១៦ មករា ២០២៦

Written on 02/10/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ៨,៤-៧.១០-២២)

កាលលោកសាមូអែលមានវ័យចាស់ទៅហើយ លោកតែងតាំងកូនប្រុសៗរបស់​លោក ឱ្យគ្រប់គ្រងប្រជាជនអ៊ីស្រាអែល។ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលប្រជុំគ្នា ហើយទៅជួបលោកសាមូអែលនៅរ៉ាម៉ា។ ព្រឹទ្ធាចារ្យទាំងនោះជម្រាប​លោកថា៖ «ឥឡូវនេះ លោកចាស់ហើយ រីឯកូនរបស់លោកទៀតសោតក៏ពុំដើរតាម​គន្លងរបស់លោកដែរ។ ដូច្នេះ សូមតែងតាំងស្តេចមួយអង្គឱ្យសោយរាជ្យ​លើយើងខ្ញុំដូចប្រជាជាតិទាំងប៉ុន្មានផង»។ ពេលឮពួកព្រឹទ្ធាចារ្យពោលថា “សូមតែងតាំងស្តេច​មួយអង្គឱ្យ សោរាជ្យលើយើងខ្ញុំ” ដូច្នេះ លោកសាមូអែលមិនសប្បាយចិត្តទេ លោក​ក៏ទូលអង្វរព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលតបមកថា៖ «ចូរស្ដាប់តាមពាក្យ​សម្តីរបស់ប្រជា ជនដែលទាមទារនោះចុះ។ មិនមែនអ្នកទេដែលពួកគេបោះបង់​ចោល​ គឺយើងទេតើដែលពួកគេបោះបង់​ចោល។ ពួកគេមិនចង់ឱ្យយើងសោយរាជ្យលើពួកគេទៀតឡើយ »។ លោកសាមូអែលនាំយកព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់​មកថ្លែងប្រាប់ប្រជាជនដែលទាមទារសុំឱ្យមានស្តេចនោះថា៖ «ស្តេចដែលនឹងសោយ​រាជ្យលើអ្នករាល់គ្នា នឹងមានសិទ្ធិដូចតទៅ គឺស្តេចនឹងយកកូនប្រុសអ្នករាល់គ្នាឱ្យធ្វើ​ជាទាហាន អ្នកខ្លះនៅខាងកងរទេះចំបាំង ខ្លះនៅខាងទ័ពសេះ ខ្លះទៀតរត់នៅមុខព្រះរាជរថ។ ស្តេចនឹងប្រើកូនទាំងនោះឱ្យធ្វើជាមេកងពល ត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ខ្លះទៀត ស្តេចប្រើឱ្យទៅភ្ជួររាស់ ច្រូតកាត់​ ផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចំបាំង។ ស្តេចនឹងប្រើកូនស្រីៗអ្នករាល់គ្នាឱ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។ ស្តេចនឹងយកស្រែ​ចម្ការទំពាំងបាយជូរ និងចម្ការអូលីវដ៏ល្អៗរបស់អ្នករាល់គ្នា ប្រគល់ឱ្យទៅមេទ័ពរបស់​ខ្លួន។ ស្តេចនឹងយកពន្ធមួយភាគដប់ពីភោគផល ពីស្រូវ ពីចំការទំពាំងបាយជូរ​របស់អ្នករាល់គ្នា មួយភាគដប់ប្រគល់ទៅឱ្យមហាតលឹករាជការ និងមេទ័ពរបស់ខ្លួន។ ស្តេចនឹងយកខ្ញុំបម្រើប្រុសស្រី និងពួកយុវជនរបស់អ្នករាលគ្នា គឺអ្នកដែលមានកម្លាំង​កំហែងជាងគេ ព្រមទាំងយកសត្វលារបស់អ្នករាល់គ្នាទៅឱ្យធ្វើការរបស់ព្រះអង្គ។ ស្តេចនឹងយកចៀមចំនួនមួយភាគដប់ពីហ្វូងចៀមរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នា​នឹងក្លាយជាខ្ញុំទាសកររបស់ស្តេច ។ ថ្ងៃមួយ អ្នករាល់គ្នានឹងស្រែកអង្វរព្រះអម្ចាស់​​ព្រោះតែស្តេច ដែលអ្នករា់គ្នាបានជ្រើសរើសនោះ តែព្រះអង្គមិនឆ្លើយតបមកអ្នករាល់គ្នាឡើយ!»។ ក៏ប៉ុន្តែ ប្រជាជនមិនព្រមស្តាប់តាមពាក្យរបស់លោកសាមូអែលទេ។ ពួកគេប្រកែកថា៖ «ទេ! ត្រូវតែមានស្តេចមួយអង្គសោយរាជ្យលើយើង ដើម្បី​​ឱ្យយើងបានដូចប្រជាជាតិទាំងប៉ុន្មានឯទៀតៗដែរ។ ស្តេចរបស់យើងនឹងគ្រប់គ្រងលើ​យើង ហើយទ្រង់នឹងនាំមុខយើងចេញទៅច្បាំង»។ កាលលោកសាមូអែលឮពាក្យសម្តី​ទាំងប៉ុន្មានរបស់ប្រជាជនហើយ លោកក៏យកទៅទូលព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកសាមូអែលថា៖ «ចូរស្តាប់តាមពាក្យរបស់គេ ហើយតែងតាំងស្តេច​មួយអង្គ ឱ្យគ្រងរាជ្យលើពួកគេចុះ!»។

