០៣ មករា ២០២៦

Written on 15/10/2026
Sokhorn Oem

៣ មករា សប្តាហ៍ក្រោយបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រារបស់ព្រះអង្គប្រសូតជាមនុស្ស ដោយសារស្ត្រីព្រហ្មចារីម្នាក់។ ដោយព្រះបុត្រាបានប្រោសយើងខ្ញុំឱ្យចូលរួមក្នុងពិភពលោកថ្មី ដែលទ្រង់បានបង្កើតមកនោះ សូមព្រះបុត្រារំដោះយើងខ្ញុំឱ្យរួចពីបាបនានាផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតយ៉ូហាន (១យហ ២,២៩-៣,៦)

មា្នលកូនចៅជាទីស្រឡាញ់! អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះជាម្ចាស់សុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។ សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា! គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន! ហេតុនេះហើយ បានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងបានទៅជាយ៉ាងណាៗ នោះព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងក៏នឹងបានឃើញព្រះអង្គយ៉ាងនោះដែរ។ អ្នកណាមានសេចក្តីសង្ឃឹមទៅលើព្រះអង្គបែបនេះ អ្នកនោះបាន​ជម្រះខ្លួនឱ្យបរិសុទ្ធ ដូចព្រះអង្គទ្រង់បរិសុទ្ធដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នក​នោះ​បំពានលើវិន័យ ដ្បិតអំពើបាបជាការបំពានលើវិន័យ។ អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ។ រីឯ​អ្នក​ប្រព្រឹត្តអំពើបាបវិញ មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១.៣-៦ បទកាកគតិ

១ ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
  ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយឫទ្ធិចេស្តា
    យកជ័យជម្នះ ។
៣ ព្រះអង្គនៅតែ សម្តែងឥតប្រែ ករុណាត្រចង់
  ព្រះទ័យស្មោះស្ម័គ្រ អ៊ីស្រាអែលផង សុចរិតឥតហ្មង
    ចងចាំទាំងអស់ ។
  មនុស្សម្នាមូលមីរ រស់នៅគ្រប់ទី ឆ្ងាយទាំងស្រីប្រុស
  នៃភពផែនដី ឃើញការសង្គ្រោះ ព្រះម្ចាស់របស់
    យើងគ្រប់ៗគ្នា ។
៤ ជនទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា
  អបអរសាទរ ថ្វាយព្រះនាមា ស្រែកហ៊ោខ្ញៀវខ្ញារ
    ដោយតូរ្យតន្ត្រី ។
៥ សូមផ្ញើចិត្តកាយ ដេញទាំងពិណថ្វាយ ព្រះធ្លាប់ប្រណី
  ព្រោះព្រះអង្គនោះ ធ្លាប់ថ្នមបមបី ថែទាំយប់ថ្ងៃ
    រៀងរាល់វេលា ។
៦ ចូរនាំគ្នាផ្លុំ ត្រែស្នែងប្រគុំ ថ្វាយព្រះរាជា
  អបអរសាទរ អង្គព្រះនាមា ខ្ពស់លើពសុធា
    គ្មានអ្វីស្មើព្រះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១,១៤.១២)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅជាមួយយើង។ អស់អ្នកដែលទទួលព្រះបន្ទូលនឹងទៅជាបុត្រធីតារបស់ព្រះបិតា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១,២៩-៣៤)

នៅគ្រានោះ លោកយ៉ូហានបាទីស្តឃើញព្រះយេស៊ូយាងតម្រង់មករកលោក លោកមានប្រសាសន៍ថា៖ ”មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយដែលខ្ញុំប្រាប់អ្នករាល់គ្នាថា លោកដែលមក​​ក្រោយខ្ញុំប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឱ្យលោកបង្ហាញខ្លួនឱ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់”។ លោកយ៉ូហានផ្តល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះដូចសត្វព្រាបពីស្ថានបរមសុខមក ហើយសណ្ឋិតលើលោក។ ពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ“។ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ ដោយយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ តាមជំនឿរបស់យើងខ្ញុំផង។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្ត ព្រះអង្គយាងមករកយើងខ្ញុំ។ មានតែព្រះអង្គទេដែលអាចរៀបចំចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្តយ៉ាងសមសួនបាន។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានទៀងត្រង់ ដើម្បីឱ្យយើងខ្ញុំរស់នៅយ៉ាងសក្តិសមនឹងព្រះកាយដែលយើងខ្ញុំបានទទួលនៅពេលនេះផង។