០៥ មិថុនា ២០២៦

Written on 03/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី០៩ ឆ្នាំ«គូ»
 ពណ៌ក្រហម

បុណ្យរម្លឹក
សន្តបូនីហ្វាស ជាអភិបាលព្រះសហគមន៍
និងជាមរណសាក្សី

សូមចុចទីនេះ

លោកជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ វិលព្រិឌ (៦៧៣-៧៥៤)។ លោកបួសខាងក្រុមគ្រួសារសន្តបេណេឌីកតូ។ លោកទៅនាំដំណឹងល្អដល់ប្រទេសអាល្លឺម៉ង់ ដោយដើរពាសពេញស្រុកនោះ ទាំងបង្កើតអារាមជាច្រើន។ លោកឧស្សាហ៍ទាក់ទងជាមួយសម្តេចប៉ាប ដែលតែងតាំងលោកឱ្យធ្វើជាអភិបាលព្រះសហគមន៍ និងដាក់ឈ្មោះលោកថា “បូនីហ្វាស” គឺអ្នកប្រព្រឹត្តអំពើល្អ។​ ជនពាលប្រហារ​ជីវិតលោកនៅពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អ ក្នុងជន្មាយុប៉ែតសិបឆ្នាំ។

សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនលោកធីម៉ូថេ (២ធម ៣,១០-១៧)

ប្អូនជាទីស្រឡាញ់!
ប្អូនបាននៅជាមួយខ្ញុំក្នុងពេលខ្ញុំបង្រៀន ប្អូនបានឃើញកិរិយា​របស់ខ្ញុំ ឃើញគម្រោងការ ជំនឿ ការអត់ធ្មត់ ការស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ។ ប្អូនបានឃើញគេធ្វើទុក្ខបុកម្នេញខ្ញុំ និងឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅ​ក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូញុម និងក្រុងលីស្រ្តា។ ខ្ញុំបានរងទុក្ខវេទនាដោយគេធ្វើទុក្ខ​បុកម្នេញយ៉ាងខ្លាំង ក៏ប៉ុន្តែ ព្រះអម្ចាស់បានរំដោះខ្ញុំឱ្យរួចផុតពីទុក្ខទោសនេះទាំង​អស់។ អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ ដោយរួមក្នុង​ព្រះគ្រីស្តយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះ​ឯង។ រីឯមនុស្សអាក្រក់ និងអ្នកបោក​ប្រាសវិញ គេចេះតែប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឱ្យ​វង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ ចំពោះប្អូន ប្អូនត្រូវកាន់តាមសេចក្តីដែលប្អូនបានរៀន និងយកធ្វើជាគោលជំនឿឱ្យខ្ជាប់ខ្ជួនឡើង។ ប្អូនដឹងច្បាស់ហើយថា ប្អូនបានរៀនសេចក្តីទាំងនេះពីនរណាមក។ ប្អូនស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្តល់ឱ្យប្អូនមានប្រាជ្ញា ដើម្បីនឹងទទួលការសង្គ្រោះ ដោយសារ​ជំនឿលើព្រះគ្រីស្តយេស៊ូ។ គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណ​មកបំភ្លឺឱ្យតែង និងមានប្រយោជន៍សម្រាប់បង្រៀន រកខុសត្រូវ កែតម្រង់ និង​អប់រំឱ្យរស់តាមសេចក្តីសុចរិត ក្នុងគោលបំណងឱ្យអ្នកបម្រើរបស់ព្រះជាម្ចាស់ មាន​សមត្ថភាពនឹងត្រៀមខ្លួនជាស្រេច ដើម្បីប្រព្រឹត្តអំពើល្អគ្រប់ជំពូក។

ទំនុកតម្កើងលេខ ១១៩(១១៨),១៥៧.១៦០-១៦១.១៦៥-១៦៦.១៦៨ បទពាក្យ ៧

១៥៧ អ្នកដែលបៀតបៀនទូលបង្គំ មានចិត្តគួនគុំខ្ញុំជ្រក់ជ្រេញ  
  តែខ្ញុំមិនព្រមឃ្លាតបែកចេញ វិន័យពោរពេញសែនវិសុទ្ធ ។
១៦០ បន្ទូលព្រះអង្គសុទ្ធសឹងតែ ប្រាកដហូរហែពិតស្មោះត្រង់  
  ការវិនិច្ឆ័យល្អកន្លង ស្ថិតស្ថេរយូរលង់អស់កប្បកល្ប ។
១៦១ ពួកអ្នកដឹកនាំបៀតបៀនខ្ញុំ ដោយមិនសក្តិសមគ្មានហេតុផល  
  ខ្ញុំឥតទៅព្រួយឥតមានខ្វល់ មានតែបន្ទូលទើបខ្ញុំខ្លាច ។
១៦៥ អ្នកណាស្រឡាញ់វិន័យធម៌ នឹងមានជោគល្អហើយទទួល  
  បានក្តីសុខសាន្តរស់នៅស្រួល មិនជួបភ័យជ្រួលបានថ្កើងថ្កាន ។
១៦៦ ខ្ញុំជឿសង្ឃឹមថាព្រះម្ចាស់ មុខជាសង្គ្រោះខ្ញុំពុំខាន  
  ខ្ញុំសូមប្រព្រឹត្តតាមស្នាមដាន វិន័យថ្កើងថ្កាននៃព្រះអង្គ ។
១៦៨ ទូលបង្គំប្រព្រឹត្តទៅតាមច្បាប់ បញ្ជាបង្គាប់មិនអាចភ្លេច  
  អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច ឥតមានស្រពេចស្រពិលឡើយ ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១យហ ៤,៨.៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយអង្គគត់ ដែលជាព្រះអធីបតី ព្រះអង្គជាព្រះមហាក្សត្រ លើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១២,៣៥-៣៧)

នៅគ្រានោះ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ ដោយមានព្រះបន្ទូល​ថា៖ «ហេតុដូចម្តេចបានជាពួកធម្មាចារ្យនិយាយថា ព្រះគ្រីស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដូច្នេះ?។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឱ្យមាន​រាជឱង្ការថា “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្តាំ​យើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់​ព្រះអង្គ”។ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្តថា៖ “ព្រះអម្ចាស់” ដូច្នេះ តើឱ្យព្រះគ្រីស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចកើត?»។ បណ្តាជនជាច្រើនចូល​ចិត្តស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។