២៥ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១២ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ ២ពង្ស ២៤,៨-១៧

កាលព្រះបាទយ៉ូយ៉ាគីនឡើងសោយរាជ្យ ទ្រង់មានជន្មាយុដប់ប្រាំបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ ទ្រង់បានប្រព្រឹត្តអំពើអាក្រក់ដែល​មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបិតាឥតចន្លោះត្រង់ណាឡើយ។ នៅគ្រានោះ កងទ័ពរបស់ព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូនឡើងមក​ច្បាំងនឹងក្រុងយេរូសាឡឹម ហើយឡោមព័ទ្ធក្រុងនោះ។ ក្នុងពេលដែលកងទ័ពឡោម​ព័ទ្ធក្រុងយេរូសាឡឹមនោះ ព្រះចៅនេប៊ូកានេសារយាងមកបញ្ជាកងទ័ពដោយផ្ទាល់។ ពេលនោះ ព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា ពួកមន្ត្រី ពួកនាយទាហាន និងពួកមហា​តលឹក ចេញមកសុំចុះចាញ់ស្តេចស្រុកបាប៊ីឡូន។ ស្តេចស្រុកបាប៊ីឡូនចាប់អ្នកទាំង​នោះធ្វើជាឈ្លើយ នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេចផ្ទាល់។ ស្តេចស្រុកបាប៊ីឡូន​រឹបអូសយកទ្រព្យសម្បត្តិ ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង ទ្រង់វាយកម្ទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូនជាស្តេចស្រុកអ៊ីស្រាអែលបានធ្វើសម្រាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះ​កើត​មានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។ ព្រះចៅនេប៊ូកានេសារកៀរ​អ្នក្រុងយេរូសាឡឹម គឺមន្ត្រីទាំងអស់ អ្នកមុខអ្នកការទាំងអស់ ព្រមទាំងពួកសិប្បករ និងជាងដែកទាំងអស់ ដែលមានចំនួន​មួយម៉ឺននាក់យកទៅជាឈ្លើយ គឺទុកឱ្យនៅសល់តែប្រជាជនតូចតាចប៉ុណ្ណោះ។ ព្រះចៅនេប៊ូកានេសារក៏បានកៀរព្រះបាទយ៉ូយ៉ាគីន ព្រមទាំងមាតា មហេសី ស្រីស្នំ ពួកមេដឹកនាំ និងពួកមេទ័ពពីក្រុងយេរូសាឡឹមទៅ​ស្រុកបាប៊ីឡូន។ ស្តេចបានកៀរពួកអភិជនចំនួនប្រាំពីរពាន់នាក់ ព្រមទាំងពួកសិប្បករ និងជាងដែកចំនួនមួយពាន់នាក់ជាមនុស្សពេញកម្លាំង ដែលអាចច្បាំងបាន នាំទៅ​ជា​ឈ្លើយនៅស្រុកបាប៊ីឡូនផងដែរ។ ស្តេចស្រុកបាប៊ីឡូន តែងតាំងសម្តេចម៉ាតានីយ៉ា ជាព្រះបិតុលារបស់ព្រះបាទ​យ៉ូយ៉ាគីនឱ្យឡើងគ្រងរាជ្យជំនួស ហើយដូរនាមថា ព្រះបាទសេដេគីយ៉ា។

ទំនុកតម្កើងលេខ ៧៩ (៧៨),១-៥.៨-៩ បទពាក្យ ៧

បពិត្រព្រះជាអម្ចាស់អើយ ជនជាតិទាំងឡាយចូលឈ្លានពាន  
  វិហារវិសុទ្ធត្រូវរុករាន សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ
សាកសពអ្នកបម្រើព្រះអង្គ ត្រូវគេបោះបង់ឱ្យសត្វស៊ី  
  សាកសពអ្នកជឿពេញធរណី ត្រូវតិរច្ឆានស៊ីជាអាហារ
គេបានសម្លាប់ប្រជាជន ជុំវិញទីក្រុងគ្មានមេត្តា  
  ឈាមរាស្ត្រហូរក្រាលពសុធា ចាស់ក្មេងមរណាគ្មានអ្នកកប់
អ្នកស្រុកជិតខាងនាំគ្នាជេរ ប្រមាថឥតល្ហែគេលែងរាប់  
  គេសើចចំអកឡកឡឺយសព្វ រូបខ្ញុំគេស្អប់គេមើលងាយ
ឱ! ព្រះជាម្ចាស់ទូលបង្គំ ម្តេចទ្រង់សំងំដូចជិនណាយ  
  តើថ្ងៃណាទៅទើបទ្រង់ស្រាយ ពិរោធឱ្យឆ្ងាយមកស្រោចស្រង់
សូមកុំចាប់ទោសយកកំហុស ព្រោះបុព្វបុរសខ្ញុំតែម្តង  
  មេត្តាលើកទោសកំហុសឆ្គង អាណិតខ្ញុំផងដ្បិតលិចលង់
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះ សូមទ្រង់យាងចុះកុំបង្អង់  
  ដោយយល់សិរីដ៏រឿងរុង មេត្តាព្រះអង្គជួយផងណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៤,១,៧

អាលេលូយ៉ា! អាលេលូយ៉ា!
សូមអញ្ជើញមក! សូមអបអរសាទរព្រះអម្ចាស់ ដោយអំណរ! ចូរលើកតម្កើងព្រះអង្គ ដែលជាពំនឹងពំនាក់ និងជាព្រះសង្គ្រោះរបស់យើង។ ព្រះអង្គពិតជាព្រះរបស់យើងមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៧,២១-២៩) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!” ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ នៅថ្ងៃនោះ នឹងមានមនុស្ស​ជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូល​ក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញខ្មោចក្នុងព្រះនាមព្រះអង្គ យើងក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នក​រាល់គ្នាថា “ពួកអ្នកប្រព្រឹត្ត​អំពើទុច្ចរិតអើយ! ចូរថយចេញឱ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!”។ អ្នកណាស្តាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ដែលសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបី​មានភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិន​រលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្តាប់ពាក្យ​ខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឥតប្រាជ្ញាម្នាក់ ដែលសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោក​ប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់» ។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាង​ខ្លាំងអំពីសេចក្តីដែលព្រះអង្គប្រៀនប្រដៅ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាចឈ្លាសវៃ ខុសប្លែកពីពួកធម្មាចារ្យរបស់ពួកគេ។