២៤ មករា ២០២៦

Written on 24/09/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០២ ឆ្នាំ«គ»
ពណ៌ស

បុណ្យរម្លឹក សន្តហ្រ្វង់ស័រ នៅសាល
ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍


សូមចុចទីនេះ

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (២សម ១,១-៤.១១-១២.១៩.២៣-២៧)

កាលព្រះបាទសាអ៊ូលសោយទិវង្គតផុតទៅ ដោកដាវីឌវាយឈ្នះជនជាតិអាម៉ាឡេក ហើយវិលត្រឡប់មកក្រុងស៊ីឡាក់វិញ លោកក៏ស្នាក់នៅក្រុងនោះពីរថ្ងៃ។ នៅថ្ងៃទីបីមានបុរសម្នាក់មកពីជំរំរបស់ព្រះបាទសាអ៊ូល គាត់ស្លៀកសម្លៀកបំពាក់រហែក ហើយ​រោយដីលើក្បាលជាសញ្ញាកាន់ទុក្ខ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយ​បង្គំ។ លោកដាវីឌសួរថា៖« អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទភៀកខ្លួនចេញពីជំរំអ៊ីស្រាអែល»។ លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖«ទាហានអ៊ីស្រាអែលបាក់ទ័ពរត់ខ្ចាត់ខ្ចាយនៅពេលប្រយុទ្ធ ហើយទាហានជាច្រើនស្លាប់ សូម្បីតែព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថានជាបុត្រ ក៏សោយទិវង្គតដែរ»។ លោកដាវីឌចាប់ហែកសម្លៀកបំពាក់របស់លោក អស់អ្នកដែលនៅជាមួយលោក ដ៏ធ្វើដូចលោកដែរ។ ពួកគេ​កាន់ទុក្ខ យំ​សោក និងតមអាហាររហូតដល់ល្ងាច ដើម្បីរំលឹកដល់ព្រះបាទសាអ៊ូល សម្តេចយ៉ូណាថានជាបុត្រ ព្រមទាំងកងទ័ពរបស់ព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែលដែលបានបូជាជីវិតនៅលើសមរភូមិ។
លោកដាវីឌស្មូតពាក្យទំនួញដូចតទៅ៖ «អ៊ីស្រាអែលអើយ! ហេតុអ្វីបានជាវិរជន​របស់អ្នកត្រូវគេសម្លាប់នៅលើកំពូលភ្នំយ៉ាងនេះ? ហេតុអ្វីបានជាទាហានដ៏ខ្លាំង​ត្រូវបាត់បងជីវិតដូច្នេះ? ព្រះបាទសាអ៊ូល និងសម្តេចយ៉ូណាថាន ជាមនុស្សគួរឱ្យ​ស្រឡាញ់ និងគោរពរាប់អាន ពេលរស់គឺរស់ជាមួយគ្នា ហើយពេលសោយទីវង្គត​ក៏សោយទីវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចឥន្រ្តី ហើយខ្លាំងដូច​សិង្ហ។ ឱកូនស្រីនៃជនជាតិអ៊ីស្រាអែលអើយ ​ចូរយំស្រណោះព្រះបាទសាអ៊ូលទៅ​ ព្រោះទ្រង់តែងប្រទានឱ្យពួកនាងមានសម្លៀកបំពាក់ដ៏រុងរឿង ត្រចះត្រចង់​ព្រមទាំងមានរំយោលមាសទៀតផង។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ក្នុងពេលប្រយុទ្ធដូច្នេះ?។ ហេតុអ្វីបានជាសម្តេចយ៉ូណាថានត្រូវខ្មាំងវាយប្រហារ​នៅលើកំពូលភ្នំដូច្នេះ?។ បងយ៉ូណាថានអើយ! ខ្ញុំឈឺចុកចាប់ខ្លោចផ្សា ដោយសារ​បាត់បង់រូបបង បងមានតម្លៃសម្រាប់ខ្ញុំណាស់ សេចក្តីស្រឡាញ់របស់បង ប្រសើរជាងសេចក្តីស្រលាញ់របស់ស្រីៗទៅទៀត។ ហេតុអ្វីបានជាទាហានដ៏ខ្លាំងពូកែត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាវីរបុរសដ៏ឆ្នើមត្រូវិនាសអន្តរាយអស់ដូច្នេះ?»។

ទំនុកតម្កើងលេខ ៨០​ (៧៩),២-៣.៥-៧) បទព្រហ្មគីតិ

២. ព្រះម្ចាស់ជាគង្វាល អ៊ីស្រាអែលសូមសណ្តាប់  
  ពូជពង្សលោកយ៉ូសែប ដែលព្រះអង្គបានដឹកនាំ
  ដូចជាអ្នកគង្វាល ចាំយាមឃ្វាលចៀមថែទាំ  
  គេរស់ដោយសុខដុម សូមសម្តែងព្រះបារមី
៣. ឱ្យពួកកុលសម្ព័ន្ធ អេប្រាអ៊ីមឃើញស្នាដៃ  
  និងជាតិផ្សេងៗក្តី សូមទ្រង់លៃជួយសង្គ្រោះ
៥. បពិត្រព្រះជាម្ចាស់ ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ  
  ខ្ពស់ហួសព្រះទាំងឡាយ ម្តេចមិនស្រាយពិរោធចេញ
៦. មេ្តចទ្រង់មកដាក់ទោស ចាប់កំហុសយើងទៅវិញ  
  ឱ្យទឹកភ្នែកហូរចេញ ដូចគង្គាមិនចេះចប់
៧. ទ្រង់ធ្វើឱ្យប្រជា ជិតខាងគ្នាឈ្លោះសំអប់  
  ដណ្តើមមិនចេះស្កប់ យកទឹកដីរបស់យើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កក ១៦,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គដោយក្តីស្រឡាញ់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៣,២០-២១)

ព្រះយេស៊ូយាងចូលផ្ទះ ហើយបណ្តាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឱ្យព្រះអង្គ និងក្រុមសាវ័ករកពេលបរិភោគមិនបានសោះ។ ព្រះញាតិវង្សរបស់ព្រះអង្គឮដំណឹងនេះ ក៏នាំគ្នាធ្វើដំណើរមកដើម្បីចាប់ព្រះអង្គទៅវិញ ព្រោះគេថា ព្រះអង្គវង្វេងស្មារតីហើយ ។