ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ (២ពង្ស ២,១-១៤)
នៅគ្រាដែលព្រះអម្ចាស់ឱ្យខ្យល់កួចលោកអេលីឡើងទៅស្ថានបរមសុខនោះ លោកអេលី និងលោកអេលីសេ ចាកចេញពីគីលកាល់ទៅជាមួយគ្នា។ លោកអេលីមាន ប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «ចាំខ្ញុំនៅទៅនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឱ្យទៅបេតអែល»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ធ្វើដំណើរទៅបេតអែល។ មានព្យាការីមួយក្រុមនៅបេតអែល ចេញមកជួបលោកអេលីសេជម្រាបថា៖ «តើលោកជ្រាបឬទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖ «ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ លោកអេលីមានប្រសាសន៍ទៅគាត់ថា៖ «អេលីសេអើយ! ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឱ្យទៅក្រុងយេរីខូ»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏ទៅដល់ក្រុងយេរីខូ។ មានព្យាការីមួយក្រុមនៅក្រុងយេរីខូ នាំគ្នាមកជិតលោកអេលីសេជម្រាបថា៖ «តើលោកជ្រាបទេថា ថ្ងៃនេះព្រះអម្ចាស់លើកគ្រូរបស់លោកឡើងទៅលើមេឃ»។ លោកឆ្លើយថា៖«ខ្ញុំក៏ដឹងដែរ មិនបាច់ប្រាប់ទេ!»។ លោកអេលីមានប្រសាសន៍ទៅគាត់ថា៖«ចូរចាំខ្ញុំនៅទីនេះហើយ ដ្បិតព្រះអម្ចាស់ចាត់ខ្ញុំឱ្យទៅទន្លេយ័រដាន់»។ លោកអេលីសេតបថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅ និងក្នុងនាមលោកផ្ទាល់ដែលនៅមានជីវិតថា ខ្ញុំនឹងមិនឃ្លាតចាកពីលោកឡើយ»។ លោកទាំងពីរក៏បន្តដំណើរទៅមុខទៀត។ មានព្យាការីហាសិបនាក់ ដើរតាមពីក្រោយ ហើយឈរពីចម្ងាយ។ លោកទាំងពីរ ឈប់នៅមាត់ទន្លេយ័រដាន់។ ពេលនោះ លោកអេលីយកអាវធំរបស់លោកមកមូរ ហើយវាយទឹកទន្លេ ទឹកក៏ញែកចេញពីគ្នា។ លោកទាំងពីរដើរកាត់បាតទន្លេ។ កាលលោកទាំងពីរឆ្លងផុតហើយ លោកអេលីមានប្រសាសន៍ទៅកាន់លោកអេលីសេថា៖ «បើអ្នកចង់បានអ្វីពីខ្ញុំ ចូរសុំឱ្យបានមុនពេលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក!»។ លោកអេលីសេឆ្លើយថា៖ «សូមមេត្តាឱ្យវិញ្ញាណដែលស្ថិតនៅលើលោកមកសណ្ឋិតលើខ្ញុំបន្តពីលោក ទុកជាមត៌ក!»។ លោកអេលីមានប្រសាសន៍ថា៖ «សំណូមពររបស់អ្នកពិបាកណាស់! ប៉ុន្តែ ប្រសិនបើអ្នកមើលឃើញខ្ញុំក្នុងពេលដែលព្រះអម្ចាស់លើកខ្ញុំឡើងទៅឆ្ងាយពីអ្នក នោះសំណូមពររបស់អ្នកពិតជាបានសម្រេច។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមើលមិនឃើញខ្ញុំទេ សំណូមពររបស់អ្នកក៏ពុំបានសម្រេចដែរ»។ ក្នុងពេលដែលលោកទាំងពីរដើរបណ្តើរ និយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកលោកទាំងពីរឱ្យឃ្លាតចេញពីគ្នា។ ពេលនោះ ខ្យល់ក៏កួចលោកអេលីឡើងទៅស្ថានបរមសុខ។ កាលលោកអេលីសេឃើញដូច្នេះ លោកស្រែកថា៖ «លោកឪពុក! លោកឪពុកអើយ! លោកប្រៀបដូចជារទេះចម្បាំង និងទ័ពសេះរបស់អ៊ីស្រាអែល!»។ បន្ទាប់មក លោកមើលលោកអេលីលែងឃើញទៀត។ លោកយកសម្លៀកបំពាក់របស់លោកមកហែកជាពីរ រួចរើសអាវធំរបស់លោកអេលីដែលជ្រុះមកលើលោកនោះ ហើយត្រឡប់ទៅមាត់ទន្លេយ័រដាន់វិញ។ លោកអេលីសេយកអាវធំរបស់លោកអេលីវាយទឹកទន្លេ ទាំងមានប្រសាសន៍ថា៖ «តើព្រះអម្ចាស់ជាព្រះរបស់លោកអេលី គង់នៅទីណា?»។ ពេលដែលលោកវាយទឹកនោះ ទឹកក៏ញែកចេញពីគ្នា ហើយលោកដើរឆ្លងកាត់ទៅ។
ទំនុកតម្កើងលេខ ៣១ (៣០),២០-២១.២៤-២៥ បទកាកគតិ
| ២០ | បពិត្រព្រះម្ចាស់ | ព្រះទ័យសន្តោស | វិសេសថ្កើងថ្កាន |
| ដល់អ្នកគោរព | កោតខ្លាចគ្រប់ប្រាណ | មិនដែលរំខាន | |
| អ្នកជ្រកជាមួយ | ។ | ||
| ២១ | ព្រះអង្គទ្រង់លាក់ | គេនៅក្បែរភក្ត្រ | ឱ្យផុតពីព្រួយ |
| ពីមនុស្សទុច្ចរិត | ព្រះអង្គតែងជួយ | ឱ្យនៅជាមួយ | |
| ក្នុងព្រះពន្លា | ។ | ||
| ២៤ | សូមឱ្យអស់អ្នក | គោរពស្មោះស្ម័គ្រ | ព្រះម្ចាស់ជាធំ |
| នាំគ្នាស្រឡាញ់ | ព្រះខ្ពស់ឧត្តម | ការពារឧបត្ថម្ភ | |
| រក្សាអ្នកជឿ | ។ | ||
| តែព្រះអង្គដាក់ | ទោសតឹងដល់ថ្នាក់ | អ្នកគ្មានជំនឿ | |
| មនុស្សព្រហើន | កាចកោងមិនជឿ | អ្នកគ្មានជំនឿ | |
| ព្រះអង្គផ្តន្ទា | ។ | ||
| ២៥ | អស់អ្នកទុកចិត្ត | សង្ឃឹមស្មោះពិត | ព្រះម្ចាស់លោកា |
| ចូរមានកម្លាំង | ទឹកចិត្តហានក្លា | នោះព្រះមុខជា | |
| ការពារសុខសាន្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរគម្ពីរដំណឹងល្អ ទន១,២,៣,៤
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាចូលចិត្តធម៌វិន័យរបស់ព្រះអម្ចាស់ជាមនុស្សសុចរិត មានចិត្តស្រឡាញ់អាណិតមេត្តាដល់គេ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

