០៩ កុម្ភៈ ២០២៦

Written on 08/09/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី០៥ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស (៨,១-៧.៩-១៣)

គ្រានោះ ព្រះបាទសាឡូម៉ូនអញ្ជើញពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ពួកមេដឹកនាំកុលសម្ពន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល ឱ្យមក​គាល់នៅក្នុងយេរូសាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ពីបូរីព្រះបាទ​ដាវីឌ គឺក្រុងស៊ីយ៉ូនមកព្រះដំណាក់។ ប្រជាជនអ៊ីស្រាអែលទាំងអស់ នាំគ្នាមកគាល់​ព្រះរាជា ដើម្បីចូលរួមពិធីបុណ្យខែអស្សុជ គឺជាខែទីប្រាំពីរ។ អស់លោកព្រឹទ្ធាចារ្យ​នាំគ្នាមកដល់ ហើយអស់លោកបូជាចារ្យក៏លើកហិបសម្ពន្ធមេត្រីសែង។ អស់លោក​បូជាចារ្យ និងពួកលេវី នាំគ្នាដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ព្រមទាំងនាំយកពន្លាជួបព្រះអម្ចាស់ និងវត្ថុសក្ការៈទាំងប៉ូន្មាន ដែលស្ថិតនៅក្នុងពន្លាមកជាមួយ​ដែរ។ ព្រះបាទ​សាឡូម៉ូន និសហគមន៍អ៊ីស្រាអែលទាំងមូល ដែលទ្រង់បានអញ្ជើញ​ឱ្យមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើន​ឥតគណនាមកថ្វាយជាយញ្ញបូជា។ បន្ទាប់មក បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់​ត្រង់កន្លែងដែលគេបំរុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីដ៏សក្ការៈបំផុតនៅក្រោមស្លាបរបស់សត្វខេរូប៊ីម។ ខេរូប៊ីមទាំងពីរត្រដាងស្លាបពីលើកន្លែងតម្កល់ហិបដើម្បីបាំងហិប និងឈើស្នែង។ នៅក្នុងហិបនោះ គ្មានអ្វីក្រៅពីថ្មពីរបន្ទះដែលលោក​ម៉ូសេបានតម្កល់ទុក កាលព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយជនជាតិអ៊ីស្រាអែល​ក្រោយពេលពួកគេចាកចេញពីស្រុកអេស៊ីបនោះឡើយ។
កាលអស់លោកបូជាចារ្យចេញពីទីសក្ការៈមកវិញ​នោះ ស្រាប់តែមានពពកពេញ​ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ដោយសារតែពពកនេះ ក្រុមបូជាចារ្យពុំអាច​បំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុង​ព្រះដំណាក់របស់ព្រះអង្គ។ ពេលនោះ ព្រះបាទសាឡូម៉ូនមានរាជឱង្ការដូចតទៅ៖ «ព្រះ​អម្ចាស់សព្វព្រះហប្ញទ័យគង់ក្នុងពពកដ៏ក្រាស់! បពិត្រព្រះអម្ចាស់ ទូលបង្គំបានសង់ព្រះវិហារដ៏ថ្កុំថ្កើងនេះ ទុកជាព្រះដំណាក់ថ្វាយព្រះអង្គគង់អស់កល្បជានិច្ច»។

ទំនុកតម្កើងលេខ ១៣២(១៣១),១.២.៤.៥.៧-១០ បទព្រហ្មគីតិ

១ ឱ! ព្រះម្ចាស់ឧត្តម​ សូមនឹកចាំដល់ដាវីឌ  
  និងការដែលនឿយហត់ របស់ព្រះរាជាផង ។
២ ព្រះករុណាបានស្បថ ជាកំណត់នឹងព្រះអង្គ  
  ទ្រង់បានសន្យាផង ជាមួយព្រះយ៉ាកុបថា ៖ ។
៣ “ទូលបង្គំមិនចូលជ្រក ក្នុងជំរកព្រះពន្លា  
  មិនព្រមចូលនិន្រ្ទា នៅលើគ្រែខ្ញុំឡើយណា ។
៥ ដើម្បីថ្វាយព្រះម្ចាស់ មានតេជៈខ្លាំងក្លាហាន  
  នៃលោកយ៉ាកុបថ្កាន បើមិនបានខ្ញុំសោកា ។
៧ ចូរយើងនាំគ្នីគ្នា គ្រប់អង្គាចូលដំណាក់  
  នៃព្រះជាអម្ចាស់ ក្រាបទាបព្រះបាទទាថ្កើង ។
៨ ឱ! ព្រះជាអម្ចាស់ មេត្តាប្រោសសូមតើនឡើង  
  ជាមួយហឹបព្រះអង្គ សូមយាងគង់រហូតទៅ ។
៩ សូមឱ្យបូជាចារ្យ គ្រប់ៗគ្នាកុំហ្មងសៅ  
  ធ្វើសុចរិតជាផ្លូវ រាស្រ្តរស់នៅហ៊ោសប្បាយ ។
១០ ដោយយល់ដល់ព្រះបាទ នាមដាវីឌដ៏ស្រស់ស្រាយ  
  កុំចោលស្តេចនេះឡើយ គឺទ្រង់ហើយបានអភិសេក ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ (៤,២៣)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក(៦,៥៣-៥៦)

ព្រះយេស៊ូ និងក្រុមសាវ័កឆ្លងទៅដល់ត្រើយម្ខាង ចូលក្នុងស្រុកកេនេសារ៉ែត ហើយ​គេក៏នាំគ្នាចតទូក។ ព្រះអង្គយាងឡើយលើគោកជាមួយសាវ័ក។ ពេលនោះ មនុស្ស​ម្នាស្គាល់ព្រះអង្គភ្លាម។ គេរត់ទៅគ្រប់ទីកន្លែងក្នុងតំបន់ ហើយនាំគ្នាសែងអ្នកជំងឺទៅកន្លែងដែលគេឮថា ព្រះអង្គគង់នៅ។ គ្រប់កន្លែងដែលព្រះយេស៊ូយាងទៅ ទោះបីនៅ​ក្នុងភូមិ ក្នុងក្រុង ឬតាមស្រុកស្រែក្តី គេយកអ្នកជំងឺមកដាក់នៅតាមទីផ្សារ ហើយទូលអង្វរសុំគ្រាន់តែពាល់ជាយព្រះពស្រ្តព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលពាល់ព្រះអង្គបានជាសះស្បើយគ្រប់ៗគ្នា។