ទំនុកតម្កើងលេខ ៨៩ (៨៨) ,១៦-១៩ បទកាកគតិ

១៦. បពិតព្រះម្ចាស់ ប្រជាអរណាស់ រស់ក្រោមចេស្តា
  ពន្លឺសប្បុរស សន្តោសករុណា រាស្រ្តផុតទុក្ខា
    មានសុភមង្គល
១៧. គេនឹងសប្បាយ រីករាយរាល់ថ្ងៃ ដោយស្មោះទទួល
  ព្រះនាមព្រះអង្គ ឥតមានប្រែប្រួល ខ្ពស់មុខសុខស្រួល
    ឥតមានសៅហ្មង
១៨. ព្រះម្ចាស់ប្រទាន ពួកគេឱ្យមាន ជោគសិរីផង
  ដោយព្រះសន្តោស ប្រណីឥតហ្មង យើងខ្ញុំថ្កុំថ្កើង
    ព្រោះព្រះអង្គជួយ
១៩. ព្រះម្ចាស់វិសុទ្ធ ល្អល្អះបំផុត អ៊ីស្រាអែលតែមួយ
  ទ្រង់បានជ្រើសរើស ស្តេចជាជំនួយ មិនឱ្យមានព្រួយ
    ជាខែលការពារ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ៧,១៦)

អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរម្នាក់កើតឡើង នៅក្នុង​ចំណោម​យើងហើយ! ព្រះអម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ២,១-១២)

ព្រះយេស៊ូយាងត្រឡប់មកក្រុងកាផានុមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គ​គង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្តុំគ្នាកកកុញ គ្មានសល់កន្លែងណា​សោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឱ្យគេស្តាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែ​ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ​ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ព្រះជាម្ចាស់អត់ទោសអ្នក​ឱ្យរួច​ពីបាបហើយ»។ ពួកធម្មចារ្យខ្លះដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្តថា៖ «ហេតុដូចម្តេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹង​ព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសឱ្យមនុស្សរួចពីបាបបាន!»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទើបទ្រង់មានព្រះ​បន្ទុលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់ការនេះថា​ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ” ឬថា”ចូរក្រោកឡើង យកគ្រែស្នែងរបស់​អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាលគ្នាដឹងថា បុត្ររបស់មនុស្សមានអំណាចនឹងអត់ទោសឱ្យមនុស្សនៅលើផែនដីនេះឱ្យរួចពីបាប​បាន»។ ព្រះអង្គងាកទៅ​រកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យក​គ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែ​ស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឱ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយពោលថា៖«យើងមិនដែលបានឃើញការអស្ចារ្យណាមួយ ដូចពេលនេះឡើយ!»។