២២ មេសា ២០២៦

Written on 28/06/2026
Sokhorn Oem

ថ្ងៃពុធ រដូវបុណ្យចម្លង អាទិត្យទី០៣
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គណែនាំ និងគាំទ្រព្រះសហគមន៍ឱ្យលូតលាស់ជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រទានជំនឿឱ្យយើងខ្ញុំ កុំឱ្យយើងខ្ញុំអស់សង្ឃឹមនៅគ្រាពិបាក សូមឱ្យយើងខ្ញុំសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្ម​រស់​ឡើងវិញ​ផង​។ ​ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៨,១-៨)

តាំងពីថ្ងៃដែលជនជាតិយូដាប្រហារជីវិតលោកស្ទេផានមក ព្រះសហគមន៍​នៅក្រុងយេរូសាឡឹមត្រូវគេបៀត​បៀន​ជាខ្លាំង អ្នកជឿទាំង​ប៉ុន្មាន លើកលែង​តែក្រុមគ្រីស្តទូតចេញបាក់បែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចា​ស់ នាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។ រីឯ​លោក​សូលវិញ លោកខំប្រឹងរំលាយ​ព្រះសហគមន៍ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់អ្នកជឿទាំងប្រុស ទាំងស្រី​យកទៅឃុំឃាំង។ ក្រុមសាវ័កដែលបែកខ្ញែកគ្នានោះធ្វើដំណើរពីកន្លែង​មួយ​ទៅកន្លែងមួយ ទាំងនាំ​ដំណឹង​ល្អអំពី​ព្រះ​បន្ទូល។ លោកភីលីពធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រីស្ត។ មហាជន​រួមចិត្តគំនិតគ្នា ពេញចិត្តនឹងពាក្យសំដីរបស់លោកភីលីព ព្រោះគេបានឮ​លោក​មានប្រសាសន៍ និងបាន​ឃើញ​ទីសម្គាល់ដ៏អស្ចារ្យដែលលោកធ្វើ គឺមានខ្មោច​ជាច្រើន​ចេញ​ពីមនុស្សទាំង​ស្រែក​ខ្លាំងៗ និងមាន​មនុស្សខ្វិន ​មនុស្ស​ស្លាប់ដៃ​ជើងជាច្រើនបានជា។ ប្រជាជននៅក្រុងនោះមានអំណរសប្បាយដ៏លើស​លប់។

ទំនុកតម្កើងលេខ ៦៦(៦៥), ១-៧ បទកាកគតិ

 

ប្រជាប្រុសស្រី នៅលើផែនដី ទាំងអស់គ្នាអើយ
  នាំគ្នាអបអរ កុំបីកន្តើយ អបអរសប្បាយ
    សាទរព្រះម្ចាស់
ចូរច្រៀងតម្កើង សិរីរុងរឿង ព្រះនាមរបស់
  ព្រះម្ចាស់នៃយើង បារមីខ្ពង់ខ្ពស់ តម្កើងថ្កើងយស
    ថ្វាយដល់ព្រះអង្គ
ចូរទូលទ្រង់ថា បពិត្រព្រះជា អម្ចាស់នៃយើង
  គ្រប់ស្នាព្រះហស្ត វិសេសថ្កុំថ្កើង យើងសូមលើកឡើង
    ឱ្យខ្ពស់ដរាប
  ពួកខ្មាំងសត្រូវ ព្រះអង្គចាំនៅ នាំគ្នាលុតក្រាប
  ដោយឃើញចេស្តា ឫទ្ធានុភាព ព្រះអង្គរៀងរាប
    ធំធេងកន្លង
មនុស្សម្នាលើដី ទាំងប្រុសទាំងស្រី ក្រាបថ្វាយព្រះអង្គ
  គេនាំគ្នាច្រៀង លើកសិរីផង ច្រៀងបទតម្កើង
    ព្រះនាមល្បាញល្បី
ចូរយើងនាំគ្នា ពីគ្រប់ទិសា កុំនៅធ្វើហី
  មើលស្នាព្រះហស្ត សុទ្ធតែប្រពៃ ដែលទ្រង់លកលៃ
    ធ្វើមកមនុស្សលោក
ទ្រង់ធ្វើឱ្យទឹក សមុទ្រគគ្រឹក ប្រែជារីងគោក
  ឱ្យប្រជាជន ដើរឆ្លងទៅមក យើងផុតទុក្ខសោក
    ប្រែជាសប្បាយ
ព្រះអង្គគ្រប់គ្រង អស់កល្បយូរលង់ ដោយឫទ្ធិបារមី
  ទ្រង់ត្រួតពិនិត្យ ប្រជាប្រុសស្រី កុំឱ្យគ្រប់កាយ
    ក្រោកប្រឆាំងបាន

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (រម៦,៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តមានសិរីរុងរឿងហើយ! ព្រះអង្គលែងសោយទិវង្គតហើយ! មច្ចុរាជគ្មានអំណាចលើព្រះអង្គទៀតទេ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,៣៥-៤០) 

ក្រោយពីព្រះយេស៊ូប្រទាននំប័ុងឱ្យបណ្តាជន ព្រះអង្គមានព្រះបន្ទូលថា៖ ​«ខ្ញុំ​នេះហើយជាអាហារដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ​ អ្នកណាជឿលើខ្ញុំក៏លែងស្រេកទៀតដែរ។ ប៉ុន្តែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា “អ្នករាល់គ្នាបានឃើញ តែអ្នករាល់គ្នាមិនជឿទេ”។ អស់អ្នក​ដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែល​មករកខ្ញុំជាដាច់ខាត ដ្បិតខ្ញុំចុះពីស្ថានបរមសុខមកដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលចាត់ខ្ញុំឱ្យមក គឺពុំមែនធ្វើតាមបំណងចិត្តរបស់ខ្ញុំទេ។ រីឯ​ព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះ ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ក្នុងបណ្តាលអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្តរាយឡើយ តែព្រះអង្គ​សព្វព្រះហឫទ័យឱ្យខ្ញុំប្រោសគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយ​បំផុត។ ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យឱ្យអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច។ ខ្ញុំក៏នឹងប្រោសអ្នកនោះឱ្យ​មានជីវិតដ៏ពេញលេញនៅថ្ងៃចុងក្រោយបំផុតផង»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត និងជាព្រះបិតាយើងខ្ញុំ! ព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងក្រៃលែង គឺព្រះអង្គប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គដល់អស់អ្នកដែលជឿសង្ឃឹមលើព្រះបុត្រាព្រះអង្គ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យសុខចិត្តថ្វាយខ្លួនទៅព្រះអង្គ ដោយរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដ្បិតព្រះអង្គបានប្រទានជំនឿលើព្រះយេស៊ូជាព្រះបុត្រាឱ្យយើងខ្ញុំ។ ព្រះយេស៊ូក៏មិនបោះបង់ចោលអ្នកណាដែលមករកព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំមានជំនឿកាន់តែមាំមួនឡើង ព្រមទាំងប្រព្រឹត្តតាមជំនឿនេះផង។