១៤ មេសា ២០២៦

Written on 06/07/2026
Sokhorn Oem

ថ្ងៃអង្គារ សប្តាហ៍បុណ្យចម្លង អាទិត្យទី០២
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានសម្តែងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ ដោយប្រោសព្រះយេស៊ូឱ្យទទួលសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំជាព្រះសហគមន៍ឱ្យបង្ហាញឫទ្ធានុ​ភាព​នេះ​ដល់មនុស្សលោកសព្វថ្ងៃនេះដែរ! សូមឱ្យយើងខ្ញុំបង្កើតផលស្របតាមជីវិតថ្មីដែល​ព្រះអង្គ​បាន​ប្រទាន​ឱ្យ​យើង​ខ្ញុំផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៤,៣២-៣៧)

អ្នកជឿទាំងអម្បាលម៉ានមានចិត្តថ្លើមតែមួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្តិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្តិរួមទាំងអស់។ ក្រុមគ្រីស្តទូតបានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្តល់សក្ខីភាពអំពីព្រះអម្ចាស់​យេស៊ូទទួលព្រះជន្មថ្មី។ ព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់ដល់ពួកគេទាំងអស់គ្នា។ ក្នុងចំណោមពួក​គេ គ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លីឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ យកប្រាក់មកជូនក្រុមគ្រីស្តទូត។ បន្ទាប់មក អ្នកជឿទាំងអស់ទទួលចំណែកតាមសេចក្តីត្រូវការរៀងៗខ្លួន។ មានបុរសម្នាក់ឈ្មោះយ៉ូសែប ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស។ ក្រុមគ្រីស្តទូតដាក់ឈ្មោះគាត់ថា “បារណាបាស” (ឈ្មោះនេះមានន័យថា” អ្នកលើកទឹកចិត្តគេ”)។ គាត់លក់ចម្ការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមគ្រីស្តទូតដែរ។

ទំនុកតម្កើងលេខ ៩៣(៩២),១-២.៥ បទកាកគតិ

ព្រះអម្ចាស់ជា មហាក្សត្រា រុងរឿងថ្កើងថ្កុំ
  ទ្រង់ប្រកបដោយ ចេស្ដាឧត្តម ផែនដីនៅមាំ
    ឥតរង្គើឡើយ
បល្ល័ង្កព្រះអង្គ ស្ថិតស្ថេររឿងរុង យូរលង់មកហើយ
  ព្រះអង្គមានជន្ម អស់កល្បអន្លាយ ដើមមករៀងអាយ
    អង្វែងជានិច្ច
បពិត្រព្រះម្ចាស់ ក្រឹត្យវិន័យព្រះ ត្រឹមត្រូវបរិសុទ្ធ
  ដំណាក់ព្រះអង្គ ល្អល្អះបំផុត វិសេសវិសុទ្ធ
    អស់កល្បតទៅ

អបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១២,៣២)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្របុត្រនៃមនុស្ស! ដោយគេលើកព្រះអង្គពីដីឡើង ព្រះអង្គពិតជាទាញមនុស្សទាំងអស់ទៅឯព្រះអង្គមែន!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ​ ៣,៧-១៥)

ព្រះយេស៊ូរមានព្រះបន្ទូលទៅកាន់លោកនីកូដេមថា៖ «ពេលខ្ញុំជម្រាបលោកថា អ្នករាល់គ្នាត្រូវកើតជាថ្មី សូមកុំឆ្ងល់ឱ្យសោះ។ ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវាតែលោកពុំដឹងថា ខ្យល់បក់មកពីទិសណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ « លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ?។ ខ្ញុំសូមជម្រាបលោកឱ្យបានដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងបានដឹង ហើយយើងធ្វើជាសាក្សីបញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។ ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។ ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រនៃមនុស្សប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ដើម្បី​ឱ្យអស់អ្នកដែលជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យកើតជាថ្មីពីទឹក និងពីព្រះវិញ្ញាណ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានជីវិតថ្មីឱ្យយើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាកែប្រែចិត្តគំនិតយើងខ្ញុំដែលជាព្រះសហគមន៍។ សូមបំភ្លឺគ្រីស្តបរិស័ទទាំងអស់នាបច្ចុប្បន្នកាលនេះឱ្យយកចិត្តទុកដាក់កសាងពិភពលោកថ្មីប្រកបដោយយុត្តិធម៌ និងភាតរភាព ដូចសាវ័កពីដើមផង។