១៦ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ២១,១៧-២៩)

ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «ចូរក្រោកឡើង! ទៅ​ជួបអខាប់ ជាស្តេចអ៊ីស្រាអែលនៅក្រុងសាម៉ារី។ ឥឡូវនេះ អខាប់ស្ថិតនៅក្នុងចម្ការ​ទំពាំងបាយជូររបស់ណាបុតដែលខ្លួនទើបចាប់យកបាន។ អ្នកត្រូវប្រាប់អខាប់ថាព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ “ហេតុអ្វីបានជាអ្នកធ្វើឃាតគេ ហើយចាប់យកដីរបស់គេ​ថែមទៀតដូច្នេះ!។ អ្នកត្រូវពោលទៀតថា ព្រះអម្ចាស់មានព្រះបន្ទូលថា ឆ្កែបានលិទ្ធឈាមរបស់ណាបុតនៅកន្លែងណា ឆ្កែក៏នឹងលិទ្ធឈាមរបស់អ្នកនៅកន្លែងនោះដែរ”»។  ព្យាការីអេលីក៏ទៅគាល់ព្រះបាទអខាប់ ហើយស្តេចមានរាជឱង្ការមកលោកថា៖ «នែ៎សត្រូវអើយ! លោករកឃើញយើងហើយ!»។ ព្យាការីអេលីទូលថា៖ «ទូលបង្គំមកគាល់ព្រះករុណា ព្រោះព្រះករុណាលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់​។ ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឱ្យទុក្ខវេទនាកើតមានចំពោះអ្នក យើងនឹងលុបបំបាត់ពូជពង្សរបស់អ្នក យើងនឹងប្រហារប្រុសៗទាំងអស់ នៅក្នុងក្រុមគ្រួសាររបស់អខាប់ ទាំងអ្នកងារ ទាំងអ្នកជា ឱ្យអស់ពីស្រុកអ៊ីស្រាអែល។ យើងនឹងធ្វើឱ្យពូជពង្សអ្នកបានដូចពូជពង្សយេរ៉ូប៉ោម និងដូចពូជពង្សបាសា ព្រោះអ្នកបានធ្វើឱ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”​។ ព្រះអម្ចាស់មានព្រះបន្ទូលអំពីម្ចាស់ក្សត្រិយ៍យេសាបិលទៀតថា “ឆ្កែនឹងហែកស៊ីយេសាបិលនៅជើងកំពែងក្រុងយីសរេអែល។ កូនចៅរបស់អខាប់ដែលស្លាប់នៅក្នុងទីក្រុង នឹងត្រូវឆ្កែហែកស៊ី ហើយកូនចៅដែលស្លាប់នៅទីវាល ក៏នឹងត្រូវត្មាតចឹកស៊ីដែរ”។ មិនដែលមាននរណាដូចព្រះបាទអខាប់ទេ គឺទ្រង់លក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រិយ៍យេសាបិលជាមហេសី។ ស្តេចបានប្រព្រឹត្តអំពើគួរឱ្យស្អប់ខ្ពើម គឺគោរពថ្វាយបង្គំព្រះក្លែងក្លាយដូចជនជាតិអាម៉ូរី ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខប្រជាជនអ៊ីស្រាអែល។ កាលព្រះបាទអខាប់ឮព្រះបន្ទូលទាំងនោះហើយ ទ្រង់ក៏ហែកព្រះពស្ត្រចោល រួចស្លៀកបាវ និងតមអាហារ។ ពេលផ្ទំក៏ស្តេចស្លៀកបាវដែរ ហើយយាងយឺតៗ។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «អ្នកឃើញទេ! អខាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអខាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឱ្យគេរងទុក្ខវេទនាក្នុងពេលដែលគេនៅមានជីវិតទេ។ តែយើងនឹងធ្វើឱ្យទុក្ខវេទនា កើតមានចំពោះពូជពង្សរបស់គេនៅជំនាន់ក្រោយ»។

ទំនុកតម្កើងលេខ ៥១ (៥០),៣-៦.១១.១៦ បទពាក្យ ៧

ឱព្រះជាម្ចាស់ទូលបង្គំ សូមលើកទោសខ្ញុំហើយមេត្តា  
  តាមព្រះហឫទ័យករុណា លើសលប់អស្ចារ្យព្រះអង្គផង
  សូមលើកទោសឱ្យទូលបង្គំ ផុតទុក្ខក្រៀមក្រំគ្រានេះម្តង  
  ព្រះទ័យអាណិតអាសូរផង ព្រោះតែព្រះអង្គឥតមានខ្ចោះ
សូមជួយលុបលាងខ្ញុំឱ្យជ្រះ ឱ្យស្អាតស្រឡះពីកំហុស  
  ជួយជម្រះខ្ញុំស្អាតផងចុះ ឱ្យបរិសុទ្ធអស់អំពើបាប
ទូលបង្គំដាក់ខ្លួនសុំទទួល ឥតមានប្រែប្រួលសុំសារភាព  
  រូបទូលបង្គំបានសាងបាប ដិតដក់នៅជាប់ក្នុងអារម្មណ៍
ទូលបង្គំប្រព្រឹត្តអំពើទាស់ ព្រះហឫទ័យស្មោះព្រះនៃខ្ញុំ  
  ហើយបានប្រព្រឹត្តរឿងមិនសម ក្បត់ព្រះឧត្តមធ្វើពាលា
  ទោះជាព្រះអង្គដាក់ទុក្ខទោស ទៅតាមកំហុសខ្ញុំយ៉ាងណា  
  ទ្រង់នៅសុចរិតបរិសុទ្ធថ្លា ទោះជាម្តេចម្តាទ្រង់គ្មានខុស
១១ ព្រះម្ចាស់អើយសុំទតមក បាបច្រើនគរគោកខ្ញុំនោះឡើយ  
  សូមលុបកំហុសដែលមានហើយ ឱ្យបានធូរស្បើយល្អបំផុត
១៦ ឱព្រះជាម្ចាស់ព្រះសង្គ្រោះ សូមជួយរំដោះខ្ញុំពីស្លាប់  
  ខ្ញុំនឹងទន្ទេញប្រកាសប្រាប់ សុចរិតគួរគាប់នៃព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ១៣,៣៤

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មី គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក ឱ្យដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,៤៣-៤៨) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាធ្លាប់ឮសេចក្តីថ្លែងទុកមកថា “ចូរស្រឡាញ់បងប្អូនឯទៀតៗ ហើយស្អប់​ខ្មាំងសត្រូវរបស់អ្នក”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ព្រមទាំងទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរឱ្យ​អស់អ្នកដែលបៀតបៀនអ្នករាល់គ្នាផង។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងទៅ​ជាបុត្រធីតា​របស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខ ដ្បិតព្រះអង្គប្រទានឱ្យព្រះអាទិត្យរបស់​ព្រះអង្គរះបំភ្លឺ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ ហើយទ្រង់ប្រទានទឹកភ្លៀងឱ្យ​ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតផងដែរ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអ្នកដែលស្រឡាញ់អ្នករាល់គ្នា តើនឹងទទួលរង្វាន់​អ្វី? សូម្បីតែអ្នកទារពន្ធក៏ចេះស្រឡាញ់គ្នាគេដែរ។ បើអ្នករាល់គ្នារាប់រកតែបងប្អូន​របស់ខ្លួនប៉ុណ្ណោះ តើមានអ្វីដ៏អស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្តដូច្នោះដែរ។ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់គ្រប់លក្ខណ៍យ៉ាងណា សុំ​ឱ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍យ៉ាងនោះដែរ»។