ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី២៨ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី (កាឡ ៥,១-៦)
បងប្អូនជាទីស្រលាញ់!
ព្រះគ្រីស្តបានរំដោះយើង ដើម្បីឱ្យយើងមានសេរីភាពពិតប្រាកដហើយ! ហេតុនេះ ចូររក្សាសេរីភាពនេះឱ្យបានខ្ជាប់ខ្ជួន កុំបណ្តោយខ្លួនឱ្យធ្លាក់ទៅជាទាសករទៀតឡើយ!។ រីឯខ្ញុំប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែកនោះ ព្រះគ្រីស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ!។ ចំពោះអស់អ្នកដែលចង់ទទួលពីធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្តងទៀតថា ត្រូវតែកាន់តាមធម្មវិន័យទាំងស្រុងផងទៅ។ ប្រសិនបើបងប្អូនណាចង់បានសុចរិត ដោយព្រមកាន់ធម្មវិន័យ បងប្អូននោះបែកចេញពីព្រះគ្រីស្ត ហើយក៏ដាច់ចេញពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ដែរ។ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងឱ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឱ្យបានសុចរិត ស្របតាមសេចក្តីសង្ឃឹមរបស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រីស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះមិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលប្រព្រឹត្តកិច្ចការដោយចិត្តស្រឡាញ់ទើបសំខាន់។
ទំនុកតម្កើងលេខ ១១៩ (១១៨) ,៤១.៤៣-៤៥.៤៧-៤៨ បទពាក្យ ៧
| ៤១ | ឱព្រះម្ចាស់អើយសូមប្រណី | សម្ដែងព្រះទ័យឥតមានហ្មង | |
| សង្រ្គោះមកទូលបង្គំផង | តាមបន្ទូលទ្រង់បានសន្យា | ។ | |
| ៤៣ | សូមកុំបណ្ដាយខ្ញុំស្រដី | ពាក្យមិនប្រព្រៃមិនត្រឹមត្រង់ | |
| ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ | ការសម្រេចទ្រង់ឥតសង្ស័យ | ។ | |
| ៤៤ | ទូលបង្គំនឹងគោរពតាម | បញ្ញត្ដិបម្រាមទាំងវិន័យ | |
| របស់ព្រះអង្គរៀងរាល់ថ្ងៃ | ជានិច្ចលុះក្ស័យសូន្យជីវី | ។ | |
| ៤៥ | ខ្ញុំចង់រស់នៅដោយមានន័យ | និងមានសេរីភាពពេញទី | |
| ដ្បិតទូលបង្គំស្វែងសំភី | រកច្បាប់គ្រប់ទីរបស់ទ្រង់ | ។ | |
| ៤៧ | ខ្ញុំពេញចិត្តណាស់នឹងវិន័យ | ពេញចិត្តរាល់ថ្ងៃមិនកន្ដើយ | |
| ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយ | វិន័យនេះហើយខ្ញុំសុខសាន្ដ | ។ | |
| ៤៨ | ទូលបង្គំលើដៃឡើងប្រណម្យ | គោរពទាំងព្រមមិនខកខាន | |
| ស្រឡាញ់វិន័យមិនស្រាកស្រាន្ដ | ចង់គិតចង់បានក្រឹត្យវិន័យ | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម ហប៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១១,៣៧-៤១)
ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានបុរសម្នាក់ខាងគណៈផារីស៊ីសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមជាមួយគាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖«ពួកអ្នកខាងគណៈផារីស៊ីអើយ! អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកក្រៅប៉ុណ្ណោះទេ ប៉ុន្ដែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចានធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដារទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់ឱ្យអ្នករាល់គ្នាប្រើប្រាស់។

