១៦ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២៨ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ (អភ ១,១១-១៤)

បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់តម្រូវយើងទុកជាមុន ឱ្យបានទៅជាប្រជារាស្រ្ដ​របស់ព្រះអង្គ ហើយទ្រង់សម្រេចគ្រប់កិច្ចការតាមព្រះហប្ញទ័យព្រះអង្គ។ យើងក៏​សង្ឃឹមលើព្រះគ្រីស្ដជាមុន ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។ ដោយបងប្អូ​នរួមក្នុងអង្គព្រះគ្រីស្ដ បងប្អូនបានស្ដាប់ព្រះបន្ទូលនៃសេចក្ដីពិត ជាដំណឹងល្អដែលសង្គ្រោះបងប្អូន។ ក្នុងអង្គព្រះគ្រីស្ដ បងប្អូនក៏បានជឿ ហើយបានទទួលសញ្ញាដៅ​សម្គាល់ពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមព្រះបន្ទូលសន្យាផងដែរ។ ព្រះជាម្ចាស់ប្រទានព្រះ​វិញ្ញាណនេះ មកបញ្ចាំចិត្តយើងឱ្យដឹងថា យើងនឹងទទួកមត៌កនៅពេលព្រះអង្គលោះប្រជារាស្រ្ដព្រះអង្គបានជាសម្រេច ដើម្បីកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ៣៣ (៣២) ,១-២.៤-៥.១២-១៣ បទព្រហ្មគីតិ

មនុស្សដែលសុចរិត អបអរពិតលើកតម្កើង  
  មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ
ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ  
  លេងចាប៉ីបណ្ដើរ ដេញបង្ហើរខ្សែដប់ថ្វាយ
ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាប់ពិតទៀងត្រង់  
  ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា
ព្រះអង្គសព្វព្រះទ័យ នឹងសេចក្ដីពិតសត្យា  
  សុចរិតគ្រប់ប្រការ ហើយរក្សាយុត្ដិធម៌
  ផែនដីទាំងមូលថ្លែង ខំសម្ដែងដោយអំណរ  
  ពីហប្ញទ័យបវរ ករុណាល្អព្រះជាម្ចាស់
១២ ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ  
  ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា
  ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា  
  ជារាស្រ្ដផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ
១៣ ព្រះម្ចាស់ទតមកពី ស្ថានរមណីបរមសុខ  
  ទតមើលពីលើមក ឃើញមនុស្សយើងទាំងអស់

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម ទន៣៣,២២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គអាណិតមេត្តាដល់យើងខ្ញុំ ដ្បិតយើងខ្ញុំជឿសង្ឃឹមតែលើព្រះអម្ចាស់មួយព្រះអង្គគត់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១២,១-៧) 

នៅគ្រានោះ មានមហាជនរាប់ម៉ឺននាក់ជួបជុំគ្នាណែនណាន់តាន់តាប់ស្ទើរតែដើរជាន់គ្នា។ មុនដំបូង ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖«ចូរអ្នករាល់គ្នាប្រយ័ត្ននឹង​មេម្សៅរបស់ពួកខាងគណៈផារីស៊ី គឺពុតត្បុតរបស់គេ។ ការលាក់កំបាំងទាំងអស់នឹង​ត្រូវលាតត្រដាងឱ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឱ្យគេដឹង​ដែរ។ ហេតុនេះហើយ បានជាអ្វីៗដែលអ្នករាល់គ្នានិយាយក្នុងទីងងឹត មុខជាគេឮ​នៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលអ្នករាល់គ្នាខ្សឹបដាក់ត្រចៀកគេនៅក្នុងបន្ទប់ មុខជាគេ​យកទៅប្រកាសយ៉ាងខ្លាំង នៅពីលើផ្ទះជាមិនខាន។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំថា ចូរកុំខ្លាចអស់អ្នកដែលសម្លាប់បានត្រឹមតែរូបកាយ ហើយមិនអាច​ធ្វើអ្វីដល់អ្នករាល់គ្នាថែមទៀតនោះឡើយ។ ខ្ញុំសូមប្រាប់ឱ្យដឹងថា អ្នករាល់គ្នាត្រូវ​ខ្លាចនរណា គឺត្រូវខ្លាចព្រះជាម្ចាស់ ដ្បិតព្រះអង្គមានអំណាចផ្ដាច់ជីវិត ហើយបោះទៅ​ក្នុងភើ្លងនរកថែមទៀតផង។ មែន! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា គឺព្រះអង្គនេះហើយដែលអ្នករាល់គ្នាត្រូវខ្លាច។ ធម្មតា គេលក់ចាបប្រាំថ្លៃពីរសេន ទោះបីថោកយ៉ាងនេះ​ក៏ដោយ ក៏ព្រះជាម្ចាស់ឥតភ្លេចចាបណាមួយសោះឡើយ។ សូម្បីតែ​សក់នៅលើ​ក្បាលរបស់អ្នករាល់គ្នាក៏ព្រះអង្គរាប់អស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នាកុំខ្លាចអ្វីឡើយ​ ព្រោះអ្នករាល់គ្នាមានតម្លៃលើសចាបជាច្រើនទៅទៀត»។