១៩ មករា ២០២៦

Written on 29/09/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា​ អាទិត្យទី០២ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ១៥,១៦-២៣)

ព្រះបាទសាអ៊ូលវាយឈ្នះជនជាតិអាម៉ាឡេក។ ពេលនោះ លោកសាមូអែលទូល​ទៅព្រះបាទសាអ៊ូលថា៖ «ឥឡូវនេះ ទូលបង្គំសូម​ទូលសេចក្តីដែលព្រះអម្ចាស់មាន​ព្រះបន្ទូលមកកាន់ទូលបង្គំកាល់ពីយប់មិញ»។ ព្រះបាទសាអ៊ូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ លោកសាមូអែលទូលថា៖ «ទោះបីព្រះករុណា​យល់ថា ខ្លួនជាមនុស្សទន់ទាបក្តី ក៏ព្រះករុណានៅតែជាអ្នកដឹកនាំកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកព្រះករុណាជា​ស្តេចអ៊ីស្រាអែលរួចហើយ។ ព្រះអម្ចាស់បានចាត់ព្រះករុណាឱ្យទៅច្បាំង ដោយ​មានព្រះបន្ទូលថា “ចូរទៅបំផ្លាញជនជាតិអាម៉ាឡេកដែលជាមនុស្សបាបនោះ ឱ្យ​វិនាសសាបសូន្យអស់ទៅ”។ ហេតុអ្វីបានជាព្រះករុណាមិនគោរពតាមព្រះបន្ទូលរបស់ព្រះអម្ចាស់? ហេតុអ្វីបានជាព្រះករុណា​រឹបអូសយកជ័យភ័ណ្ឌពីខ្មាំង ហើយប្រព្រឹត្តអំពើ​អាក្រក់ដែលមិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ទៀតដូច្នេះ?»។ ព្រះបាទសាអ៊ូលមានរាជឱង្ការតបទៅលោកសាមូអែលថា៖«ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ហើយ គឺខ្ញុំចេញទៅច្បាំងនៅស្រុកដែលព្រះអម្ចាស់ចាត់ឱ្យទៅ។ ខ្ញុំចាប់បានអាកាក ជា​ស្តេចរបស់ជនជាតិអាម៉ាឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ថ្វាយព្រះអង្គដែរ។ ពួកពលទាហានបានរើសយកគោ និងចៀមដ៏ល្អជាងគេពីអ្វីៗទាំងអស់ ដែ​​លត្រូវបំផ្លាញ​ចោលនោះ ដើម្បីធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកនៅគីលកាល់»។ លោកសាមូអែលទូលវិញថា៖«តើព្រះអម្ចាស់សព្វព្រះហប្ញទ័យនឹងដង្វាយដុតទាំងមូល និងយញ្ញបូជាខ្លាំងជាងការស្តាប់បង្គាប់ព្រះអង្គឬ? ទេ! ការស្ដាប់បង្គាប់ប្រសើរជាង​ថ្វាយយញ្ញបូជាទៅទៀត។ ការគោរពតាមព្រះបញ្ជាក៏ប្រសើរជាងការថ្វាយខ្លាញ់ចៀម​ឈ្មោលដែរ។ រី​ឯការបះបោរអាក្រក់ដូចការរកគ្រូទាយ ចិត្តរឹងរូសក៏អាក្រក់ដូចការគោរពព្រះក្លែងក្លាយដែរ។ ព្រះករុណាបោះបង់ចោលព្រះបន្ទូលរបស់ព្រះអម្ចាស់ ហេតុនេះ ព្រះអង្គក៏បោះបង់ចោលព្រះករុណា លែងឱ្យធ្វើជាស្តេចទៀតហើយ»។

ទំនុកតម្កើងលេខ ៥០ (៤៩) ,៧-៨.១៦-១៧.២១.២៣ បទព្រហ្មគីតិ

៧. ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត  
  អ៊ីស្រាអែលអើយកុំគិត យើងនេះពិតព្រះអ្នកហើយ
៨. យើងមិនស្តីបន្តោស អ្នកទាំងអស់ដែលបានថ្វាយ  
  យញ្ញបូជាទាំងឡាយ អចិន្រ្តៃយ៍មិនដែលអាក់
១៦. ព្រះម្ចាស់មានបន្ទូល ទៅមនុស្សពាលឥតស្ទើរស្ទាក់  
  ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យវិន័យ
  ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ  
  ពាក្យសម្ព័ន្ធមេត្រី ជាមួយយើងដូច្នេះណា?
១៧. ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវវាចា  
  ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ
២១. អ្នកដែលធ្លាប់ប្រព្រឹត្ត រឿងឧក្រិដ្ឋឥតកំណើត  
  យើងនៅស្ងៀមម្តេចកើត គ្មានកំណើតយើងដាក់ទោស
២៣ អ្នកណាថ្វាយពាក្យថ្កើង មកដល់យើងជាតង្វាយ  
  យើងរីករាយស្រស់ស្រាយ យើងសប្បាយជួយសង្គ្រោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ហប ៤,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ ឈ្វេងយល់ចិត្តគំនិតមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ២,១៨-២២)

ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត និងពួកសិស្សខាងគណៈផារីស៊ីនាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖​«សិស្សរបស់លោកយ៉ូហាន និងសិស្សខាង​គណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្លៀវអាចតមអាហារឬទេ? ទេៗ ដរាបណាកូនកំលោះនៅជាមួយ ភ្លៀវមិនអាចតមអាហារបានឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្លៀវតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ​​​​​ ក្រណាត់ថ្មីនឹងបណ្តាលឱ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែល​មាននរណា ច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នេះ ស្រា​នឹងធ្វើឱ្យថង់ស្បែកនោះធ្លាយ បណ្តាលឱ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។