០៩ សីហា ២០២៦

Written on 12/02/2026
Sokhorn Oem

ថ្ងៃអាទិត្យ អាទិត្យទី១៩ រដូវធម្មតា ឆ្នាំ«ក»
ពណ៌បៃតង

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ ហ៊ានហៅព្រះអង្គថា «ព្រះបិតា» ទៀតផង! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំអាចរស់​នៅតាមរបៀបសមគួរនឹងឋានៈរបស់ខ្លួនផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រទី១ (១ ពង្ស ១៩,៩.១១-១៣)

កាលព្យាការីអេលីទៅដល់ភ្នំហូរ៉ែបហើយ លោកចូលទៅស្នាក់ក្នុងគុហានៅពេលយប់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ចូរចេញទៅក្រៅ ហើយឈរលើភ្នំ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គនឹងយាងកាត់តាមនោះ»។ មាន ខ្យល់បក់​បោកយ៉ាងខ្លាំង ធ្វើឱ្យកក្រើកភ្នំ បំបែកថ្ម នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងខ្យល់នោះទេ។ បន្ទាប់ពីខ្យល់ មានរញ្ជួយដី ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងដីដែលរញ្ជួយនោះទេ។ ក្រោយពីរញ្ជួយផែនដី មានភ្លើង ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពីភ្លើង មានឮសូរសំឡេងស្រាលៗយ៉ាងស្រទន់។ កាលព្យាការីអេលីឮសំឡេងនោះ លោកយកអាវធំមកគ្របមុខ ហើយចេញទៅឈរនៅមាត់គុហា។

ទំនុកតម្កើងលេខ ៨៥ (៨៤), ៩-១៤ បទកាកគតិ

៩ យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
  ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
    ដែលមិនលេលា ។
១០ ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
  ដល់អ្នកកោតខ្លាច ព្រះអង្គគ្រប់គ្រា សិរីមហិមា
    នៅលើដីយើង ។
១១ ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
  ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
    នៅលើលោកីយ៍ ។
១២ សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
  សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
    ចុះជួយរក្សា ។
១៣ ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
  ចំណែកផែនដី បង្កើតផលា ភោគផលផ្លែផ្កា
    សម្បូណ៌មិនខ្វះ ។
១៤ សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
  សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡាស់
    សុខសាន្តរហូត ។

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ៩,១-៥)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមនិយាយសេចក្តីពិត ដោយរួមជាមួយព្រះគ្រីស្ត ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមនសិការរបស់ខ្ញុំផ្ទាល់ជាសាក្សី និងដោយមានព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺថា ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជានិច្ចផង ដ្បិតខ្ញុំបន់ឱ្យតែខ្លួនខ្ញុំត្រូវបណ្តាសា បែកចេញពីព្រះគ្រីស្ត ព្រោះតែបងប្អូន និងញាតិសន្តានដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ គឺសាសន៍អ៊ីស្រាអែល។ ព្រះជាម្ចាស់បានរាប់ពួកគេទុកជាបុត្រធីតារបស់ព្រះអង្គ ពួកគេទទួលសិរីរុងរឿង ទទួលសម្ពន្ធមេត្រីនានា ទទួលធម្មវិន័យ ស្គាល់របៀបគោរពបម្រើព្រះអង្គ ទទួលព្រះបន្ទូលសន្យាផ្សេងៗ មានបុព្វបុរស ហើយព្រះគ្រីស្តក៏កើតមកជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង។ ព្រះអង្គជាព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះអង្គអស់កល្បជានិច្ច! អាម៉ែន!។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ៦២,៣; ១៨,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
មានតែព្រះជាម្ចាស់មួយព្រះអង្គទេ ជាថ្មដាដែលសង្គ្រោះខ្ញុំ! ព្រះអង្គលាតព្រះហស្តពីស្ថានបរមសុខមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឱ្យ​ផុតពីទឹកសមុទ្រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៤,២២-៣៣)

ព្រះយេស៊ូបានចែកអាហារឱ្យបណ្តាជនក្នុងវាលរហោស្ថាន។ ក្រោយមក ព្រះអង្គបង្ខំក្រុមសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាងភ្លាមមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឱ្យវិលត្រឡប់ទៅវិញដែរ។ កាលព្រះយេស៊ូឱ្យមហាជនចេញផុតអស់ហើយ ព្រះអង្គយាងឡើងទៅលើភ្នំដាច់ឡែកពីគេដើម្បីអធិដ្ឋាន។ លុះដល់យប់ ព្រះយេស៊ូគង់នៅទីនោះតែមួយព្រះអង្គឯង ពេលនោះ ទូកចេញឆ្ងាយពីច្រាំង ហើយក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកក្រុមសាវ័ក។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា៖ «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះ​បន្ទូលទៅគេថា៖ «ចូរតាំងចិត្តក្លាហានឡើង! ខ្ញុំទេតើ! កុំខ្លាចអី!»។ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! ប្រសិនបើពិតជាព្រះ​អង្គ​មែន សូមបញ្ជាឱ្យខ្ញុំអាចដើរលើទឹកទៅរកព្រះអង្គផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញមក!»។ លោកសិលា ក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្តើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូមជួយខ្ញុំផង!»។ ព្រះយេស៊ូក៏លូកព្រះហស្តទាញគាត់ឡើងភ្លាម ទាំងមានព្រះ បន្ទូលថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុដូចម្តេចបានជាអ្នកមិនទុកចិត្តដូច្នេះ?» បន្ទាប់មក ព្រះអង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖ «ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ មែន!»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យប្រគល់អ្វីៗសព្វសារពើដែលមានក្នុងពិភពលោកនេះឱ្យមនុស្សត្រួតត្រា និងថែរក្សា។ យើងខ្ញុំសូមយកតង្វាយទាំងនេះមកតបស្នងព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាញុាំងតង្វាយទាំងនេះឱ្យទៅជាព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារដែលផ្តល់ព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសទាក់ទាញចិត្តគំនិតយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ។ សូមឱ្យយើងខ្ញុំមានកម្លាំងក្លាហាន ប្រព្រឹត្តតាមព្រះហប្ញទ័យព្រះអង្គជានិច្ច។