២០ មេសា ២០២៦

Written on 30/06/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវបុណ្យចម្លង អាទិត្យទី០៣
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! កាលពីដើមព្រះអង្គគាប់ព្រះហឫទ័យនឹងលោកស្ទេផាន ហើយប្រទានឱ្យលោកមានប្រាជ្ញាញាណវាងវៃ ព្រមទាំងឱ្យលោកអាចសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេ​ង​​​ៗ​​​។​ សូមទ្រង់ព្រះមេត្តាប្រោសប្រទានប្រាជ្ញាមកពីព្រះវិញ្ញាណឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំអាចធ្វើសាក្សីបញ្ជាក់​ពី​វត្តមានដ៏អស្ចារ្យរបស់ព្រះយេស៊ូគ្រីស្តក្នុងពិភពលោកនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៦,៨-១៥)

ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកស្ទេផានណាស់ ហើយព្រះអង្គ​ប្រទាន​ឫទ្ធានុភាពឱ្យលោក​សម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗក្នុងចំណោម​ប្រជាជន។ មានអ្នកខ្លះជាសមាជិក​ធម្មសាលា​ដែលគេ​ហៅថា​ “ធម្ម​សា​លា​ពួកអ្នកងារមានសេរីភាព” និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុក​អាឡិច​សង់ឌ្រី​ និងអ្នក​ខ្លះ​ទៀត​ពីចំ​ណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ី នាំគ្នា​ជជែកជាមួយលោកស្ទេផាន ប៉ុន្តែ គេពុំអាចជជែកឈ្នះលោក​ស្ទេ​ផាន​ឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។ ដូច្នេះ អ្នកទាំងនោះនាំគ្នាសូកមនុស្សខ្លះឱ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះពោល​ពាក្យប្រមាថលោកម៉ូសេ និងប្រ​មាថ​ព្រះជាម្ចាស់»។ គេបានបំបះបំបោរប្រជា​ជន បំបះបំបោរពួកព្រឹទ្ធាចារ្យ និងពួកធម្មាចារ្យ រួចមក​ចាប់​​លោកស្ទេ​ផា​ន​​បញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់។ គេនាំសាក្សីក្លែងក្លាយ​មកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះ​វិហារ ប្រឆាំងនឹងធម្មវិន័យ​ឥតឈប់​ឈរសោះ។​ យើងខ្ញុំបានឮគា​ត់និយាយថា ឈ្មោះ​យេស៊ូ​​ជាអ្នក​ស្រុកណា​សា​រ៉ែតនោះ នឹងរុះព្រះវិហារចោល ព្រមទាំងប្តូរប្រពៃណីដែលលោកម៉ូសេបាន​ទុកឱ្យយើងខ្ញុំថែមទៀតផង»។ អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់​លោក​មាន​​ទ្រង់ទ្រាយដូចមុខរបស់ទេវទូត។

ទំនុកតម្កើងលេខ ១១៩ (១១៨),២៣-២៤.២៦-២៧.២៩-៣០ បទពាក្យ ៧

២៣ ទោះមេដឹកនាំខំប្រឆាំង ពុះពាររារាំងខ្ញុំក៏ដោយ  
  ខ្ញុំនៅសញ្ចឹងមិនកន្តើយ ក្រឹត្យព្រះអង្គហើយជាប់ជានិច្ច ។
២៤ ខ្ញុំពេញចិត្តនឹងដំបូន្មាន ឥតមានស្រាកស្រាន្តឥតកែគេច  
  ដំបូន្មានទ្រង់ចាំងរំលេច នាំផ្លូវជីវិតខ្ញុំសុខសាន្ត ។
២៦ ខ្ញុំបានរៀបរាប់ពីជីវិត ដំណើររឿងពិតគ្រប់ប្រការ  
  ទ្រង់សណ្តាប់ហើយសូមមេត្តា ឱ្យខ្ញុំនេះណាស្គាល់វិន័យ ។
២៧ ទាំងប្រោសប្រទានឱ្យខ្ញុំយល់ សព្វទាំងឫសគល់នូវអត្ថន័យ  
  បញ្ជាព្រះអង្គខ្ញុំរំពៃ ការអស្ចារ្យក្រៃទ្រង់ទាំងអស់ ។
២៩ សូមឱ្យខ្ញុំចៀសចាកចេញផុត ឆ្ងាយពីពាក្យភូតភរឫស្យា  
  សូមជួយបង្ហាញក្តីករុណា វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ ។
៣០ ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ ទៅលើព្រះអង្គឥតមានខ្វល់  
  ជឿដោយចិត្តស្មោះឥតសេសសល់ តាមបង្គំគាល់ព្រះបញ្ជា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (រម ១៤,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់! ព្រះរាជ្យអាស្រ័យនៅលើសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,២២-២៩)

