២០ មករា ២០២៦

Written on 28/09/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី០២ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ១៦,១-១៣)

ព្រះអម្ចាស់មានបន្ទូលមកកាន់លោកសាមូអែលថា៖«តើអ្នកនៅតែសោកស្តាយនឹងសាអ៊ូលដល់ណាទៀត? យើងបោះបង់គេចោល លែងឱ្យជាស្តេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឱ្យពេញរួចធ្វើដំណើរទៅ។ យើង​ចាត់អ្នកឱ្យទៅផ្ទះលោកយេសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់​គាត់ យើងបានជ្រើសរើសយកម្នាក់ ឱ្យធ្វើជាស្តេចដែលគាប់ចិត្តយើង»។ លោក​សាមូអែលទូលថា៖ «តើឱ្យទូលបង្គំទៅដូចម្តេចកើត? បើព្រះបាទសាអ៊ូលជ្រាប​ ទ្រង់​មុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរអ្នកដឹក​គោស្ទាវមួយទៅ ហើយប្រាប់គេថា “ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”។ ចូរ​អញ្ជើញលោក​យេសាយឱ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ​ យើងនឹងប្រាប់អ្នកឱ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេក អ្នកដែលយើងនឹងចង្អុយប្រាប់»។ កាលលោកទៅដល់ភូមិបេថ្លេហិមហើយ អស់លោកព្រឹទ្ធាចារ្យក្នុងក្រុងនោះ ក៏ចេញមកទទួលលោកទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះក្នុងគោលបំណងល្អឬ?»។ លោកសាមូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញទៅជម្រះកាយឱ្យបានបរិសុទ្ធ ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ» ។ លោកសាមូអែលក៏ធ្វើពីធីជម្រះកាយជូនលោកយេសាយ ព្រមទាំងកូនៗ ឱ្យបានបរិសុទ្ធ និងអញ្ជើញពួកគេឱ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។ កាលលោកយេសាយ និងកូនៗមកដល់​លោកសាមូអែលក្រឡេកឃើញអេលីយ៉ាប ហើយក៏នឹកក្នុងចិត្តថា៖ «ប្រាកដជា​ម្នាក់នេះហើយ ដែលព្រះជាអម្ចាស់បានជ្រើសរើស»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូល​មកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើស​រើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច័្ឆយដូចមនុស្សលោក ដែលមើលតែសំបកក្រៅ​ប៉ុណ្ណោះទេ។ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ លោកយេសាយហៅ អប៊ីណាដាប់​ជាកូនទីពីរ ឱ្យដើរនៅមុខលោកសាមូអែល។ លោកសាមូអែលមានប្រសាសន៍ថា៖ «ព្រះជាម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ លោកយេសាយក៏ឱ្យ សាម៉ា​ជាកូនទីបី ដើរនៅមុខលោក​សាមូអែល។ លោកសាមូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ លោកយេសាយឱ្យកូនប្រុសទាំង​ប្រាំពីរអ្នក ដើរនៅមុខលោក​សាមូអែល​ តែលោកមានប្រសាសន៍ទៅកាន់លោក​យេសាយថា៖«ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ។ តើលោកមានកូនតែប៉ុណ្ណោះទេឬ?»។ លោកយេសាយឆ្លើយថា៖ «បាទ!​ នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាមូអែលមាន​ប្រសាសន៍ទៅកាន់លោកយេសាយថា «ចូរឱ្យគេទៅហៅវាមក បើវាមិនទាន់មក​ដល់ទេ យើងនឹងមិនបរិភោគឡើយ»។ លោកយេសាយចាត់ឱ្យគេទៅហៅកូន​នោះមក។ កូននោះមានថ្ពាល់ក្រហមមានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អ គួរជាទី​ពេញចិត្ត។ ព្រះអម្ចាស់មានបន្ទូលថា៖« គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេ​ចុះ!»។ លោកសាមូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌនៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏យាងមកសណ្ឋិតលើយុវជនដាវីឌ​ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាមូអែលធ្វើដំណើរត្រឡប់ចូលទៅភូមិ​រ៉ាម៉ាវិញ។​​

ទំនុកតម្កើងលេខ ៨៩ (៨៨),២០-២១.២៥.២៧-២៩ បទកាកគតិ

២០. នាថ្ងៃមួយនោះ ព្រះអង្គមានព្រះ បន្ទូលមកថា  
  យើងនឹងគាំទ្រ អ្នកច្បាំងហានក្លា យុវជនសង្ហា  
    ពីក្នុងរាស្រ្តយើង  
២១. យើងឃើញដាវីឌ ជាអ្នកប្រណិប័តន៍ ឥតមានឆ្មៃឆ្មើង  
  យើងក៏ចាក់ប្រេង អភិសេកគេឡើង ជាស្តេចថ្កុំថ្កើង  
    គ្រងរាជ្យរហូត  
២៥. យើងនឹងបញ្ចេញ ហប្ញទ័យពោរពេញ ករុណាអាណិត  
  ចំពោះរូបគេ នឹងបាននែបនិត្យ ថ្កើងរុងរឿងពិត  
    ដោយសារនាមយើង  
២៧. ដាវីឌហៅយើង បិតាមិនឆ្មើង ថាថ្មខែងហំ  
  ដែលបានសង្រ្គោះ រំដោះរូបខ្ញុំ បានឡើងឧត្តម  
    ខ្ពង់ខ្ពស់សង្ហា  
២៨. រីឯយើងវិញ យើងនឹងបំពេញ ដាវីឌស្ងួនភ្ងារ  
  តាំងជាបុត្រច្បង របស់យើងណា ស្តេចធំអស្ចារ្យ  
    នៅលើផែនដី  
២៩. យើងនឹងបញ្ចេញ ឥតមានទៅម្នេញ ដោយចិត្តប្រណី  
    មិនគេចប្រែប្រួល

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (២ករ ៣,៦.១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែល​​មានព្រះជន្ម ទ្រង់ប្រទានជីវិត។ នៅទីណាមានព្រះវិញ្ញាណរបស់ព្រះអម្ចាស់ នៅទីនោះក៏មានសេរីភាពដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ២,២៣-២៨)

មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងកាត់វាលស្រែ សាវ័ករបស់ព្រះអង្គនាំគ្នា​ដើបណ្តើរ បូតកួរស្រូវបណ្តើរ។ ពួកខាងគណៈផារីស៊ីទូលព្រះយេស៊ូថា៖ «សូមលោក​មើលចុះ! ហេតុអ្វីបានជាសិស្សរបស់លោក ធ្វើការដែលបញ្ញត្តិហាមមិនឱ្យធ្វើនៅថ្ងៃ​សប្ប័ដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖«ក្នុងគម្ពីរមានអត្ថបទមួយស្តីអំពីការ​ដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលទ្រង់ឃ្លាន ហើយត្រូវការអាហារ​បរិភោគ។ នៅសម័យនោះ លោកអប៊ីយ៉ាថារធ្វើជាមហាបូជាចារ្យ។ ព្រះបាទដាវីឌចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំបុ័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឱ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ មានតែពួកបូជា​ចារ្យប៉ុណ្ណោះដែលមានសិទ្ធិបរិភោគនំបុ័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទ​នោះទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖«ព្រះជាម្ចាស់បានបង្កើតថ្ងៃសប្ប័ទ ដើម្បីជាប្រយោជន៍ដល់មនុស្ស ព្រះអង្គមិនបានបង្កើតមនុស្សឱ្យបម្រើ​ថ្ងៃសប្ប័ទឡើយ។ ហេតុនេះហើយ បានជាបុត្រមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។