០៥ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«ក»
ពណ៌បៃតង 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះហប្ញទ័យសប្បុរសយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកទ្រទ្រង់មនុស្សលោក និងឱ្យសម្រុះសម្រួលយើងខ្ញុំឱ្យជានានឹងព្រះអង្គ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ប្រព្រឹត្តតែកិច្ចការណាដែលសមនឹងឋានៈរបស់ខ្លួនផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីសាការី (សក ៩,៩-១០)

ប្រជាជនក្រុងស៊ីយ៉ូនអើយ! ចូរមានអំណររីករាយខ្លាំងឡើង! ប្រជាជនក្រុងយេរូសាឡឹមអើយ! ចូរស្រែកហ៊ោដោយសប្បាយ! មើលហ្ន៎ ! ព្រះមហាក្សត្ររបស់អ្នកយាងមករកអ្នកហើយ។ ព្រះអង្គសុចរិត ព្រះអង្គមានជ័យជម្នះ ព្រះអង្គមានព្រះហប្ញទ័យស្លូតបូត ព្រះអង្គគង់​នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។ ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម។ ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានាអំពីសន្តិភាព។ ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាងទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ទីដាច់ស្រយាលនៃផែនដី។

ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១-២.៨-១១.១៣-១៤ បទកាកគតិ

១ បពិត្រព្រះម្ចាស់ ជាក្សត្ររបស់ រូបទូលបង្គំ
  ពេលនេះខ្ញុំកោត នាមព្រះឧត្តម អស់កល្បយូរលង់
    ជារៀងដរាប ។
២ ខ្ញុំសូមតម្កើង ព្រះអង្គខ្ពស់ឡើង តទៅរៀងរៀប
  ខ្ញុំសូមសរសើរ ព្រះនាមល្អគាប់ អស់កល្បដរាប
    រហូតតទៅ ។
៨ ព្រះជាអម្ចាស់ ប្រកបដោយព្រះ ហប្ញទ័យត្រចង់
  ប្រណីសន្តោស ករុណាហ្មត់ហ្មង អត់ធ្មត់កន្លង
    អាណិតមេត្តា ។
៩ ព្រះជាអម្ចាស់ ព្រះទ័យសប្បុរស លើមនុស្សលោកា
  ទ្រង់មានព្រះទ័យ សន្តោសករុណា មនុស្សគ្រប់អាត្មា
    រស់ពេញផែនដី ។
១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្ត្រទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ ។
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់ ។
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតយូរវស្សា ។
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ ។
១៤ ព្រះអង្គលើកស្ទួយ អ្នកហេវហត់ព្រួយ ដួលយំស្រែកថ្ងូរ
  ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
    ឱ្យល្អវិញបាន ។

អត្ថបទទី​២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ៨,៩.១១-១៣)

បងប្អូនជាទីស្រឡាញ់!
ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិនមែននៅខាងលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នក​ណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ត អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មថ្មីនោះ ទ្រង់ក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូនដែលរមែងតែងតែស្លាប់នេះ មានជីវិតដោយសារព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។ បងប្អូនអើយ! ហេតុនេះយើង មានជំពាក់ម្យ៉ាង តែមិនមែនជំពាក់ខាងលោកីយ៍ ដើម្បីរស់តាមលោកីយ៍ទៀតឡើយ។ ប្រសិនបើបងប្អូនពឹងផ្អែកលើព្រះវិញ្ញាណ ដើម្បីរំលាយរបៀបរស់នៅតាមលោកីយ៍វិញ បងប្អូនមុនតែមានជីវិត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃពិភព! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចស្គាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១១,២៥-៣០)

នៅពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលឡើងថា៖ «បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការអាថ៌កំបាំងនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហប្ញទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មានអ្នកណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហប្ញទ័យសម្តែងឱ្យស្គាល់នោះដែរ។ អស់អ្នកដែលនឿយហត់ និងលីបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឱ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន។ នឹមរបស់ខ្ញុំស្រួល ហើយបន្ទុកដែលខ្ញុំដាក់លើអ្នករាល់គ្នាក៏ស្រាលដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាដ៏មានព្រះជន្មរស់នៅអស់កល្បជានិច្ច! សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលបានមកពីកម្លាំងញើសឈាមរបស់យើងខ្ញុំ ដោយអនុគ្រោះ។ សូមបង្រួបបង្រួមមនុស្សលោកទាំងអស់ឱ្យរួមគ្នាជាធ្លុងតែមួយ ដូចសក្ការបូជានេះជាសញ្ញាសម្គាល់ស្រាប់។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់សេចក្តីពិតអំពីព្រះរាជ្យព្រះអង្គកាន់តែច្បាស់ឡើងៗ និងឱ្យយើងខ្ញុំដើរតាមគន្លងធម៌របស់ព្រះគ្រីស្តដោយចិត្តអង់អាចជានិច្ចផង។