១៣ កុម្ភៈ ២០២៦

Written on 04/09/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី០៥ ឆ្នាំ«គូ»
 ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ (១ពង្ស ១១,២៩-៣២,១២,១៩)

លោកយេរ៉ូបោម ជាមន្រ្តីត្រួតក្រសួងសាធារណការ នៅក្នុងរជ្ជកាលព្រះបាទ​សាឡូម៉ូន។ ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវ​​ព្យាការី​អហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ មកជួបលោកទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាលដាច់ឆ្ងាយពីគេ។ លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែក​ជាដប់ពីរចម្រៀក។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចម្រៀកនេះទៅ ដ្បិតព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល​មានព្រះបន្ទូថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់ឱ្យអ្នក យើងនឹង​ឱ្យអ្នកគ្រប់គ្រងលើកុលសម្ពន្ធដប់។ យើងទុកកុលសម្ពន្ធតែមួយឱ្យសាឡូម៉ូន ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ពន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល»។ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរ ប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌរហូត​ដល់សព្វថ្ងៃ។

ទំនុកតម្កើងលេខ ៨១ (៨០),១០-១៥ បទកាកគតិ

១០ ក្នុងចំណោមអ្នក កុំទៅស្មោះស្ម័គ្រ នឹងព្រះដទៃ កុំទៅគោរព
  កោតខ្លាចធ្វើអ្វី ព្រោះព្រះដទៃ ជាព្រះក្លែងក្លាយ ។
១១ យើងជាព្រះម្ចាស់ មិនមែនជាព្រះ ក្លែងក្លាយនោះឡើយ យើងបានយកអ្នក
  ពីអេស៊ីបហើយ កុំនៅកន្តើយ ទទួលពរយើង ។
១២ តែរាស្រ្តមិនស្តាប់ ពាក្យយើងបង្គាប់ គេធ្វើប្ញកឆ្មើង ទោះអ៊ីស្រាអែល
  ក៏លែងស្គាល់យើង ធ្វើតាមទំនើង អំពើអាក្រក់ ។
១៣ ហេតុដូច្នេះហើយ ទើបយើងបណ្តោយ ឱ្យពួកគេធ្លាក់ យើងឱ្យគេធ្វើ
  តាមចិត្តគម្រក់ ប្រព្រឹត្តអាក្រក់ តាមទំនើងចិត្ត ។
១៤ តែបើប្រជា រាស្រ្តទាំងអស់គ្នា គេប្តូរគំនិត ស្តាប់សំឡេងយើង
  ហើយគេប្រព្រឹត្ត តាមមាគ៌ាពិត របស់យើងនោះ ។
១៥ នោះយើងមុខជា បង្ក្រាបបច្ចា ជាខ្មាំងទាំងអស់ ហើយយើងសម្លាប់
  មិនឱ្យសល់សោះ សត្រូវទាំងអស់ តែមួយរំពេច ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ៥១,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំឱ្យបន្លឺ​សំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៧,៣១-៣៧)

ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកា​​ប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀតបុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឱ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្តោះទឹកព្រះឱស្ឋយកទៅផ្តិតលើអណ្តាតគាត់ រួចព្រះអង្គងើបព្រះភក្រ្តឡើងទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «អេផាថា» (ពាក្យនេះប្រែថា៖“ចូរបើកឡើង”)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្តាប់ឮបាន អណ្តាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្តីបានច្បាស់លាស់។ ព្រះយេស៊ូហាមប្រាមពួកគេ មិនឱ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ ក៏គេរឹតតែ​ប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿវឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់​កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឱ្យឮបាន មនុស្សគក៏លោកធ្វើឱ្យនិយាយបានដែរ»។