ព្រះយេស៊ូបានឆ្លងសមុទ្រកាលីឡេ ទាំងយាងលើទឹក។ ថ្ងៃបន្ទាប់មកទៀត បណ្តាជនដែល​នៅត្រើយ​ខាង​នាយ​សមុទ្រសង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថា ព្រះយេស៊ូ​ពុំបាន​យាង​ចុះទូក​ជាមួយ​ក្រុម​សាវ័ក​ទេ គឺមានតែក្រុមសាវ័កប៉ុណ្ណោះដែលបានជិះទូកចេញទៅ។ ប៉ុន្តែ មាន​ទូក​ឯទៀតៗមកពីភូមិទីបេរីយ៉ាដចតនៅជិតកន្លែងដែលគេបានបរិភោគនំប័ុង ក្រោយ​ពីព្រះអម្ចាស់បានអរព្រះគុណ។ កាលបណ្តាជន​ពុំឃើញ​ព្រះយេស៊ូ​ និង​ក្រុមសាវ័កនៅទីនោះទៀត គេក៏នាំគ្នាចុះទូកទាំងនោះ ឆ្លងទៅភូមិកា​ផានុម តាមរកព្រះអង្គ។ បណ្តាជនបានជួបព្រះអង្គនៅត្រើយម្ខាង។ គេទូលសួរ​ព្រះ​អង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។ ព្រះយេស៊ូមានព្រះ​បន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នក​រាល់​គ្នា​ឱ្យដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសម្គាល់ទេ គឺមកពីអ្នករាល់​គ្នា​បាន​បរិភោគ​អាហារឆ្អែតតែប៉ុណ្ណោះ។ កុំធ្វើកិច្ចការដើម្បីឱ្យគ្រាន់តែបានអាហារដែលតែងរលួយខូចនោះឡើយ គឺឱ្យបាន​អា​ហារដែលស្ថិតស្ថេរនៅ និង​ផ្តល់​ជីវិតអស់​កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានឱ្យអ្នករាល់គ្នា ដ្បិត​បុត្រ​មនុស្សនេះហើយដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសម្គាល់»។ គេនាំគ្នាទូលសួរព្រះអង្គ​ថា៖ «តើឱ្យ​យើង​ខ្ញុំប្រព្រឹត្តដូចម្តេច ដើម្បីនឹងធ្វើកិច្ច​ការទាំងប៉ុន្មានរបស់ព្រះជាម្ចាស់?» ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា​៖ ​«កិច្ច​ការ​របស់​ព្រះជាម្ចាស់ គឺឱ្យអ្នករាល់គ្នាជឿលើអ្នកដែលព្រះអង្គបាន​ចាត់​ឱ្យ​មក»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកជាខ្លាំង! ព្រះអង្គចាត់ព្រះយេស៊ូឱ្យយាងមកប្រទានអាហារដ៏ពិតប្រាកដដែលផ្តល់ជីវិតអស់កល្បជានិច្ច។ យើងខ្ញុំគ្មានអ្វីថ្វាយសងព្រះអង្គវិញ ក្រៅពីជំនឿរបស់យើងខ្ញុំទៅលើព្រះបុត្រាដែលយាងមកសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារដ៏ពិតប្រាកដដែលស្ថិតនៅអស់កល្បជានិច្ចឱ្យយើងខ្ញុំ។ សូមទ្រង់​ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យផ្ញើជីវិតទាំងស្រុងលើព្រះយេស៊ូ ដែលព្រះ​បិតា​ចាត់​ឱ្យយាង​មក​សង្គ្រោះ​​មនុស្សលោក។ សូមប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហាន បញ្ជាក់ជំនឿនេះក្នុងគ្រប់កិច្ចការប្រចាំជីវិតផង។