០៦ ឧសភា ២០២៦

Written on 14/06/2026
Sokhorn Oem

ថ្ងៃពុធ រដូវបុណ្យចម្លង អាទិត្យទី០៥
ពណ៌ស 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានបង្កើតមនុស្សឱ្យមានលក្ខណៈដ៏ប្រសើរ ដូចព្រះអង្គ។ ដោយ​ព្រះអង្គ​ប្រោសព្រះយេស៊ូឱ្យមានសិរីរុងរឿង ព្រះអង្គក៏បើកផ្លូវយើងខ្ញុំអាចស្គាល់ព្រះអង្គបាន។ សូម​ទ្រង់ព្រះមេត្តា​បំភ្លឺចិត្ត​គំ​និត​​​យើងខ្ញុំ និងចិត្តគំនិតមនុស្សគ្រប់ជាតិសាសន៍ឱ្យស្គាល់ព្រះអង្គ និងនាំគ្នាគោរពថ្វាយបង្គំព្រះអង្គតាមប្រពៃណី​រៀង​ៗខ្លួនផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៥,១-៦)

នៅគ្រានោះ មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅបងប្អូនគ្រីស្តបរិស័ទនៅក្រុងអន់ទីយ៉ូក​ថា៖ «ប្រ​សិ​ន​បើបងប្អូនមិនទទួលពិធីកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេនោះ បងប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះបានឡើយ»។ លោកប៉ូល និងលោក​បារណាបាសប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំង​ជជែក​វែក​ញែក​ជា​មួយពួកគេយ៉ាងខ្លាំង។ បងប្អូនសម្រេចចិត្តចាត់លោកប៉ូល និងលោកបារ​ណាបាសឱ្យទៅក្រុងយេរូសាឡឹម ដោយ​មានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឱ្យទៅជម្រាបក្រុមគ្រីស្តទូត និងក្រុមព្រឹទ្ធាចារ្យអំពីរឿងនេះ។ ព្រះសហគម​ន៍​បាន​ជួយឧបត្ថម្ភពួកលោកក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស៊ី ស្រុកសាម៉ារី ទាំង​រៀប​រាប់ប្រាប់ពួកបង​ប្អូន​យ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះ ធ្វើឱ្យបងប្អូនមានអំណរ​សប្បាយ​យ៉ាងខ្លាំងគ្រប់ៗគ្នា។ កាលមកដល់ក្រុងយេរូសាឡឹមហើយ ព្រះសហគមន៍ ក្រុមគ្រីស្តទូត និងក្រុម​ព្រឹទ្ធា​ចារ្យ​នាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មានដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ពេលនោះ មានបងប្អូន​ខ្លះខាង​គណៈ​ផារីស៊ីដែលជាអ្នកជឿ នាំគ្នាក្រោកឈរឡើងពោលថា៖ «ត្រូវតែធ្វើពិធីកាត់ស្បែកឱ្យសាសន៍ដទៃ ហើយត្រូវ​បង្គាប់​​គេឱ្យប្រតិបត្តិតាមធម្មវិន័យរបស់លោកម៉ូសេដែរ»។ ក្រុមគ្រីស្តទូត និងក្រុមព្រឹទ្ធាចារ្យក៏ប្រជុំគ្នា ដើម្បីពិនិត្យ​ពិច័យមើលសំណុំរឿងនេះ។

ទំនុកតម្កើងលេខ ១២២ (១២១),១-៥ បទកាកគតិ

គេប្រាប់ខ្ញុំថា យើងនាំគ្នីគ្នា ទៅព្រះដំណាក់
  ទីដែលព្រះជា អម្ចាស់គង់ស្នាក់ ល្អឥតមានអាក់
    ខ្ញុំសប្បាយក្រៃ
យេរូសាឡឹម ភ័ក្រ្តអ្នកប៉ប្រិម ឥតមានទើសទាស់
  យើងនាំគ្នាឈាន ជើងចូលដល់ដី ដល់ទ្វារបុរី
    នៃអ្នកហើយណា
យេរូសាឡឹម ជាក្រុងមួយធំ សែនស្រស់សង្ហា
  ដែលសង់ឡើងបាន រឹងមាំអស្ចារ្យ កំពែងពាំងការ
    ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធ នានារួសរាន់ នាំគ្នាមកស្ថិត
  ច្រៀងលើកតម្កើង ព្រះម្ចាស់មានឫទ្ធិ តាមច្បាប់នៃជាតិ
    ជនអ៊ីស្រាអែល
ទីនេះក៏មាន បល្ល័ង្កថ្កើងថ្កាន នៃរាជវង្សដែល
  ជាស្តេចដាវីឌ បារមីក្រាស់ក្រែល គ្រប់គ្រងក្រវែល
    រាស្រ្តដោយយុត្តិធម៌

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (រម ៧,៤)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងស្ថិតជាប់ ស្ថិតនៅជាមួយព្រះ​គ្រីស្តដែលមានព្រះជន្មរស់ឡើងវិញ ដើម្បី​បង្កើត​ផល​ថ្វាយ​សិរីរុង​រឿង​ព្រះជាម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៥,១-៨)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖ «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចំការ។ មែកណានៅជាប់នឹងខ្ញុំ តែ​​ឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឱ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឱ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់​គ្នា​ពុំអាច​បង្កើត​ផល​បាន​ទាល់​តែសោះ​។ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅ​ជាប់​នឹងអ្នកនោះ ទើបអ្នកនោះបង្កើត​ផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ អ្នកណា​មិន​ស្ថិត​នៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបបាននឹងមែកដែលគេ​បោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេ​រើស​​មែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់​នឹង​អ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួល​ជាមិន​ខាន​។ ​ព្រះ​បិតារបស់ខ្ញុំសម្តែងសិរីរុងរឿងដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយ​អ្នក​រាល់​គ្នា​ជា​សិស្សរបស់ខ្ញុំមែន»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំ​នាំ​គ្នាចូលរួម​ជា​មួយ​ព្រះបុត្រា​ព្រះអង្គ​ ដែលបាន​បូជា​ព្រះជន្ម​ថ្វាយព្រះអង្គ សូមទ្រង់ព្រះមេត្តាលើកទឹកចិត្តយើងខ្ញុំ ក្នុងពេលព្រះអង្គជម្រះយើងខ្ញុំឱ្យបានបរិសុទ្ធ។ សូម​ឱ្យ​យើង​ខ្ញុំភ្ជាប់ចិត្តជាមួយព្រះយេស៊ូជានិច្ចផង គឺព្រះយេស៊ូមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែង​តរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានទាំងព្រះបន្ទូល ទាំងព្រះកាយរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំស្ថិតនៅជាប់នឹងព្រះគ្រីស្ត និងឱ្យព្រះគ្រីស្តស្ថិតនៅជាប់ជាមួយយើងខ្ញុំដែរ។ សូមឱ្យយើងខ្ញុំអាចបង្កើតផល ដែលសម្តែងសិរីរុងរឿងរបស់ព្រះអង្គសព្វថ្ងៃនេះផង។