០៦ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ២,១៦-១៨.២១-២២)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងទាក់ទាញចិត្តភរិយាដែលក្បត់ចិត្តយើង ដោយនាំនាងទៅវាលរហោស្ថាន យើងនឹងនិយាយ​លួង​លោមចិត្តនាង។ ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឱ្យនាងវិញ។ ជ្រលងភ្នំនៃអន្តរាយដែលជា​កន្លែងដ៏សែនវេទនា នឹងប្រែទៅជាទ្វារនាំនាងទៅរកសេចក្តីសង្ឃឹម។ នៅទីនោះ នាង​​នឹងឆ្លើយតបមកយើង ដូចនៅគ្រានាងនៅពីក្មេង គឺនៅគ្រាដែលនាងទើបនឹងចេញ​ពីស្រុកអេស៊ីបមក។ នៅថ្ងៃនោះ នាងនឹងហៅយើងថា៖ “ស្វាមី!” គឺនាងលែងហៅយើងថា “ព្រះ​ម្ចាស់នាងខ្ញុំ!” ទៀតហើយ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាតរៀងទៅ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយសុចរិត និង​យុត្តិធម៌ ដោយចិត្តស្រឡាញ់ និងថ្នាក់ថ្នម។ យើងនឹងដណ្តឹងនាងធ្វើជាភរិយាដោយ​ចិត្តស្មោះស្ម័គ្រ ហើយនាងនឹងទទួលស្គាល់ព្រះអម្ចាស់»។

ទំនុកតម្កើងលេខ ១៤៥ (១៤៤),២-៩ បទកាកគតិ

២ ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង តទៅរៀងរៀប
  ខ្ញុំសូមសរសើរ ព្រះនាមល្អគាប់ អស់កល្បដរាប
    រហូតតទៅ ។
៣ ព្រះម្ចាស់ឧត្តម ប្រសើរសក្តិសម ខ្ពង់ខ្ពស់ពេកកូវ
  យើងលើកតម្កើង ព្រះនាមជាផ្លូវ ពេលនេះតទៅ
    រកអ្វីផ្ទឹមគ្មាន ។
៤ សូមឱ្យមនុស្ស ទាំងស្រីទាំងប្រុស នៅគ្រប់ជំនាន់
  លើកតម្កើងស្នា ព្រះហស្តព្រះអង្គ ការអស្ចារ្យផង
    ដែលទ្រង់ប្រព្រឹត្ត ។
៥ ទូលបង្គំរាប់រៀប ពីអានុភាព បារមីមានឫទ្ធិ
  សិរីរុងរឿង ព្រះអង្គមានពិត ខ្ញុំសញ្ជឹងគិត
    គ្រប់ស្នាព្រះហស្ត ។
៦ គេនឹងថ្លាថ្លែង អានុភាពស្ញប់ស្ញែង បារមីខ្ពង់ខ្ពស់
  ទូលបង្គំក៏ថ្លែង កិច្ចការទាំងអស់ ជាស្នាព្រះហស្ត
    ទ្រង់ធ្វើហូរហែ ។
៧ គេនឹងរំឭក ទាំងថ្ងៃទាំងយប់ តទៅឥតប្រែ
  ព្រមទាំងប្រកាស ក្ដីសប្បុរសដែរ សុចរិតឥតល្ហែ
    របស់ព្រះអង្គ ។
៨ ព្រះជាអម្ចាស់ ប្រកបដោយព្រះ ហឫទ័យត្រចង់
  ប្រណីសន្តោស ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង
    អាណិតមេត្តា ។
៩ ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
  ទ្រង់មានព្រះទ័យ សន្តោសករុណា មនុស្សគ្រប់អាត្មា
    រស់ពេញផែនដី ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (២ធម ១,១០)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តយេស៊ូជាព្រះសង្គ្រោះរបស់យើង ព្រះអង្គបានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,១៨-២៦) 

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្តទៅកាន់ក្រុមសាវ័ក។ ស្រាប់​តែមាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គហើយទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃលើនាង នាងនឹងមានជីវិត​ពុំខាន»​។ ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់។ ក្រុមសាវ័កក៏ទៅជាមួយដែរ។ ពេលជាមួយគ្នានោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាម ដប់ពីរឆ្នាំមកហើយ នាងមកពី​ក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ដ្បិតនាងរិះគិតក្នុងចិត្តថា៖ «បើខ្ញុំ​​គ្រាន់តែបានពាល់អាវលោក ខ្ញុំមុខតែនឹងបានជាសះស្បើយមិនខាន»។ ព្រះយេស៊ូបែរទៅ​ក្រោយទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់​នាងបានសង្គ្រោះនាងហើយ»។ ស្រ្តីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និង​ឃើញមនុស្សម្នាជ្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញ ទៅ! ក្មេងស្រី​នេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេចំអកដាក់ព្រះអង្គគ្រប់ៗគ្នា។ កាល​ព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ ដំណឹងនេះលេចឮខ្ចរខ្ចាយ ពាសពេញតំបន់នោះទាំងមូល។