លោកសិលាធ្វើសេចក្ដីរាយការណ៍ជូនក្រុមអ្នកជឿនៅក្រុងយេរូសាឡឹម
១ ក្រុមគ្រីស្ដទូត* និងបងប្អូននៅស្រុកយូដា ឮដំណឹងថា សាសន៍ដទៃបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរ។ ២ កាលលោកសិលាឡើងទៅដល់ក្រុងយេរូសាឡឹមវិញ អ្នកជឿដែលជាសាសន៍យូដានាំគ្នារិះគន់លោកថា៖ ៣ «លោកបានចូលក្នុងផ្ទះសាសន៍ដទៃឆ ហើយក៏បានបរិភោគជាមួយពួកគេថែមទៀតផង!»។
៤ លោកសិលាក៏រៀបរាប់ប្រាប់គេយ៉ាងក្បោះក្បាយថា៖ ៥ «កាលខ្ញុំនៅក្រុងយ៉ុបប៉េ ក្នុងពេលអធិស្ឋាន* ខ្ញុំលង់ស្មារតី និមិត្តឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ខ្ញុំ។ ៦ ពេលខ្ញុំពិនិត្យយ៉ាងដិតដល់ទៅ ខ្ញុំឃើញមានសត្វចតុប្បាទ សត្វព្រៃ សត្វលូនវារ និងបក្សាបក្សី។ ៧ ខ្ញុំក៏បានឮព្រះសូរសៀងបញ្ជាមកខ្ញុំថាៈ “សិលាអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!”។ ៨ ប៉ុន្តែ ខ្ញុំទូលទៅវិញថាៈ “ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យ*ហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ”។ ៩ ព្រះសូរសៀងនោះក៏បន្លឺចុះពីលើមេឃមក ជាលើកទីពីរថាៈ “អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!”។ ១០ ហេតុការណ៍នេះបានកើតមានដល់ទៅបីដង ទើបវត្ថុនោះឡើងទៅលើមេឃវិញអស់។ ១១ ពេលនោះ ស្រាប់តែមានបុរសបីនាក់ ដែលគេចាត់ពីក្រុងសេសារេឲ្យមករកខ្ញុំ បានមកដល់ផ្ទះដែលយើងស្នាក់នៅ។ ១២ ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ខ្ញុំឲ្យចេញដំណើរទៅជាមួយគេ កុំរារែកឡើយ។ ពេលនោះ មានបងប្អូនប្រាំមួយនាក់បានជូនដំណើរខ្ញុំទៅដែរ ហើយយើងបានទៅដល់ផ្ទះលោកគ័រនេល្យូស។ ១៣ លោកបានរៀបរាប់ប្រាប់យើងថា លោកបានឃើញទេវទូតមកជួបលោកនៅក្នុងផ្ទះ ទាំងពោលថាៈ “សុំលោកចាត់មនុស្សឲ្យទៅក្រុងយ៉ុបប៉េ រកម្នាក់ឈ្មោះស៊ីម៉ូនហៅសិលា ១៤ គាត់នឹងប្រកាសព្រះបន្ទូលដែលផ្ដល់ការសង្គ្រោះឲ្យលោក និងក្រុមគ្រួសាររបស់លោកទាំងមូល”។ ១៥ នៅពេលខ្ញុំចាប់ផ្ដើមនិយាយ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងចុះមកសណ្ឋិតលើពួកគេ ដូចព្រះអង្គបានយាងចុះមកសណ្ឋិតលើយើង កាលពីដើមដំបូងនោះដែរ។ ១៦ ពេលនោះ ខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអម្ចាស់ថា “លោកយ៉ូហានបានធ្វើពិធីជ្រមុជឲ្យគេក្នុងទឹក រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ”។ ១៧ ប្រសិនបើព្រះជាម្ចាស់ប្រទានព្រះអំណោយទានដល់គេ ដូចព្រះអង្គប្រទានមកយើង ដែលជឿលើព្រះអម្ចាស់យេស៊ូគ្រីស្ដដែរនោះ តើរូបខ្ញុំនេះមានអំណាចអ្វីនឹងឃាត់ឃាំងព្រះជាម្ចាស់បាន?»។ ១៨ កាលពួកអ្នកជឿបានឮសេចក្ដីទាំងនេះ គេក៏ធូរចិត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «សូម្បីតែសាសន៍ដទៃក៏ព្រះជាម្ចាស់ប្រោសប្រទានឲ្យគេកែប្រែចិត្តគំនិត ដើម្បីទទួលជីវិតដែរ!»។
ក្រុមគ្រីស្ដបរិស័ទនៅក្រុងអន់ទីយ៉ូក
១៩ ក្រោយពីជនជាតិយូដាបានសម្លាប់លោកស្ទេផានហើយ ពួកគេក៏បៀតបៀនអ្នកជឿ ធ្វើឲ្យអ្នកទាំងនោះខ្ចាត់ខ្ចាយ អ្នកខ្លះទៅដល់ស្រុកភេនីស៊ី អ្នកខ្លះទៅដល់កោះគីប្រុស និងអ្នកខ្លះទៀតទៅដល់ក្រុងអន់ទីយ៉ូក។ អ្នកជឿទាំងនោះពុំបានប្រកាសព្រះបន្ទូលប្រាប់នរណាផ្សេងទៀត ក្រៅពីសាសន៍យូដាឡើយ។ ២០ ប៉ុន្តែ មានអ្នកជឿខ្លះពីកោះគីប្រុស និងពីស្រុកគីរេនមកដល់ក្រុងអន់ទីយ៉ូក ហើយផ្សព្វផ្សាយដំណឹងល្អ*ស្ដីអំពីព្រះអម្ចាស់យេស៊ូ ប្រាប់ពួកអ្នកដែលនិយាយភាសាក្រិក។ ២១ ព្រះអម្ចាស់បានជួយជ្រោមជ្រែងគេ ហើយមានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។
២២ ព្រះសហគមន៍*នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឲ្យទៅក្រុងអន់ទីយ៉ូក។ ២៣ កាលគាត់ទៅដល់ បានឃើញព្រះជាម្ចាស់ប្រណីសន្ដោសពួកគេដូច្នេះ គាត់ត្រេកអរសប្បាយ ហើយទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ ២៤ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។
២៥ បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូល នៅក្រុងតារសុស។ ២៦ កាលបានជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីរបានរស់នៅជាមួយព្រះសហគមន៍ អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្ដាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសាវ័ក ជាលើកទីមួយថា «គ្រីស្ដបរិស័ទ»។
២៧ នៅគ្រានោះ មានពួកព្យាការី*ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម មកដល់ក្រុងអន់ទីយ៉ូក។ ២៨ ក្នុងចំណោមព្យាការីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយព្រះវិញ្ញាណបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលព្រះចៅអធិរាជក្លូដ)។ ២៩ ពួកសាវ័ក*នាំគ្នាសម្រេចចិត្តផ្ញើជំនួយ តាមសមត្ថភាពរៀងៗខ្លួន ទៅជូនបងប្អូននៅស្រុកយូដា។ ៣០ គេបានប្រមូលប្រាក់ ហើយផ្ញើតាមលោកបារណាបាស និងលោកសូលយកទៅជូនពួកព្រឹទ្ធាចារ្យ*។

