាផ្ញើជីវិតទៅលើព្រះអង្គពិតជាបានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៥,២១-២៨) 

នៅគ្រានោះ ព្រះយេស៊ូយាងទៅតំបន់ជិតក្រុងទីរ៉ូស និងក្រុងស៊ីដូន។ មានស្ត្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះ ចូលមកគាល់ព្រះអង្គ ហើយទូលអង្វរថា៖«ឱព្រះអម្ចាស់ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាខ្ញុំម្ចាស់ផង! កូនស្រីខ្ញុំម្ចាស់ត្រូវខ្មោចចូល បណ្តាលឱ្យវេទនាខ្លាំងណាស់»។ ព្រះយេស៊ូពុំបានឆ្លើយតបនឹងនាង។ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះអង្គ ហើយទូលថា៖​«សូមព្រះគ្រូដេញនាងទៅ! ព្រោះនាងចេះតែស្រែកអង្វរពីក្រោយយើង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«ព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមក រកអស់អ្នកដែលវង្វេងក្នុងចំណោមជនជាតិអ៊ីស្រាអែលតែប៉ុណ្ណោះ!”។ ប៉ុន្តែ ស្ត្រីនោះចូលមកក្រាបទៀបព្រះបាទាព្រះអង្គ ហើយទូលថា៖​«ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំម្ចាស់ផង!»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«មិនគួរយកអាហាររបស់កូនចៅបោះទៅឱ្យកូនឆ្កែស៊ីឡើយ»។ នាងទូលព្រះអង្គថា៖«ពិតមែនហើយព្រះអម្ចាស់! ប៉ុន្តែ កូនឆ្កែស៊ីកម្ទេចអាហារដែលជ្រុះពីតុរបស់ម្ចាស់វា»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅនាងថា៖«នាងអើយ! នាងមានជំនឿមាំមួនណាស់! ដូច្នេះ សូមឱ្យបានសម្រេចតាមចិត្តនាងប្រថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំង​ពីពេលនោះមក។