១១ មីនា ២០២៦

Written on 09/08/2026
Sokhorn Oem

ថ្ងៃពុធ រដូវសែសិបថ្ងៃ អាទិត្យទី០៣
ពណ៌ស្វាយ

អធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់យើងខ្ញុំ! ព្រះអង្គចាត់ចែងឱ្យមានរដូវអប់រំពិសេសនេះសម្រាប់ហ្វឹកហ្វឺនយើងខ្ញុំឱ្យរួមរស់ជាមួយព្រះគ្រីស្ត និងឱ្យទទួលព្រះបន្ទូលព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបម្រើព្រះអង្គដោយចិត្តស្មោះ និងឱ្យចូលចិត្តអធិដ្ឋានរួមជាមួយគ្នាផង។

សូមថ្លែងព្រះគម្ពីរទុតិយកថា (ទក ៤,១.៥-៩)

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ឥឡូវនេះអ៊ីស្រាអែលអើយ ចូរស្តាប់ហើយប្រតិបត្តិតាមក្រឹត្យវិន័យ និងបញ្ជាផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ជាព្រះនៃដូនតារបស់អ្នករាល់គ្នាប្រគល់ឱ្យអ្នករាល់គ្នា។ អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនក្រឹត្យវិន័យ និងបទបញ្ជាផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ជាព្រះរបស់ខ្ញុំបានបង្គាប់មកខ្ញុំ ដើម្បីឱ្យអ្នករាល់គ្នាប្រតិបត្តិតាមនៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមក្រឹត្យវិន័យ និងបទបញ្ជាទាំងនោះ ដើម្បីឱ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃនៅចំពោះមុខសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មានពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាឈ្លាសវៃមែន!។ តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើងគ្រប់ពេលដែលយើងអង្វររកព្រះអង្គ? តើប្រជាជាតិដ៏ធំណាមួយមានក្រឹត្យវិន័យ និងបញ្ជាត្រឹមត្រូវដូចវិន័យទាំងប៉ុន្មានដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?។ ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក ដើម្បីកុំឱ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឱ្យដឹងអំពីហេតុការណ៍នេះដែរ»។

ទំនុកតម្កើងលេខ ១៤៧ (១៤៦), ១២-១៦.១៩-២០ បទពាក្យ ៧

១២ ក្រុងយេរូសាឡឹម កុំស្ងាត់ស្ងៀមនៅរេរង់  
  ព្រមទាំងក្រុងស៊ីយ៉ូន ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់
១៣ ដ្បិតព្រះអង្គការពារ អ្នករាល់គ្នាបានសុខណាស់  
  ទ្រង់ឱ្យពរដល់រាស្ត្រ ដែលរស់ពាសពេញទីក្រុង
១៤ ទ្រង់ប្រទានទឹកដី មានសេរីសុខត្រចង់  
  សន្តិភាពគ្រប់ជ្រុង ស្រូវបម្រុងច្រើនមហិមា
១៥ នៅលើផ្ទៃផែនដី ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា  
  ផ្សព្វផ្សាយគ្រប់ទិសា ពីបញ្ជាព្រះអម្ចាស់
១៦ ព្រះអង្គឱ្យទឹកកក ធ្លាក់ចុះមកច្រើនដេរដាស  
  សន្សើមត្រជាក់ណាស់ ក៏ធ្លាក់ចុះតាមបញ្ជា
១៩ ទ្រង់សម្តែងឱ្យពូជ លោកយ៉ាកុបស្តាប់បន្ទូល  
  ក្រឹត្យវិន័យនិមល ឱ្យអ៊ីស្រាអែលបានដឹង
២០ ព្រះអង្គពុំបញ្ជា សព្វកិច្ចការអស់ទាំងហ្នឹង  
  ឱ្យជាតិសាសន៍ផ្សេងដឹង វិន័យទ្រង់នោះសោះឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ៦,៦៣,៦៨)

បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។
ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ ព្រះបន្ទូលផ្តល់ជីវិតអស់កល្បជានិច្ច។
បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,១៧-១៩) 

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំកុំនឹកស្មានថា ខ្ញុំមកលុបបំបាត់ធម្មវិន័យ ឬសេចក្តីប្រៀនប្រដៅរបស់ព្យាការី​ចោលឡើយ។ ខ្ញុំមិនមែនមកលុបបំបាត់ទេ គឺខ្ញុំមកធ្វើឱ្យគម្ពីរមានអត្ថន័យពេញលក្ខណៈទៅវិញទេ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ ដរាបនោះគ្មានក្បៀស ឬបន្តក់ណាមួយក្នុងធម្មវិន័យត្រូវលុបបាត់ឡើយ គឺគម្ពីរទាំងមូលនឹងនៅស្ថិតស្ថេររហូតដល់ទីបំផុត។ អ្នកណាល្មើសបញ្ញត្តិតូចមួយ ហើយបង្រៀនអ្នកផ្សេងឱ្យធ្វើតាម អ្នកនោះនឹងមានឋានៈតូចជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ ផ្ទុយទៅវិញ អ្នកណាប្រតិបត្តិតាមវិន័យ ហើយបង្រៀនអ្នកផ្សេងឱ្យប្រតិបត្តិតាម អ្នកនោះនឹងមានឋានៈធំក្នុងព្រះរាជ្យនៃស្ថានបរមសុខ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គទ្រង់ព្រះមេត្តាទទួលតង្វាយ និងពាក្យអង្វររបស់ប្រជារាស្ត្រព្រះអង្គដែលរួបរួមគ្នាថ្វាយអភិបូជានេះ សូមថែរក្សាការពារយើងខ្ញុំឱ្យរួចពីអន្តរាយគ្រប់បែបយ៉ាងផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំបានទទួលព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យបានបរិសុទ្ធ ផុតពីសៅហ្មងនានា។ សូមប្រោសយើងខ្ញុំឱ្យយល់អត្ថន័យព្រះបន្ទូលសន្យានៃព្រះរាជ្យរបស់ព្រះអង្គផង។