១០ មករា ២០២៦

Written on 08/10/2026
Sokhorn Oem

ថ្ងៃសៅរ៍ ក្រោយបុណ្យព្រះយេស៊ូសម្តែងព្រះអង្គ
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលគង់នៅជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ រួមជាមួយព្រះបុត្រាតែមួយរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំទាំងអស់គ្នាទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន (១យហ ៥,១៤-២១)

មា្នលកូនចៅជាទីស្រឡាញ់! យើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដោយ ដឹងថា ប្រសិនបើយើងទូលសុំអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្តាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្តាប់យើង ទោះបីយើងទូលសុំអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសុំនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាបដែលមិនបណ្តាលឱ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឱ្យបងប្អូននោះ​។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្តោយឱ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែល បណ្តាលឱ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឱ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មាន សុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្តាលឱ្យស្លាប់ទេ។ យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារកំណាចពុំអាចយាយីគេបានឡើយ។ យើងដឹងថា យើងកើតមកព្រះជាម្ចាស់ រីឯមនុស្សក្នុងលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាឱ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះ​អង្គហ្នឹងហើយ ដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ! ចូរចៀសឱ្យផុតពីការគោរពព្រះក្លែងក្លាយ។

ទំនុកតម្កើងលេខ ១៤៩, ១-៦ បទកាកគតិ

១. ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ ប្រសើរកន្លង
  ចូរច្រៀងតម្កើង ព្រះនាមព្រះអង្គ ក្នុងចំណោមផង
    អ្នកដែលជឿព្រះ ។
២. ចូរឱ្យជនជាតិ ស្រាអែលខ្មីឃ្មាត រីករាយទាំងអស់
  ដោយសារព្រះអង្គ បានបង្កើតមនុស្ស ទាំងស្រីទាំងប្រុស
    ពាសពេញផែនដី ។
  សូមប្រជាជន ក្នុងក្រុងស៊ីយ៉ូន អបអរប្រពៃ
  នឹងព្រះមហាក្សត្រ គ្រងលើផែនដី ជាស្តេចល្បាញល្បី
    របស់ផងខ្លួន ។
៣. សូមនាំគ្នារាំ ថ្វាយព្រះឧត្តម កុំវេះគេចពួន
  តម្កើងព្រះនាម ឱ្យបានសមសួន វាយក្រាប់ផ្ទួនៗ
    ទាំងដេញពិណថ្វាយ ។
៤. ដ្បិតព្រះអម្ចាស់ សព្វព្រះទ័យណាស់ នឹងរាស្ត្រទាំងឡាយ
  ទ្រង់តែងសង្គ្រោះ ដឹកនាំត្រួសត្រាយ ហើយតែងខ្វល់ខ្វាយ
    ជួយអ្នកទន់ទាប ។
៥. សូមឱ្យអស់អ្នក សង្ឃឹមជឿជាក់ លើព្រះដរាប
  នាំគ្នាសប្បាយ ប្រសើរលើសលប់ តម្កើងសាយសព្វ
    សិរីព្រះម្ចាស់ ។
  ទោះជាពេលយប់ ក៏គេមិនឈប់ គេនៅប្រកាស
  ទាំងលើកតម្កើង សិរីព្រះម្ចាស់ ឱ្យបានខ្ពង់ខ្ពស់
    ទាំងអំណរផង ។
៦. សូមទាំងអស់គ្នា សរសើរគ្រប់គ្រា កុំបីរំលង
  មាត់ពោលពាក្យល្អ ដៃកាន់ដាវផង ទុក្ខសោកមួរហ្មង
    វិនាសខ្ចាត់ខ្ចាយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៩,១; មថ ៤,១៦

អលេលូយ៉ា! អាលេលូយ៉ា!
ប្រជាជនដែលដើរក្នុងទីងងឹតបានឃើញពន្លឺមួយភ្លឺយ៉ាងត្រចះត្រចង់។ មានពន្លឺមួយលេចឡើងបំភ្លឺពួកដែលរស់នៅក្នុងស្រុក ក្រោមអំណាចនៃសេចក្តីស្លាប់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៣,២២-៣០)

ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយក្រុមសាវ័ក។ ព្រះអង្គស្នាក់នៅទីនោះជាមួយពួកគេ ព្រមទាំងជ្រមុជទឹកឱ្យបណ្តាជនផង។ រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកឱ្យគេនៅអៃណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកឱ្យ។ កាលណោះ លោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ ពេលនោះ ពួកសិស្សរបស់លោក​យ៉ូហាន និងជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជម្រះកាយឱ្យបានបរិសុទ្ធ។ គេនាំគ្នាទៅរកលោក​យ៉ូហានជំរាបថា៖“លោកគ្រូ! បុរសដែលនៅជាមួយលោកខាងនាយទន្លេយ័រដាន់ កាលពីថ្ងៃមុន ហើយដែលលោកផ្តល់សក្ខីភាពឱ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹកឱ្យគេ ហើយមនុស្សទាំងអស់នាំគ្នាទៅរកគាត់”។ លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖«បើព្រះជាម្ចាស់មិនប្រទានឱ្យទេនោះ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។ អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំនិយាយថា ខ្ញុំមិនមែនជាព្រះគ្រីស្តទេ គឺព្រះជាម្ចាស់ចាត់ខ្ញុំឱ្យមកមុនព្រះអង្គ។ នៅក្នុងពិធីមង្គលការកូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្តសម្លាញ់របស់ស្វាមីគេឈរស្តាប់នៅក្បែរគាត់ និងមានចិត្តត្រេកអរក្រៃលែង ដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។ ព្រះអង្គត្រូវតែចម្រើនឡើង រីឯខ្ញុំវិញខ្ញុំត្រូវតែអន់ថយ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលប្រោសមនុស្សឱ្យអាចបម្រើព្រះអង្គដោយចិត្តស្មោះ ព្រមទាំងឱ្យគេអាចកសាងសន្តិភាពបាន។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅពេលនេះ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ សូមបង្រួបបង្រួមយើងខ្ញុំឱ្យរួមគ្នាជាធ្លុងតែមួយ ដោយស្រឡាញ់ព្រះអង្គ និងស្រឡាញ់អ្នកដ៏ទៃកាន់តែខ្លាំងឡើងៗផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់! ព្រះអង្គតែងតែណែនាំប្រជារាស្ត្រព្រះអង្គ នៅពេលយើងខ្ញុំធ្វើដំណើរនៅនាលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រើសម្បត្តិលោកីយ៍ដ៏មិនទៀងទាត់នេះ ទាំងភ្ជាប់ចិត្តទៅនឹងសម្បត្តិសួគ៌ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។