០៨ ឧសភា ២០២៦

Written on 12/06/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវបុណ្យចម្លង អាទិត្យទី០៥
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គលើកព្រះយេស៊ូឱ្យ​ទទួលសិរីរុង​រឿង ព្រះអង្គ​បានប្រោសឱ្យមនុ​ស្ស​​​​គ្រប់​ជាតិ​សាសន៍​ទៅ​ជាបុត្រធីតារបស់ព្រះអង្គ។ សព្វថ្ងៃ ព្រះអង្គណែនាំ​ព្រះសហគមន៍​ឱ្យរួបរួម​គ្នា​ជាធ្លុង​តែ​មួយ ​ដោ​យ​​សេចក្តីស្រឡាញ់។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទធ្វើសញ្ញាសម្គាល់​នៃ​គម្រោង​​​ការដ៏​អស្ចារ្យរបស់ព្រះអង្គផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៥,២២-៣១)

ពេលនោះ ក្រុមគ្រីស្តទូត ក្រុមព្រឹទ្ធាចារ្យ និងព្រះសហគមន៍ទាំងមូលយល់ឃើញថា គួរតែ​ជ្រើស​យក​បង​ប្អូន​ខ្លះក្នុងចំណោមពួកគេជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់ឱ្យទៅក្រុងអន់ទីយ៉ូក​ជាមួយលោក​ប៉ូល និងលោក​បារ​ណា​បាស។ គេជ្រើសយកលោកយូដាស​ហៅ “បារសាបាស” និងលោកស៊ីឡាស។ ព្រះសហគមន៍​ប្រគល់​សំបុត្រមួយឱ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្តីដូចតទៅនេះ៖ «យើងជាគ្រីស្តទូត ជា​ព្រឹទ្ធាចារ្យ និងជាបងប្អូន សូម​ជម្រាបសួរមកបងប្អូនជាសាសន៍ដទៃដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកស៊ីលីស៊ី។ យើងបានទទួលដំណឹងថា មានពួកយើងខ្លះនាំឱ្យបងប្អូនជ្រួលច្របល់មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន​ បណ្តា​ល​​​ឱ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងពុំបានចាត់អ្នកទាំងនោះឱ្យមកទេ។ យើងទាំង​អស់​គ្នាបាន​សម្រេច​ចិត្ត​ជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឱ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង​ជាអ្នកដែលសុខចិត្តបូជាជីវិតបម្រើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់របស់យើង។ ហេតុនេះយើងសុំ​ចាត់លោក​យូ​ដាស​ និងលោកស៊ីឡាសឱ្យនាំពាក្យដដែលនេះយក​មកជម្រាបបងប្អូនស្តាប់ផ្ទាល់តែម្តង។ ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ និង​យើងយល់ឃើញថា មិនគួរយកវិន័យណាផ្សេងទៀត ដែលមិនចាំបាច់​មកបង្ខំបងប្អូនឱ្យប្រតិបត្តិតាមឡើយ ។ យើងគ្រាន់តែសុំឱ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែល​សែនព្រះក្លែងក្លាយ កុំបរិភោគ​ឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និងកុំរួមរស់ជាមួយគ្នាដោយមិនបានរៀបការ។ ប្រសិន​បើ​បង​ប្អូនប្រតិបត្តិដូច្នេះ​បាននោះ ប្រពៃហើយ!។ សូមឱ្យបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត!»។ ពួកអ្នកតំ​ណាងក៏លាគេចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេ​អាន​សំបុត្រ ហើយគេមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះលើកទឹកចិត្តពួកគេ។

ទំនុកតម្កើងលេខ ៥៧ (៥៦), ៨-១២ បទកាកគតិ

៨ បពិត្រព្រះម្ចាស់ ខ្ញុំទុកចិត្តច្បាស់ លើទ្រង់ក្រៃលែង
  ទុកចិត្តទាំងស្រុង បារមីជាក់ស្តែង ខ្ញុំសូមសម្តែង
    បទទំនុកថ្មី ។
៩ ព្រលឹងខ្ញុំអើយ កុំនៅកន្តើយ ប្រញាប់ឃ្មាតខ្មី
  ឱ! ឃឹមនិងពិណ កុំនៅឆ្មើងឆ្មៃ បន្លឺបទថ្មី
    ដាស់ថ្ងៃឱ្យរះ ។
១០ ឱ!ព្រះម្ចាស់អើយ ទូលបង្គំនេះហើយ នឹងតម្កើងព្រះ
  នៅក្នុងចំណោម ប្រជាទាំងអស់ លើកព្រះដោយស្មោះ
    ឱ្យជាតិផ្សេងយល់ ។
១១ ដ្បិតព្រះហឫទ័យ ករុណាប្រណី ព្រះម្ចាស់ខ្ពស់ដល់
  ទៅលើផ្ទៃមេឃ ឥតមានកិច្ចកល បារមីខ្ពស់ដល់
    វេហាស៌អាកាស ។
១២ ព្រះជាម្ចាស់អើយ កុំនៅកន្តើយ បង្ហាញឱ្យច្បាស់
  បារមីឧត្តុង ឧត្តមត្រចះ ព្រះខ្ពង់ខ្ពស់ណាស
    នៅលើមេឃា ។
  សូមឱ្យសិរី រុងរឿងថ្លាថ្លៃ ភ្លឺមហិមា
  រស្មីចែងចាំង នៅលើវេហាស៌ ភ្លឺខ្លាំងអស្ចារ្យ
    លើដីទាំងមូល ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១៣,៣៤)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានប្រទានវិន័យថ្មីដល់​យើងគឺ៖ “អ្នករាល់គ្នាត្រូវស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូចខ្ញុំបាន​ស្រឡាញ់អ្នករាល់គ្នាដែរ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៥,១២-១៧)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់​ក្រុម​សាវ័ក​ថា៖ «វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបាន​ស្រឡាញ់​អ្នករាល់​គ្នាដែរ។ គ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំង​ជាងអ្នកដែល​ស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើ​អ្នក​រាល់គ្នាប្រព្រឹត្តតាមសេចក្តីដែលខ្ញុំបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិន​ចាត់ទុក​អ្នករាល់​គ្នា​ជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុក​អ្នករាល់​គ្នា​ជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យអ្នករាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់​គ្នា​ទេ​ដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើត​ផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូម​ពីព្រះបិតាក្នុងនាម​ខ្ញុំ ព្រះ​អង្គ​នឹងប្រទានឱ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្តីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នាអរព្រះគុណព្រះអង្គ ដោយរួម​ជាមួយ​ព្រះយេស៊ូ​ជា​ព្រះបុត្រាដែលមានព្រះហឫទ័យស្រឡាញ់ រហូតដល់ស៊ូប្តូរជីវិតសម្រាប់យើងខ្ញុំ។ យើងខ្ញុំសូមថ្វាយខ្លួនទៅព្រះអង្គរួមជាមួយព្រះយេស៊ូ ដែលគង់នៅជាមួយព្រះបិតា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូមានព្រះបន្ទូលឱ្យយើងខ្ញុំដឹងសេចក្តីដែលទ្រង់បានឮ​ពីព្រះបិ​តា​មក ទ្រង់ក៏បានសម្តែងសេចក្តីស្រឡាញ់ដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំស្គាល់ផង។ សូមទ្រង់ព្រះមេត្តា​ប្រោសប្រទានឱ្យយើងខ្ញុំចេះស្រឡាញ់គ្នាទៅវិញ ទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើងខ្ញុំដែរ។