១៩ មីនា ២០២៦

Written on 01/08/2026
Sokhorn Oem

បុណ្យឱឡារិក
សន្តយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារី
ពណ៌ស

លោកយ៉ូសែបមានភារកិច្ចពិសេសមួយ គឺធ្វើឱ្យព្រះយេស៊ូដែលជាព្រះបុត្រា​ព្រះជាម្ចាស់​ជាប់វង្ស​ត្រកូលព្រះបាទដាវីឌ ដើម្បីធ្វើជា “ព្រះគ្រីស្ត” បានតាមច្បាប់របស់ជនជាតិអ៊ីស្រាអែល។ លោក​យ៉ូ​សែបបានថែរក្សាការពារព្រះយេស៊ូ បានអប់រំបង្ហាត់មុខរបរថ្វាយព្រះអង្គ។ល។ លោកយ៉ូសែប​ជាគំរូ​របស់​គ្រីស្តបរិស័ទទាំងឡាយដែលមានគ្រួសារ និងមានកូន។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! នៅពេលកំណត់ដែលព្រះអង្គចងសម្ពន្ធមេត្រី​ថ្មី​ជាមួយមនុស្សលោក ព្រះអង្គបានប្រគល់បន្ទុកថែទាំព្រះយេស៊ូជាព្រះសង្គ្រោះឱ្យសន្តយ៉ូសែប។ សូម​ព្រះ​អង្គទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យបង្ហាញការសង្គ្រោះរបស់ព្រះអង្គដល់មនុស្សលោកទាំង​ឡាយ​សព្វ​ថ្ងៃនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីររបស់លោកសាម៉ូអែល (២សម៧,៤-៥ក,១២-១៤ក,១៦)

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថាន់ថា៖ «អញ្ជើញទៅប្រាប់ព្រះបាទដាវីឌ ជាអ្នក​បម្រើ​របស់​យើងថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ “តើអ្នកឬដែលនឹងសាងដំណាក់សម្រាប់ឱ្យយើងនៅ? ពេល​ណាអ្នកលាចាកលោកនេះទៅជួបជុំនឹងដូនតាអ្នក យើងនឹងលើកបុត្រដែលកើតមកពីអ្នកឱ្យសោយ​រាជ្យ​បន្ត និងធ្វើឱ្យរាជ្យនោះបានខ្ជាប់ខ្ជួនផង គឺបុត្រនោះហើយដែលនឹងសាងដំណាក់សម្រាប់យើង ហើយយើង​នឹង​តាំង​រាជ្យបល័្លង្ករបស់បុត្រនោះឱ្យនៅស្ថិតស្ថេរមាំមួនជាដរាបតរៀងទៅ។ យើងនឹងរាប់គេទុកជាបុត្រ ហើយ​គេ​រាប់​យើងទុកជាបិតា។ កូនចៅអ្នកនឹងសោយរាជ្យជាដរាបតរៀងទៅ ហើយរាជបល្ល័ង្កអ្នកនៅខ្ជាប់​ខ្ជួនអស់​កល្បជានិច្ច”» ។

ទំនុកតម្កើងលេខ ៨៩(៨៨),២-៥.២៧-២៩ បទកាកគតិ

ឱ! ព្រះជាម្ចាស់ ខ្ញុំមិនគេចប្រាស នឹងច្រៀងតម្កើង
  បង្គំព្រះអង្គ ព្រះទ័យខ្ពស់ថ្កើង អស់កល្បយូរលង់
    អង្វែងតទៅ
ខ្ញុំប្រកាសថា ព្រះទ័យមេត្តា ករុណាត្រឹមត្រូវ
  របស់ព្រះអង្គ ស្ថិតស្ថេរគង់នៅ មាំមិនអាស្រូវ
    ដូចផ្ទៃមេឃា
យើងចងសម្ពន្ធ មេត្រីបន្ទាន់ ចុះខសន្យា
  ជ្រើសលោកដាវីឌ ហើយតែងតាំងជា បម្រើការពារ
    ឥតមានប្រែប្រួល
យើងនឹងតាំងពង្ស ពូជអ្នកឱ្យគង់ នៅជុំត្រកូល
  តាំងរាជ្យឱ្យអ្នក នៅបានសុខស្រួល គ្មានអ្វីប្រែប្រួល
    អង្វែងដរាប
២៧ ដាវីឌហៅយើង បិតាមិនឆ្មើង ថាថ្មខែងហំ
  ដែលបានសង្គ្រោះ រំដោះរូបខ្ញុំ បានឡើងឧត្តម
    ខ្ពង់ខ្ពស់សង្ហារ
២៨ រីឯយើងវិញ យើងនឹងបំពេញ ដាវីឌស្ងួនភ្ងារ
  តាំងជាបុត្រច្បង របស់យើងណា ស្តេចធំអស្ចារ្យ
    នៅលើផែនដី
២៩ យើងនឹងបញ្ចេញ ឥតមានទោម្នេញ ដោយចិត្តប្រណី
  នឹងរក្សាទុក សម្ពន្ធមេត្រី ចងជាប់មិនស្រាយ
    មិនគេចប្រែប្រួល

