ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ៤,១-១១)
ថ្ងៃមួយ ជនជាតិអ៊ីស្រាអែលចេញទៅច្បាំងតទល់នឹងជនជាតិភីលីស្ទីន។ ពួកគេបោះទ័ពនៅជិតអេបេនអេស៊ែរ រីឯពួកភីលីស្ទីនបោះទ័ពនៅអាផេក។ ជនជាតិភីលីស្ទីនបានតម្រៀបទ័ពប្រឈមមុខនឹងជនជាតិអ៊ីស្រាអែល ហើយការប្រយុទ្ធក៏ផ្ទុះឡើង។ ជនជាតិភីលីស្ទីនធ្វើឱ្យជនជាតិអ៊ីស្រាអែលបរាជ័យ ព្រមទាំងសម្លាប់ទាហានអ៊ីស្រាអែលនៅលើសមរភូមិអស់ប្រហែលបួនពាន់នាក់។ ប្រជាជនអ៊ីស្រាអែលបាក់ទ័ពវិលត្រឡប់មកស្រុកវិញ។ ពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលពោលថា៖«ហេតុអ្វីបានជាថ្ងៃនេះព្រះអម្ចាស់បណ្តោយឱ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ យកមកជាមួយពួកយើង ដើម្បីឱ្យហិបនេះជួយសង្គ្រោះពួកយើងឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។ គេក៏ចាត់មនុស្សឱ្យទៅស៊ីឡូ ហើយនាំយកហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់នៃពីភពទាំងមូល ជាព្រះដែលគង់នៅលើពួកខេរូប៊ីន។ កូនប្រុសទាំងពីររបស់លោកហេលី គឺហូបនី និងភីនេអាស បាននាំមកជាមួយហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់ដែរ។ ពេលគេនាំហិបនៃសម្ព័ន្ធមេត្រីរបស់ព្រះអម្ចាស់មកដល់ទីតាំងទ័ព ជនជាតិអ៊ីស្រាអែលទាំងមូលស្រែកជ័យឃោសយ៉ាងខ្លាំងរហូតដល់ធ្វើឱ្យខ្ទរផែនដី។ កាលពួកភីលីស្ទីនឮសម្រែកជ័យឃោសយ៉ាងខ្លាំងនេះគេពោលថា៖ «តើមានរឿងអ្វី បានជាពួកហេប្រឺស្រែកហ៊ោកញ្រ្ជៀវនៅក្នុងជំរុំខ្លាំងម្លេះ?»។ បន្ទាប់មក ទើបពួកនេះយល់ថា ហិបរបស់ព្រះអម្ចាស់បានមកដល់ជំរំហើយ ។ ពួកភីលីស្ទីនក៏ភិតភ័យ ហើយពោលថា៖ «ព្រះរបស់ពួកគេយាងមកដល់ជំរំរបស់គេហើយ។ យើងមុខជាត្រូវវេទនាពុំខាន ដ្បិតពីមុន មិនដែលមានហេតុការណ៍ដូច្នេះទេ។ យើងមុខជាត្រូវវេទនាពុំខាន! តើនរណានឹងរំដោះយើងឱ្យរួចពីកណ្តាប់ដៃព្រះដ៏ខ្លាំងពូកែនោះ? គឺព្រះនោះហើយ ដែលបានវាយជនជាតិអេស៊ីបឱ្យរងទុក្ខវេទនាគ្រប់បែបយ៉ាងនៅវាលរហោស្ថាន។ ភីលីស្ទីនអើយ! ចូរមានកម្លាំង និងមានចិត្ដអង់អាចឡើង ដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាទាសកររបស់ពួកហេប្រឺ ដូចពួកគេបានធ្វើជាទាសកររបស់យើងដែរ។ ចូរមានចិត្តអង់អាច ហើយប្រយុទ្ធនឹងពួកគេចុះ!។ ពួកភីលីស្ទីនក៏ចូលប្រយុទ្ធ ធ្វើឱ្យជនជាតិអ៊ីស្រាអែលចាញ់ បាក់ទ័ពរត់ទៅជំរុំរបស់គេរៀងៗខ្លួន ។ នៅពេលនោះ អ៊ីស្រាអែលបរាជ័យយ៉ាងធ្ងន់ គឺកងពលថ្មើរជើងរបស់គេស្លាប់អស់បីម៉ឺននាក់។ ហិបរបស់ព្រះជាម្ចាស់ត្រូវខ្មាំងដណ្តើមយកបាន ហើយកូនប្រុសទាំងពីរបស់លោកហេលីក៏បាត់បង់ជីវិតដែរ។
ទំនុកតម្កើងលេខ ៤៤ (៤៣),១០-១១.១៤-១៥.២៤-២៥ បទកាកគតិ
| ១០. | តែឥឡូវនេះ | ព្រះអង្គបានលះ | ចោលខ្ញុំសូន្យបង់ |
| មិនយាងជាមួយ | មិនជួយតម្រង់ | មិននាំទ័ពផង | |
| ឱ្យខ្ញុំបាក់មុខ | ។ | ||
| ១១. | ព្រះអង្គធ្វើឱ្យ | ខ្ញុំដកទ័ពថយ | នៅមិនបានសុខ |
| មុខបច្ចាសមិត្ត | ដែលបានសម្រុក | ប្រមូលទ្រព្យទុក | |
| ធ្វើជាជយភណ្ឌ | ។ | ||
| ១៤. | ព្រះអង្គបណ្តោយ | ប្រទេសមុខក្រោយ | ជិតខាងជុំវិញ |
| មើលងាយយើងខ្ញុំ | ចំអកជ្រក់ជ្រេញ | ខ្ញុំសែនទោម្នេញ | |
| ដោយក្តីអាម៉ាស់ | ។ | ||
| ១៥. | ព្រះអង្គធ្វើឱ្យ | ប្រជាជិតឆ្ងាយ | យករឿងខ្ញុំនេះ |
| ជាល្បែងលេងសើច | ចំអកដៀលត្មះ | ឱ្យពួកទាំងនេះ | |
| មើលងាយយើងខ្ញុំ | ។ | ||
| ២៤. | ឱព្រះម្ចាស់អើយ | កុំបង្អង់ឡើយ | សូមប្រែកាយា |
| ម្តេចក៏ព្រះអង្គ | ផ្ទំលក់ច្នេះណា | កុំដាច់មេត្តា | |
| ខ្ញុំរហូតឡើយ | ។ | ||
| ២៥. | ហេតុអ្វីព្រះអង្គ | បែរភ័ក្រ្តចេញវឹង | គ្មានស្រណោះស្តាយ |
| ធ្វើដូចមិនស្គាល់ | បំភ្លេចព្រងើយ | ខ្ញុំវេទនាហើយ | |
| ត្រូវគេជិះជាន់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ៤,២៣)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១,៤០-៤៥)
មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញទៅភ្លាម ទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោកបូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះយើងបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ ។

