០១ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៥,១៤-១៥.២១-២៤)

ចូរខិតខំប្រព្រឹត្តអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ នោះអ្នករាល់គ្នានឹងមានជីវិតគង់វង្ស ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់ជាមួយអ្នករាល់គ្នា ដូច​អ្នករាល់គ្នាធ្លាប់និយាយមកស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្តីដោយគតិ​យុត្តិធម៌ ប្រហែលជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអាណិតអាសូរដល់ពូជពង្សលោកយ៉ូសែបដែលនៅសេសសល់។
យើងស្អប់ខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅមក​ឱ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗដែលអ្នករាល់គ្នាយកមកធ្វើយញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើងដ៏ស្រកៀរ​ត្រចៀកនេះទៅ! យើងក៏មិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជាប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឱ្យយុត្តិធម៌ហូរចេញ​មក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត»។

ទំនុកតម្កើងលេខ ៥០ (៤៩),៧-១០.១២-១៣.១៦-១៧ បទព្រហ្មគីតិ

៧ ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត  
  អ៊ីស្រាអែលអើយកុំគិត យើងនេះពិតព្រះអ្នកហើយ ។
៨ យើងមិនស្តីបន្ទោស អ្នកទាំងអស់ដែលបានថ្វាយ  
  យញ្ញបូជាទាំងឡាយ អចិន្ត្រៃមិនដែលអាក់ ។
៩ យើងមិនត្រូវការយក គោបាមកពីផ្ទះអ្នក  
  ពពែធាត់ដល់ថ្នាក់ ពីក្រោលអ្នកនោះឡើយណា ។
១០ ដ្បិតសត្វទាំងប៉ុន្មាន ដែលធ្លាប់មានក្នុងព្រឹក្សា  
  សត្វរាប់សែននោះណា គឺសុទ្ធជាកម្មសិទ្ធិយើង ។
១២ ប្រសិនបើយើងឃ្លាន យើងនឹងហ៊ានមិនបាច់ខ្វល់  
  អ្វីៗគ្មានសេសសល់ លើសកលយើងជាម្ចាស់ ។
១៣ យើងមិនដែលត្រូវការ សាច់គោបាយើងស្អប់ណាស់  
  ហើយក្រៅអំពីនោះ យើងមិនប៉ះឈាមពពែ ។
១៦ ព្រះម្ចាស់មានបន្ទូល ទៅមនុស្សពាលឥតស្ទើរស្ទាក់  
  ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យវិន័យ ។
  ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ  
  ពាក្យសម្ពន្ធមេត្រី ជាមួយយើងដូច្នេះណា ។
១៧ ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវវាចា  
  ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យក ១.១៨)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យទៅជាផលដំបូង មុនអ្វីៗទាំងអស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៨,២៨-៣៤)

ព្រះយេស៊ូ និងក្រុមសាវ័កទៅដល់ត្រើយម្ខាងនៃបឹងទីបេរីយ៉ាដ ក្នុងតំបន់កាដារ៉ា។ ពេលនោះ មានបុរសខ្មោចចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះ​អង្គ។ បុរសទាំងពីរនេះកាច​ណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះឡើយ។ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វី​យើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំមុនពេលកំណត់ឬ?»។ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកខ្មោចអង្វរព្រះយេស៊ូ​ថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកមួយហ្វូង​នេះទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅខ្មោចថា៖ «ទៅចុះ!»។ ពួកខ្មោចក៏ចេញពី​បុរសទាំងពីរ ហើយទៅចូលក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ​តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ អ្នកថែរក្សាហ្វូងជ្រូក នាំគ្នាយករឿងនេះរត់ទៅ​ប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសខ្មោចចូលទាំងពីរនាក់នោះផង។ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកគាល់ព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរ​ព្រះអង្គឱ្យចាកចេញពីស្រុកភូមិរបស់គេ។