១៤ កក្កដា ២០២៦

Written on 10/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៧,១-៩)

នៅគ្រាដែលព្រះបាទអខាសគ្រងរាជ្យនៅស្រុកយូដា ព្រះបាទរេតស៊ីនជាស្តេចស្រុកស៊ីរី ពួតដៃជាមួយព្រះបាទពេកា ជាស្តេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុង​យេរូសាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។ មានគេនាំដំណឹងមកទូលព្រះ​រាជា និងព្រះញាតិវង្សថា៖«ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម»។ ដំណឹងនេះ​ធ្វើឱ្យព្រះបាទអខាស និងប្រជារាស្ត្រញាប់ញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖«ចូរនាំកូនអ្នកដែល​​ឈ្មោះថា “ប្រជាជនដែលសេសសល់នឹងមកវិញ” ទៅជួបស្តេចអខាសនៅក្បែរស្រះ​ផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។ ត្រូវ​ប្រាប់ស្តេចថា “សូមព្រះករុណាកុំខ្វល់ព្រះហឫទ័យ កុំភ័យខ្លាចអ្វីឡើយ! សូមកុំតក់ស្លុតចំពោះកំហឹងរបស់ស្តេចរេតស៊ីន និងពួកស៊ីរី ព្រមទាំងស្តេចពេកាឱ្យសោះ!។ ស្តេចទាំងពីរនេះប្រៀបបានទៅនឹងកន្ទុយអុសដែលកំពុងហុយផ្សែង តែជិតរលត់។ ស្តេចស្រុកស៊ីរី បានពួតដៃជាមួយពួកអេប្រាអ៊ីម និងស្តេចអ៊ីស្រាអែលប្រឆាំងព្រះរាជា ដោយពោលថា៖“យើងលើកគ្នាទៅច្បាំងនឹងស្រុកយូដា យើងបំភ័យគេឱ្យតក់ស្លុត ហើយវាយលុកស្រុកគេ រហូតដល់គេចុះញ៉មនឹងយើង បន្ទាប់មក យើងនឹងលើកកូន​របស់តាបេអែលឱ្យឡើងគ្រងរាជ្យលើស្រុកនោះ”។ ក៏ប៉ុន្តែ ព្រះជាអម្ចាស់មាន​ព្រះបន្ទូលដូចតទៅ «ពួកគេមិនអាចសម្រេចការទាំងនេះបានទេ ការទាំងនេះពុំអាច​កើតឡើងបានឡើយ។ ក្រុងដាម៉ាសជារាជធានីរបស់ស្រុកស៊ីរី ស្ដេចរេតស៊ីន ជាម្ចាស់​របស់ក្រុងដាម៉ាស។ ក្រុងសាម៉ារីជារាធានីរបស់ស្រុអេប្រាអ៊ីម ស្តេចពេកាជាម្ចាស់​របស់ក្រុងសាម៉ារី។ ក្នុងរវាងហុកសិបប្រាំឆ្នាំទៀត អេប្រាអ៊ីមនឹងត្រូវវិនាសសូន្យ លែងមានឈ្មោះថា ជាប្រជាជនទៀតហើយ ប្រសិនបើអ្នករាល់គ្នាមិនផ្ញើជីវិតទាំង​ស្រុងលើយើងទេនោះ អ្នករាល់គ្នាមិនអាចនៅស្ថិតស្ថេរគង់វង្សបានឡើយ»។

ទំនុកតម្កើងលេខ ៤៨ (៤៧),២-៨ បទពាក្យ ៧

២ ព្រះអម្ចាស់ជាព្រះឧត្តម ប្រសើរសក្តិសមខ្ពស់បំផុត  
  ស៊ីយ៉ូនបុរីតែមួយគត់ ភ្នំដ៏វិសុទ្ធនៃព្រះអង្គ ។
៣ ភ្នំជារបស់ព្រះអម្ចាស់ ល្អប្រណីតណាស់ឥតមានហ្មង  
  ស៊ីយ៉ូនជាកំពូលភពផង មហាក្សត្រទូទាំងភពផែនដី ។
៤ ព្រះម្ចាស់សម្តែងឱ្យដឹងថា ព្រះអង្គគឺជាកំពែងជ័យ  
  រឹងប៉ឹងមាំមួនពន់ពេកក្រៃ នៅក្នុងបុរីនោះប្រាកដ ។
៥ ស្តេចនានាច្រើនគរគោក បំណងវាយយកតាមកំណត់  
  កម្ទេចស៊ីយ៉ូនភ្នំឱ្យម៉ត់ យកឈ្នះប្រាកដតាមកម្លាំង ។
៦ ពេលដែលគេឃើញភ្នំស៊ីយ៉ូន ទើបគេភ្ញាក់ខ្លួនស្រឡាំងកាំង  
  តក់ស្លុតព្រឺព្រួចភ័យភាន់ភាំង នាំគ្នាឈប់ច្បាំងរត់ចូលព្រៃ ។
៧ គេភ័យញាប់ញ័រដូចកូនសត្វ ឈឺចាប់ពេកក្តាត់ដូចស្ត្រី  
  ហៀបនឹងសម្រាលបុត្រក្នុងផ្ទៃ ទន់ជើងទន់ដៃស្ទើររលំ ។
៨ ដូចជាខ្យល់ព្យុះបោកបក់មក ប៉ះទឹករលកបោកគគ្រឹម  
  កម្ទេចនាវាឱ្យខ្ទេចខ្ទាំ ពីទិសបស្ចឹមសែនភិតភ័យ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន៩៥,៨)

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២០-២៤) 

ពេលនោះ ព្រះយេស៊ូចាប់ផ្តើមស្តីបន្ទោសអ្នកក្រុងនានាយ៉ាងខ្លាំង ព្រោះគេបាន​ឃើញព្រះអង្គសម្តែងការអស្ចារ្យផ្សេងៗក្នុងក្រុងរបស់គេ តែគេពុំព្រមកែប្រែចិត្តគំនិត​​សោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជា​ពុំខាន។ អ្នកក្រុងបេតសៃដា អើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ូស និងអ្នកក្រុងស៊ីដូន បានឃើញការអស្ចារ្យដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះជាមិនខាន។ ហេតុនេះ ហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងទីរ៉ូស ព្រមទាំងអ្នកក្រុងស៊ីដូននឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។ អ្នក​ក្រុងកាផា នុមអើយ! កុំនឹកស្មានថា អ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹង​ធ្លាក់ទៅស្ថាននរកវិញ។ ប្រសិនបើអ្នកក្រុងសូដុមបានឃើញការអស្ចារ្យដែលកើតមាននៅកណ្តាលចំណោមអ្នករាល់គ្នា ម៉្លេះសមក្រុងសូដុមនៅស្ថិតស្ថេរគង់វង្សដរាបមកទល់សព្វថ្ងៃជាមិនខាន។ ហេតុនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃព្រះជាម្ចាស់​វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងសូដុមនឹងទទួលទោសស្រាលជាងអ្នករាល់គ្នា»។