១៧ មករា ២០២៦

Written on 01/10/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០១ ឆ្នាំ«គូ»
ពណ៌បៃតង

បុណ្យរម្លឹក សន្តអន់ទន នៅអ៊េស្ស៊ីប ជាចៅអធិការ
ពណ៌ស
សូមចុចទីនេះ

លោកអន់ទាន់ជាគ្រីស្តបរិស័ទជាតិអេស៊ីបម្នាក់។ កាលអាយុ២០ឆ្នាំ លោក​ចូល​ក្នុង​ព្រះវិហារ​មួយ ហើយឮគេប្រកាសព្រះបន្ទូលរបស់ព្រះយេស៊ូថា “បើអ្នកចង់បានល្អឥតខ្ចោះ ចូរយកអ្វីៗ​ទាំងអស់​ដែល​អ្នកមានទៅលក់ ហើយចែកឱ្យអ្នកក្រីក្រ រួចសឹមអញ្ជើញមកតាមខ្ញុំ” ( មថ ១៩,២១ )។ ពេល​នោះ លោក​សម្រេចចិត្តលះបង់អ្វីៗទាំងអស់ទៅរស់ជាឥសីនៅក្នុងវាលរហោរស្ថាន។ ពេលនោះមារ​ល្បួង​គាត់​ច្រើនបែបច្រើនយ៉ាង។ លោករស់នៅរបៀបនេះរហូតដល់អាយុជិត១០០ឆ្នាំ។ លោក​ទទួល​មរណ​ភាពនៅឆ្នាំ ៣៥៦ ។ គ្រីស្តបរិស័ទជាច្រើនក៏ទៅរស់នៅក្នុងវាលរហោស្ថានដូចលោកដែរ។

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល (១សម ៩,១-៤.១៧-១៩)

ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរស់ម្នាក់ឈ្មោះគីស លោកជាអភិជនមួយរូប មាន​កូនប្រុសម្នាក់ឈ្មោះសាអ៊ូល ជាយុវជនដែលមានរូបសម្បត្តិល្អស្អាត។ ក្នុងចំណោមជន​ជាតិអ៊ីស្រាអែល គ្មានអ្នកណាម្នាក់ល្អស្អាតដូចយុវជននេះឡើយ ហើយគាត់មានមាឌ​ខ្ពស់ជាងគេទាំងអស់ ។ ថ្ងៃមួយ លាញីមួយចំនួនរបស់លោកគីសជាឪពុករបស់លោកសាអ៊ូលវង្វេងបាត់។ លោកគីសក៏ប្រាប់ទៅលោកសាអ៊ូលជាកូនថា៖«ចូរនាំអ្នកបម្រើម្នាក់មក ហើយប្រញាប់​ទៅតាមរកលាញីទាំងនោះ»។ លោកសាអ៊ូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុក​សាលីសា តែរកពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ទៅ​ស្រុក​បេនយ៉ាមីនក៏នៅតែរកពុំឃើញដដែល ។ អ្នកទាំងពីរសម្រេចចិត្តទៅសួរលោក​សាមូអែល ។ ពេលលោកសាមូអែលឃើញលោកសាអ៊ូល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖«គឺបុរសនេះហើយ ដែលយើងបានប្រាប់អ្នក គេនឹងគ្រប់គ្រងលើប្រជារាស្រ្តរបស់យើង»។ លោកសាអ៊ូលចូលទៅជិតលោកសាមូអែលនៅមាត់ច្រក ហើយសួរថា៖ «សូមលោកមេត្តាប្រាប់ខ្ញុំបាទផង ផ្ទះលោកគ្រូទាយនៅឯណា?»។ លោកសាមូអែល​មានប្រសាសន៍តបទៅលោកសាអ៊ូលថា៖ «គឺខ្ញុំហ្នឹងហើយគ្រូទាយ។ សូមអញ្ជើញនាំមុខខ្ញុំឡើងទៅទីសក្ការៈ សូមលោកបរិភោគអាហារជាមួយខ្ញុំថ្ងៃនេះ» ។

ទំនុកតម្កើងលេខ ២១ (២០),២-៧ បទកាកគតិ

 
២. បពិតអម្ចាស់ រាជាអរណាស់ ព្រោះតែប្ញទ្ធា
  នុភាពព្រះអង្គ ដែលជួយការពារ ឱ្យព្រះករុណា
    មានជោគមានជ័យ ។
៣. ព្រះអង្គប្រទាន ឱ្យរាជាបាន ទទួលអ្វីៗ
  ទ្រង់មិនបដិសេធ ពាក្យអង្វរស្តី ទៅតាមព្រះទ័យ
    របស់រាជា ។
៤. ព្រះអង្គប្រទាន ពរជ័យឱ្យមាន ដល់ស្តេចគ្រប់គ្រា
  ទ្រង់ពាក់មកុដមាស ពីលើសិរសា នៃព្រះករុណា
    រុងរឿងប្រណីត ។
៥. រាជាទូលសូម ព្រះអង្គក៏ព្រម ប្រទានជីវិត
  ឱ្យព្រះករុណា ព្រះជន្មវែងពិត ដោយគ្មានកំរិត
    អង្វែងឥតស្រាន្ត ។
៦. ដោយព្រះអម្ចាស់ មានជ័យជំនះ រាជាក៏បាន
  ទទួលសិរី រុងរឿងថ្កើងថ្កាន អម្ចាស់ប្រទាន
    ថ្លៃថ្លាឧត្តម ។
៧. ព្រះអង្គតែងតាំង រាជាឱ្យនាំ ព្រះពរសក្តិសម
  ទ្រង់គងជាមួយ រាជារឹងមាំ ហើយមានទាំងព្រម
    អំណរបរិបូណ៌ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១៣០,៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យ​មេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ២,១៣-១៧)

ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្តងទៀត។ បណ្តាជនទាំងមូលនាំគ្នាមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ទ្រង់ទត​ឃើញលោកលេវី ជាកូរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូ​មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងក្រុមសាវ័ក។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកធម្មាចារ្យពីគណៈផារីស៊ីឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ក្រុមសាវ័ក​ថា៖«ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖«មនុស្សមានសុខភាពល្អ មិន​ត្រូវការគ្រូវពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្ស​សុរចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។