បេនស៊ីរ៉ាក់ ១៥

Written on 22/12/2025
Boy KANN

រង្វាន់​របស់​មនុស្ស​សុចរិត
 អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​តែង​តែ​ប្រតិ‌បត្តិ​តាម​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អង្គ ហើយ​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខាង​វិន័យ​រមែង​ទទួល​ព្រះ‌ប្រាជ្ញា​ញាណ។  ព្រះ‌ប្រាជ្ញា​ញាណ​នឹង​យាង​មក​ជួប​គាត់ ដូច​ម្តាយ​មក​ជួប​កូន ឬ​ដូច​កូន​ក្រមុំ​ទទួល​ស្វាមី នៅ​ថ្ងៃ​រៀប​ការ​ដែរ។  ព្រះ‌ប្រាជ្ញា​ញាណ​ផ្តល់​សុភ‌និច្ឆ័យ ទុក​ជា​អាហារ​សម្រាប់​គាត់ ហើយ​ផ្តល់​ប្រាជ្ញា​ទុក​ជា​ភេជ្ជៈ​សម្រាប់​គាត់។  ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌ប្រាជ្ញា​ញាណ គាត់​មិន​ខ្សោយ​កម្លាំង​ទេ ហើយ​ដោយ​ជំពាក់​ចិត្ត​លើ​ព្រះ‌អង្គ គាត់​ក៏​មិន​អាម៉ាស់​មុខ​ដែរ។  ព្រះ‌ប្រាជ្ញា​ញាណ​នឹង​លើក​គាត់​ទ្បើង ឲ្យ​ខ្ពស់​លើស​ញាតិ​សន្តាន​របស់​គាត់ ហើយ​ប្រទាន​ឲ្យ​គាត់​មាន​ពាក្យ​សម្ដី ដែល​ត្រូវ​និយាយ នៅ​ក្នុង​អង្គ​ប្រជុំ។  គាត់​នឹង​មាន​អំណរ​សប្បាយ ដូច​បាន​ពាក់​មកុដ​គាត់​ក៏​មាន​ឈ្មោះ​ល្បី​អស់​កល្ប‌ជានិច្ច​ដែរ។
 រីឯ​មនុស្ស​លេលា​វិញ គេ​ពុំ​អាច​ឈោង​ចាប់​ព្រះ‌ប្រាជ្ញា​ញាណ​បាន​ទេ! មនុស្ស​បាប​ក៏​មិន​អាច​ឃើញ​ព្រះ‌អង្គ​ដែរ។
 ព្រះ‌ប្រាជ្ញា​ញាណ​ស្ថិត​នៅ​ឆ្ងាយ​ពី​មនុស្ស​អួត​បំប៉ោង ហើយ​អ្នក​កុហក​ភូត​ភរ​មិន​នឹក​ចាំ​ពី​ព្រះ‌អង្គ​ទ្បើយ។
 មនុស្ស​បាប​មិន​សម​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់​ទេ ព្រោះ​ការ​សរសើរ​តម្កើង​សុទ្ធ​តែ​ព្រះ‌អង្គ​ប្រទាន​ឲ្យ។
១០ ព្រះ‌ប្រាជ្ញា​ញាណ​ណែ​នាំ​មនុស្ស​ឲ្យ​លើក​តម្កើង​ព្រះ‌អម្ចាស់ គឺ​ព្រះ‌អង្គ​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​លើក​តម្កើង។
១១ ប្រសិន​បើ​កូន​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ កុំ​ពោល​ថា​មក​ពី​ព្រះ‌អម្ចាស់​ទ្បើយ! ព្រោះ​ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​កិច្ច‌ការ ដែល​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហប្ញទ័យ​ទេ! ១២ កុំ​ពោល​ថា «ព្រះ‌អង្គ​នាំ​ខ្ញុំ​ឲ្យ​វង្វេង» ដ្បិត​ព្រះ‌អង្គ​មិន​ត្រូវ​ការ​មនុស្ស​បាប​ឡើយ។
១៣ ព្រះ‌អម្ចាស់​ស្អប់​អំពើ​អាក្រក់​គ្រប់​យ៉ាង អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ មិន​ប្រព្រឹត្ត​អំពើ​បាប​ទេ!។
១៤ កាល​ពី​ដើម​ដំបូង ពេល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស ព្រះ‌អង្គ​ប្រទាន​ឲ្យ​មនុស្ស​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​សម្រេច​របស់​ខ្លួន។ ១៥ ប្រសិន​បើ​កូន​មាន​បំណង​ប្រតិ‌បត្តិ​តាម​វិន័យ​របស់​ព្រះ‌អម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិ‌បត្តិ​តាម​បាន។ កូន​អាច​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គ​បាន តាម​ការ​សម្រេច​ចិត្ត​របស់​កូន។ ១៦ ព្រះ‌អង្គ​ដាក់​ទឹក និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស‌រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា។ ១៧ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មនុស្ស​លោក​មាន​ជីវិត ឬ​ស្លាប់ តាម​តែ​ម្នាក់ៗ​ជ្រើស‌រើស។
១៨ ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា​ញាណ​ឈ្លាស​វៃ​ក្រៃ​លែង ព្រះ‌អង្គ​មាន​ប្ញទ្ធា‌នុភាព​ខ្លាំង​ក្លា ហើយ​ឈ្វេង​យល់​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់។
១៩ ព្រះ‌អម្ចាស់​យក​ព្រះ‌ហប្ញទ័យ​ទុក​ដាក់ ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ឈ្វេង​យល់​កិច្ច‌ការ​ទាំង​អស់​ដែល​មនុស្ស​លោក​ប្រព្រឹត្ត។
២០ ព្រះ‌អង្គ​មិន​បញ្ជា​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​បទ​ល្មើស​ទេ ព្រះ‌អង្គ​ក៏​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ដែរ។