០៥ ឧសភា ២០២៦

Written on 15/06/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវបុណ្យចម្លង អាទិត្យទី០៥
ពណ៌ស 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ ​ព្រះអង្គបាន​ប្រ​ទាន​ឱ្យយើងខ្ញុំមានជីវិតអស់កល្បជានិច្ច។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តី​សង្ឃឹមរបស់​យើងខ្ញុំ​ជាប្រជារាស្រ្ត​ព្រះ​អង្គ សូមលើកទឹកចិត្តយើងខ្ញុំឱ្យមានសេចក្តីក្លាហាន អាចពុះពារឧបសគ្គនានា សូមឱ្យយើងខ្ញុំចូលក្នុងព្រះរាជ្យព្រះអង្គតា​មព្រះបន្ទូលសន្យាផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៤ ,១៩-២៨)

ពេលលោកប៉ូល និងលោកបារណាបាសនៅក្រុងលីស្ត្រា មានជនជាតិយូដាមកពីក្រុងអន់​ទីយ៉ូក​ និង​ក្រុង​អ៊ីកូញុមទាក់ទាញចិត្តមហាជនឱ្យចូលទៅខាងគេ ហើយយកដំថ្មគប់សម្លាប់លោកប៉ូល រួច​អូស​យក​ទៅចោល​នៅ​ខាង​ក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។ ប៉ុន្តែ ក្រុមសាវ័ក​នាំគ្នា​មកជុំវិញ​លោក លោក​ក៏​ក្រោ​ក​​ឡើងវិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌែរបេជាមួយលោ​កបារណា​បាស។ លោកទាំងពីរប្រកាសដំណឹងល្អនៅក្រុងឌែរបេ ហើយណែនាំមនុស្សជាច្រើនឱ្យធ្វើជាសាវ័ក។ បន្ទាប់មក លោក​ទាំង​ពីរ​វិលទៅក្រុងលីស្ត្រា ក្រុងអ៊ីកូញុម និងក្រុងអន់ទីយ៉ូកវិញ។ លោកដាស់តឿនក្រុមសាវ័កឱ្យតាំងចិត្តមាំមួន និងលើក​ទឹកចិត្តគេឱ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឱ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់»។ លោកតែងតាំងពួកព្រឹទ្ធាចារ្យនៅតាមព្រះសហគមន៍នីមួយៗ។ លុះអធិដ្ឋាននិងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើក្រុមសាវ័កទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។ បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌី មកដល់ស្រុកប៉មភីលី។ លោកប្រកាស​ព្រះ​បន្ទូល​នៅក្រុងពែរកេ រួចលោកនាំគ្នាចុះទៅក្រុងអត្តាលី។ នៅទីនោះ លោកនាំគ្នាចុះសំពៅ​វិលត្រឡប់​មកក្រុង​អន់​ទី​យ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយដែលព្រះសហគមន៍បាន​ផ្ញើលោកទាំងពីរទៅលើ​ព្រះហឫទ័យ​ប្រណី​សន្តោ​ស​របស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។ កាលលោកទាំងពីរមកដល់ លោកប្រមូលព្រះសហគមន៍ឱ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការ​ទាំង​ប៉ុន្មាន​ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឱ្យសាសន៍ដទៃជឿ។ បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះជាមួយក្រុមសាវ័កអស់រយៈពេលដ៏យូរ។

ទំនុកតម្កើងលេខ ១៤៥ (១៤៤), ១០-១៣.៣.២១ បទកាកគតិ

១០ បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្រ្តទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ ។
១១ គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់ ។
១២ ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច ។
១៣ ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតនៅយូរយា ។
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ ។
៣ ព្រះម្ចាស់ឧត្តម ប្រសើរសក្តិសម ខ្ពង់ខ្ពស់ពេកកូវ
  យើងលើកតម្កើង ព្រះនាមជាផ្លូវ ពេលនេះតទៅ
    រកអ្វីផ្ទឹមគ្មាន ។
២១ ខ្ញុំសូមថ្លែងឡើង សរសើរតម្កើង គ្មានចិត្តលាក់លួច
  តម្កើងព្រះម្ចាស់ សត្វលោកធំតូច ទាំងអស់ជួយលើក
    ព្រះនាមព្រះអង្គ ។
  ព្រះម្ចាស់វិសុទ្ធ ប្រសើរពេកពិត ឥតមានសៅហ្មង
  ទ្រង់នៅគ្រងរាជ្យ អស់កល្បយូរលង់ អង្វែងទៅផង
    ដរាបរៀងអើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ២៤,៤៦.២៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាក ហើយតើនឡើងពីចំណោមមនុស្សស្លាប់ ដើម្បីនឹង​​ចូល​ទៅទទួលសិរីរុងរឿង​​​របស់​ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៤ ,២៧-៣១)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅ​កាន់​ក្រុម​សាវ័ក​ថា៖ «ខ្ញុំទុកសេចក្តីសុខសាន្តឱ្យអ្នករាល់គ្នា គឺខ្ញុំផ្តល់សេចក្តីសុខសាន្តរបស់ខ្ញុំឱ្យអ្នករាល់គ្នា។ សេចក្តីសុខ​សាន្ត​ដែលខ្ញុំផ្តល់ឱ្យនេះ មិនដូចសេចក្តីសុខសាន្តដែលមនុស្សលោកឱ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឱ្យសោះ។ អ្នក​រាល់​គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់​គ្នា​ស្រឡា​ញ់​ខ្ញុំ អ្នករាល់គ្នាមុខជាសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈ​ធំជាង​ខ្ញុំ។ ​ខ្ញុំប្រាប់ឱ្យអ្នករាល់​គ្នា​ដឹង​ឥ​ឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ​។ ខ្ញុំមិននិយាយជាមួយអ្នករាល់គ្នាបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាច​អ្វី​លើ​ខ្ញុំ​ទេ តែ​វាមកដូច្នេះ ជាឱកាសឱ្យមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតា ហើយខ្ញុំសុខចិត្ត​ធ្វើតាម​បង្គាប់​របស់​ព្រះ​អង្គ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំសូមនឹករឭកអំពីព្រះយេស៊ូសោយ​ទិវង្គត​ និង​ទទួល​សិរីរុង​រឿង អង្វរព្រះបិតាឱ្យយើងខ្ញុំ។ សូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំបានទទួលព្រះកាយព្រះយេស៊ូគ្រីស្តជាព្រះបុត្រា ដែលគង់ខាង​ស្តាំ​ព្រះ​អង្គ និងដែលគង់នៅជាមួយយើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាការពារយើងខ្ញុំ កុំឱ្យ​ចាញ់​កា​រ​ល្បួង​នៃ​ចៅ​ហ្វាយ​លោកី​យ៍​នេះ សូមឱ្យយើងខ្ញុំធ្វើតាមបង្គាប់ព្រះអង្គជានិច្ចផង។