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម (រម ៤,១៣.១៦-១៨.២២)

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាមកលោកអប្រាហាំ និងពូជ​ពង្ស​របស់​លោក​ថា គេនឹងបានទទួលពិភពលោកទុកជាមត៌ក។ ព្រះអង្គសន្យាដូច្នេះ មិនមែនមកពីលោក​អប្រា​ហាំ​បាន​ប្រតិបត្តិ​តាម​ធម្មវិន័យនោះទេ គឺមកពីលោកជាមនុស្សសុចរិត ដោយលោកមានជំនឿ។ មនុស្សទទួលមត៌កតាម​ការ​ប្រ​​ណីសន្តោសរបស់ព្រះជាម្ចាស់ ដោយសារជំនឿ ដូច្នេះ ព្រះបន្ទូលសន្យារបស់ព្រះអង្គមានប្រយោជន៍​សម្រា​ប់​ពូជពង្សលោកអប្រាហាំទាំងមូល មិនត្រឹមតែសម្រាប់អស់អ្នកចូលរួមក្នុងប្រជាជនដែលប្រតិបត្តិតាម​ធម្ម​វិ​ន័យ​ប៉ុណ្ណោះទេ គឺសម្រាប់អស់អ្នកដែលមានជំនឿដូចលោកអប្រាហាំ ជាឪពុករបស់យើង​ទាំងអស់​គ្នា​ដែរ​។ ទោះ​បី​លោក​អប្រាហាំគ្មានអ្វីជាក្តីសង្ឃឹមក៏ដោយ ក៏លោកនៅ​តែមានសង្ឃឹម និងមានជំនឿដែរ។ លោកក៏ទៅជា​ឪពុក​របស់​ជាតិសាសន៍ជាច្រើន ស្របតាមព្រះបន្ទូលដែលមានថ្លែងទុកមកថា៖ “ពូជពង្សរបស់អ្នក និងមាន​ច្រើន​យ៉ាង​នេះ”។ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រោសលោកឱ្យបានសុចរិត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ៨៤,៥)

អាលេលូយ៉ា! អាលេលូយ៉ា! 
បពិត្រព្រះអម្ចាស់! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អ្នកបម្រើដ៏ស្មោះត្រង់ ពិតជាបានសុភមង្គល !
ព្រះជាម្ចាស់នឹងផ្ញើព្រះដំណាក់ព្រះអង្គឱ្យគេ ! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១,១៦.១៨ – ២១.២៤)

លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូហៅថាព្រះគ្រីស្ត។ នេះ​ជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រីស្ត។ នាងម៉ារី ​​មាតារបស់ព្រះអង្គត្រូវ​ជាគូដណ្តឹងរបស់​លោក​យ៉ូ​សែ​ប​​។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ​ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួច​ទៅហើ​យ​។​ លោ​ក​​យ៉ូសែបស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថានឹង​ផ្តាច់​ពាក្យ​ដោយស្ងាត់ៗ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោក​ក្នុង​សុ​បិ​ន្ត​និ​មិត្តថា៖ លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមក​ធ្វើជាភរិយា​ឡើយ​!​ បុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ នាងនឹងសម្រាលបានបុត្រមួយ ហើយលោក​ត្រូវ​ថ្វាយ​ព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចពីបាបរបស់គេ ។ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូតរបស់ព្រះអម្ចាស់ គឺលោក​ទទួល​នាង​ម៉ារីម​ក​ធ្វើ​ជាភរិយា ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាល​បានបុត្រ​ដែល​លោក​ថ្វាយ​ព្រះ​នាម​ថា “យេស៊ូ” ។

ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២, ៤១-៥១)

ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូតែងតែធ្វើ​ដំណើរទៅ​ក្រុង​យេ​រូ​សា​ឡឹម។ លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូល​រួមក្នុង​ពិធី​បុណ្យ​តាមទំនៀមទម្លាប់។ លុះពីធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះ​កុ​មារ​យេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ គាត់នឹកស្មានថា ព្រះកុមារ​គង់​នៅ​ក្នុង​ចំ​ណោម​អស់អ្នកដែលរួម​ដំណើរជាមួយ។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នា​ដើររក​ព្រះ​កុមារក្នុងចំណោមញ្ញាតមិត្តទាំងអស់ ប៉ុន្តែ រកពុំឃើញសោះ គាត់ក៏នាំគ្នាត្រឡប់​ទៅក្រុង​យេរូសា​ឡឹម​វិញ​ ដើម្បី​រកព្រះអង្គនៅទី​នោះទៀត។ បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់​នៅ​កណ្តា​ល​ចំណោមគ្រូអាចារ្យ កំពុងតែស្តាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។ អស់​អ្នក​ដែល​ស្តាប់​ព្រះកុមារនឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គប្រកបដោយព្រះប្រាជ្ញាញ្ញាណ។ កាលមាតាបិតា​បាន​ឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ “កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪ​ពុក​ម្តាយព្រួយចិត្តណាស់ខំដើររកកូន។ ព្រះកុមារមានព្រះបន្ទូលតបថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នក​ម្តាយ​រកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្តាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់​ព្រះបិតា​របស់កូន​ទេ​ឬ?​»។​ ប៉ុន្តែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។ បន្ទាប់មក ព្រះកុមារយេស៊ូយាង​ត្រ​ឡប់​ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់​ព្រះអង្គ​ចង​ចាំ​ហេតុការណ៍ទាំងនោះទុកក្នុងចិត្ត។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់! យើងខ្ញុំគ្មានអ្វីយកមកថ្វាយព្រះអង្គ ក្រៅពីកាយ វាចា ចិត្តឡើយ។ សូម​ទ្រង់​ព្រះ​មេត្តា​ប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុង  រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូដោយចិត្តស្មោះ ដូចសន្តយ៉ូសែប ដែលបានថ្វាយខ្លួនបម្រើព្រះបុត្រាព្រះអង្គ គឺព្រះយេស៊ូដែលមានព្រះជន្មគង់នៅ និងសោយរាជ្យ​អស់​កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត  ជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច និងដែលមានតេ​ជានុ​ភាព​សព្វប្រការ! ពេលយើងខ្ញុំនាំគ្នាគោរពសន្តយ៉ូសែប យើងខ្ញុំសរសើរតម្កើង​ព្រះអង្គដែល​បាន​ជ្រើស​រើស​សន្តយ៉ូសែប ជាបុរសដ៏សុចរិតឱ្យធ្វើជាស្វាមីរបស់នាងព្រហ្មចារិនីម៉ារី ជាព្រះមាតា​ព្រះ​យេស៊ូ​ជា​ព្រះ​អម្ចាស់​។ សន្តយ៉ូសែបពិតជាអ្នកបម្រើដ៏ស្មោះត្រង់ និងឈ្លាសវៃ ដែលទទួលបន្ទុក​ធ្វើជាឪពុក​ថែរក្សាការ​ពារ​ព្រះ​បុត្រាព្រះអង្គ គឺព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ ដែលចាប់កំណើតដោយព្រះវិញ្ញាណដ៏វិសុទ្ធ ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដោយប្រកាសថា៖ ” ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! ព្រះដ៏វិសុទ្ធ ! “

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានអាហារដ៏វិសុទ្ធឱ្យយើងខ្ញុំជាមហាគ្រួសាររបស់​ព្រះ​អង្គ​ទទួលទាន។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំជាព្រះសហគមន៍ ឱ្យស្គាល់ព្រះហឫទ័យព្រះអង្គ និង​ប្រ​ព្រឹត្តតាមជានិច្ច ដូចសន្តយ៉ូសែបផង ។