ថ្ងៃអាទិត្យ រដូវបុណ្យចម្លង អាទិត្យទី០៦ ឆ្នាំ«ក»
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យបង្រួបបង្រួមមនុស្សដែលបាក់បែកគ្នា ឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណព្រះអង្គឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៨,៥-៨.១៤-១៧)
លោកភីលីពជាសាវ័កម្នាក់ក្នុងក្រុមប្រាំពីរ ធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រីស្ត។ មហាជនរួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យដែលលោកបានធ្វើ គឺមានខ្មោចជាច្រើនចេញពីមនុស្សទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើសលប់។ ក្រុមគ្រីស្តទូតនៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកសិលានិងលោកយ៉ូហានឱ្យទៅជួបអ្នកទាំងនោះ។ លុះទៅដល់ស្រុកសាម៉ារី គ្រីស្តទូតទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំឱ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ ពេលនោះ លោកសិលា និងលោកយ៉ូហានដាក់ដៃលើគេ ហើយគេក៏ទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ។
ទំនុកតម្កើងលេខ ៦៦ (៦៥), ១-៧,១៦.២០ បទកាកគតិ
| ១ | ប្រជាប្រុសស្រី | នៅលើផែនដី | ទាំងអស់គ្នាអើយ |
| នាំគ្នាអបអរ | កុំបីកន្តើយ | អបអរសប្បាយ | |
| សាទរព្រះម្ចាស់ | ។ | ||
| ២ | ចូរច្រៀងតម្កើង | សិរីរុងរឿង | ព្រះនាមរបស់ |
| ព្រះម្ចាស់នៃយើង | បារមីខ្ពង់ខ្ពស់ | តម្កើងថ្កើងយស | |
| ថ្វាយដល់ព្រះអង្គ | ។ | ||
| ៣ | ចូរទូលទ្រង់ថា | បពិត្រព្រះជា | អម្ចាស់នៃយើង |
| គ្រប់ស្នាព្រះហស្ដ | វិសេសថ្កុំថ្កើង | យើងសូមលើកឡើង | |
| ឱ្យខ្ពស់ដរាប | ។ | ||
| ពួកខ្មាំងសត្រូវ | ព្រះអង្គចាំនៅ | នាំគ្នាលុតក្រាប | |
| ដោយឃើញចេស្តា | ឫទ្ធានុភាព | ព្រះអង្គរៀងរាប | |
| ធំធេងកន្លង | ។ | ||
| ៤ | មនុស្សម្នាលើដី | ទាំងប្រុសទាំងស្រី | ក្រាបថ្វាយព្រះអង្គ |
| គេនាំគ្នាច្រៀង | លើកសិរីផង | ច្រៀងបទតម្កើង | |
| ព្រះនាមល្បាញល្បី | ។ | ||
| ៥ | ចូរយើងនាំគ្នា | ពីគ្រប់ទិសា | កុំនៅធ្វើហី |
| មើលស្នាព្រះហស្ត | សុទ្ធតែប្រពៃ | ដែលទ្រង់លកលៃ | |
| ធ្វើមកមនុស្សលោក | ។ | ||
| ៦ | ទ្រង់ធ្វើឱ្យទឹក | សមុទ្រគគ្រឹក | ប្រែជារីងគោក |
| ឱ្យប្រជាជន | ដើរឆ្លងទៅមក | យើងផុតទុក្ខសោក | |
| ប្រែជាសប្បាយ | ។ | ||
| ៧ | ព្រះអង្គគ្រប់គ្រង | អស់កល្បយូរលង់ | ដោយឫទ្ធិបារមី |
| ទ្រង់ត្រួតពិនិត្យ | ប្រជាប្រុសស្រី | កុំឱ្យគ្រប់កាយ | |
| ក្រោកប្រឆាំងបាន | ។ | ||
| ១៦ | សូមអ្នកទាំងអស់ | ដែលធ្លាប់ស្ម័គ្រស្មោះ | លើព្រះគ្មានហ្មង |
| ខ្ញុំនឹងរៀបរាប់ | គ្រប់កិច្ចដែលទ្រង់ | មានមកកន្លង | |
| មកលើរូបខ្ញុំ | ។ | ||
| ២០ | សូមថ្កើងព្រះម្ចាស់ | ខ្ពង់ខ្ពស់ពេកណាស់ | ដោយចិត្តស្មោះសរ |
| ទ្រង់ពុំបដិសេធ | ពាក្យខ្ញុំអង្វរ | ទ្រង់ប្រទានពរ | |
| ដល់ខ្ញុំជានិច្ច | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា (១សល ៣,១៥-៨)
បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវទទួលស្គាល់ព្រះគ្រីស្តទុកជាព្រះអម្ចាស់ដ៏វិសុទ្ធតែមួយក្នុងចិត្តបងប្អូន។ ត្រូវប្រុងប្រៀបខ្លួន ឆ្លើយតទល់នឹងអស់អ្នកដែលសាកសួរអំពីសេចក្តីសង្ឃឹមរបស់បងប្អូននោះជានិច្ច ប៉ុន្តែ ត្រូវឆ្លើយទៅគេដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឱ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រីស្តត្រង់ចំណុចណាមួយ បែរជាត្រូវខ្មាស់ទៅវិញ។ សូវរងទុក្ខដោយប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់ ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យយ៉ាងនេះ។ សូម្បីតែព្រះគ្រីស្តក៏ព្រះអង្គបានសោយទិវង្គតម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតបានសោយទិវង្គតជាប្រយោជន៍ដល់មនុស្សទុច្ចរិត ដើម្បីនាំបងប្អូនទៅថ្វាយព្រះជាម្ចាស់។ កាលព្រះអង្គមានឋានៈជាមនុស្ស ទ្រង់ត្រូវគេធ្វើគុត តែព្រះជាម្ចាស់បានប្រោសព្រះអង្គឱ្យមានព្រះជន្មវិញ ដោយសារព្រះវិញ្ញាណ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៤,៦.៩)
អាលេលូយ៉ា! អាលេលូយ៉ា!
ចូររួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធផ្តល់សក្ខីភាពថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៤,១៥-២១)
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមវិន័យរបស់ខ្ញុំ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះជួយការពារមួយអង្គទៀត ឱ្យគង់នៅជាមួយអ្នករាល់គ្នាជាដារាបតរៀងទៅ។ ព្រះអង្គជាព្រះវិញ្ញាណដែលសម្តែងសេចក្តីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឱ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំ ព្រោះខ្ញុំមានជីវិត ហើយអ្នករាល់គ្នាក៏នឹងមានជីវិតដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ អ្នកណាមានវិន័យរបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឱ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត ចំពោះព្រះអង្គ រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណយាងមកញ៉ាំងតង្វាយទាំងនេះឱ្យបានគាប់ហឫទ័យព្រះអង្គ និងឱ្យបានទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រា ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយរួមជាមួយព្រះគ្រីស្តជាអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តប្រទានជីវិតថ្មីឱ្យយើងខ្ញុំដែលជឿសង្ឃឹមលើព្រះអង្គ។ ទ្រង់បង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ឱ្យចូលក្នុងព្រះសហគមន៍តែមួយ។ ព្រះសហគមន៍ក៏ទទួលឫទ្ធិបារមីពីព្រះវិញ្ញាណដែរ ដើម្បីបង្ហាញធម៌មេត្តាការុណារបស់ព្រះអង្គសព្វថ្ងៃនេះ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ដោយព្រះអង្គប្រោសព្រះយេស៊ូ ឱ្យមានព្រះជន្មថ្មីដ៏រុងរឿង ព្រះអង្គក៏ប្រទានជីវិតថ្មីឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណព្រះអង្គឱ្យបង្ហាញសេចក្តីពិតដល់យើងខ្ញុំផង។ សូមព្រះវិញ្ញាណណែនាំយើងខ្ញុំ ឱ្យរស់នៅយ៉ាងសមរម្យនឹងឋានៈរបស់ខ្លួន ជាបុត្រធីតារបស់ព្រះអង្គផង។

