ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង
បុណ្យរម្លឹក
សន្តបូណាវិនទូរ ជាអភិបាល
និងជាគ្រូបាធ្យាយព្រះសហគមន៍
សន្តយ៉ូហាន ហ្វីដងសា (១២២១-១២៧៤) បានដាក់ឈ្មោះខ្លួនឯងថា “បូណាវិនទូរ៉ា” នៅពេលលោកចូលបួសក្នុងក្រុមគ្រួសារសន្តហ្វ្រង់សីស្កូ។ លោកខំកសាងសន្តិភាពក្នុងក្រុមគ្រួសារនោះ ដោយយកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នាឱ្យជានានឹងគ្នា។ លោកជាទេវវិទូមានឈ្មោះល្បីជាងគេក្នុងសម័យដែលលោករស់នៅ។ លោកទទួលបន្ទុកជាអភិបាល និងជាទីប្រឹក្សាសម្តេចប៉ាប។ លោកទទួលមរណភាព នៅពេលអស់លោកអភិបាលប្រជុំគ្នា។ ក្នុងមហាសន្និបាតសាកលនៅលីយ៉ុង(១២៧៤)។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ១០,៥-៧.១៣-១៦)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ! យើងនឹងប្រើពួកគេទុកជាដំបង ដើម្បីធ្វើតាមកំហឹងរបស់យើង។ យើងចាត់ជនជាតិអាស្ស៊ីរីឱ្យទៅធ្វើទោសប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជនដែលបានបង្កឱ្យយើងមានកំហឹង។ ពួកគេនឹងប្លន់រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេ គឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេច និងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។ គេនឹកគិតថា “យើងយកជ័យជម្នះបានដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់ ដ្បិតយើងមានប្រាជ្ញាវាងវៃ។ យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានា ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។ យើងបានប្រើឫទ្ធិអំណាចរបស់យើងទម្លាក់ស្តេចជាច្រើនចុះពីបល្ល័ង្ក។ យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វពីសំបុក ដែលមេវាបោះបង់ចោល។ យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដី ឥតមាននរណាម្នាក់ហ៊ានកម្រើក ឬហើបមាត់តវ៉ាឡើយ”។ មិនដែលមានពូថៅណាអួតខ្លួនថាប្រសើរជាងអ្នកដែលប្រើវាទេ ហើយរណារក៏មិនដែលអួតបំប៉ោងជំទាស់នឹងអ្នកដែលប្រើវាដែរ។ មិនដែលមានព្រនង់ណាបញ្ជាទៅដៃដែលកាន់វា ឱ្យកម្រើកឡើយ ហើយក៏មិនដែលមានដំបងណាកាន់អ្នកដែលប្រើវាដែរ!។ ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឱ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឱ្យមានភ្លើងយ៉ាងសន្ធោសន្ធៅឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
ទំនុកតម្កើងលេខ ៩៤ (៩៣),៥-៩.១១.១៤-១៥ បទព្រហ្មគីតិ
| ៥ | បពិត្រព្រះជាម្ចាស់ | ពួកគេជិះជាន់សង្កត់ | |
| ប្រជាជនសុចរិត | ទាំងទឹកដីឱ្យអន្តរាយ | ។ | |
| ៦ | ពួកវាកាប់សម្លាប់ | ដោយសំអប់ស្រីមេម៉ាយ | |
| អន្តោប្រវេសន៍ក្ស័យ | ហើយប្រល័យក្មេងកំព្រា | ។ | |
| ៧ | គេថាព្រះអម្ចាស់ | ទតមិនច្បាស់មិនបានការ | |
| ព្រះយ៉ាកុបនេះណា | មិនបានការមិនយល់អ្វី | ។ | |
| ៨ | ពួកមនុស្សល្ងីល្ងើអើយ | អ្នកនេះហើយប្រាជ្ញាខ្លី | |
| ចិត្តខ្មៅជួអប្រីយ៍ | មិនដឹងអីមិនចេះគិត | ។ | |
| ៩ | ព្រះអង្គបង្កើតភ្នែក | ឱ្យក្រឡេកមើលឆ្ងាយជិត | |
| តើទ្រង់មិនចេះគិត | មិនចេះទតអ្វីទេឬ? | ។ | |
| ១១ | ទ្រង់ជ្រាបគំនិតអស់ | របស់មនុស្សលើលោកីយ៍ | |
| គំនិតពួកគេខ្លី | ព្រោះពួកគេជាមនុស្សខ្លៅ | ។ | |
| ១៤ | ដ្បិតព្រះអង្គមិនបោះ | ឱ្យនៅរស់ឈ្មោះតែលតោល | |
| ព្រះអង្គក៏មិនចោល | ចំណែកផ្ទាល់មរតកទ្រង់ | ។ | |
| ១៥ | ចៅក្រមនឹងកាត់ក្តី | ដោយប្រពៃមិនបង្អង់ | |
| អ្នកដែលមានចិត្តត្រង់ | តាមគន្លងយុត្តិធម៌ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចបានយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៥-២៧)
នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងឱ្យមនុស្សតូចតាចយល់ការណ៍ទាំងនេះ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ!។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតាក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឱ្យស្គាល់នោះដែរ»។

