១៤ តុលា ២០២៦

Written on 17/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី២៨ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី (កាឡ ៥,១៨-២៥)

បងប្អូនជាទីស្រលាញ់!
ដោយព្រះវិញ្ញាណណែនាំបងប្អូនហើយ បងប្អូនមិននៅក្រោម​អំណាចរបស់ធម្មវិន័យទៀតទេ! យើងស្គាល់ច្បាស់នៅអំពើផ្សេងៗដែលកើតចេញមក​ពីលោកីយ៍ គឺមានអំពើប្រាសចាកសីលធម៌ អំពើសៅហ្មង កាមគុណថោកទាប ការថ្វាយ​បង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ការឈ្លោះប្រកែក បាក់បែកគ្នា ច្រណែនឈ្នានីសគ្នា កំហឹង​ឃោរឃៅ ប្រកួតប្រជែង ប្រឆាំងគ្នា ប្រកាន់បក្សពួក ប្រមឹក ស៊ីផឹកជ្រុល និងអំពើ​ផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឱ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើទាំងអស់នេះ ពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ រីឯផលដែលកើតមកពីព្រះ​វិញ្ញាណវិញគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ដ ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្តា ជំនឿ ចិត្តស្លូតបូត ចេះទប់ចិត្តខ្លួនឯង។ គ្មានវិន័យណាជំទាស់នឹង​សេចក្ដីទាំងនេះទេ។ អស់អ្នកដែលរួមជាមួយព្រះគ្រីស្ដយេស៊ូ សុទ្ធតែបានឆ្កាងតណ្ហា និងបំណងលោភលន់ផ្សេងៗរបស់លោកីយ៍នោះចោលហើយ។ ប្រសិនបើព្រះវិញ្ញាណ​ពិតជាប្រទានជីវិតឱ្យយើងមែន យើងក៏ត្រូវប្រតិបត្តិតាមព្រះវិញ្ញាណដែរ។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្ដាប់ទូន្មាន
  ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
    មង្គលពេកក្រៃ
តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
  របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
    ឥតមានភ្លេចភឹ្ល​ក
អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
  មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
    តាមកាលរដូវ
រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្ដិ៍ឈ្មោះអាស្រូវ
  ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
    បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់ វិនិច្ឆ័យទោស ជនពាលទាំងឡាយ
  ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
    ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
  នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
    នាំខ្លួនអន្ដរាយ

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (ទន១៩,៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ធម្មវិន័យរបស់ព្រះអម្ចាស់ធ្វើឱ្យចិត្តមនុស្សមានអំណរសប្បាយ ធម្មវិន័យរបស់ព្រះអង្គបំភ្លឺចិត្តគំនិតគេឱ្យយល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១១,៤២-៤៦) 

ព្រះយេស៊ូមានព្រះបន្ទូលថា៖«ពួកផារីស៊ីអើយ! អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះ​អ្នករាល់គ្នាយកជីរអង្កាម ជីរនាងល័ក្ខ និងបន្លែគ្រប់មុខមួយភាពដប់មក​ថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាធ្វេសប្រហែសមិនបានប្រព្រឹត្តតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត ឯការដ៏ទៃទៀតក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។ ពួកផារីស៊ីអើយ! អ្នករាល់​គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្តអង្គុយនៅកន្លែងកិត្តិយសក្នុងធម្ម​សាលា ហើយចូលចិត្ត​ឱ្យគេឱនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។ អ្នករាល់គ្នា​ត្រូវវេទនាជាពំខាន ព្រោះអ្នករាល់គ្នាប្រៀបបាននឹងផ្នូរខ្មោចដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។ មានធម្មាចារ្យម្នាក់ទូលព្រះអង្គថា៖«លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថា លោកត្មះតិះដៀលយើងខ្ញុំ»។​ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ពួកធម្មាចារ្យអើយ! អ្នករាល់គ្នាក៏នឹងត្រូវវេទនា​ដែរ! ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នា​មិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង»។