សុន្ទរកថារបស់លោកស្ទេផាន
១ លោកមហាបូជាចារ្យមានប្រសាសន៍សួរថា៖ «តើពិតជាដូច្នេះមែនឬ?» ២ លោកស្ទេផានឆ្លើយឡើងថា៖ «សូមជម្រាបអស់លោកជាបងប្អូន និងជាឪពុក សូមជ្រាប! កាលលោកអប្រាហាំ*ជាបុព្វបុរស*របស់យើង រស់នៅឯស្រុកមេសូប៉ូតាមី គឺមុនពេលលោកទៅនៅស្រុកហារ៉ន ព្រះជាម្ចាស់ប្រកបដោយសិរីរុងរឿង បានមកបង្ហាញព្រះអង្គឲ្យលោកឃើញ ៣ ហើយមានព្រះបន្ទូលថា៖ “ចូរចាកចេញពីស្រុកកំណើតរបស់អ្នក ចាកចេញពីញាតិសន្ដានរបស់អ្នក រួចធ្វើដំណើរទៅកាន់ស្រុកមួយដែលយើងនឹងបង្ហាញអ្នក!”។ ៤ លោកអប្រាហាំក៏ចាកចេញពីស្រុកខាល់ដេទៅរស់នៅក្នុងស្រុកហារ៉ន។ ក្រោយពេលឪពុករបស់លោកទទួលមរណភាពផុតទៅ ព្រះជាម្ចាស់បាននាំលោកចេញពីស្រុកនោះ មកនៅស្រុកដែលអស់លោករស់នៅសព្វថ្ងៃ។ ៥ នៅស្រុកនេះ ព្រះជាម្ចាស់ពុំបានប្រទានដីធ្លីឲ្យលោកឡើយ គឺសូម្បីតែដីល្មមនឹងដាក់បាតជើង ក៏ព្រះអង្គមិនប្រទានឲ្យដែរ។ ប៉ុន្តែ ព្រះអង្គបានសន្យាថា នឹងប្រគល់ស្រុកនេះទាំងមូលមកឲ្យលោក និងឲ្យពូជពង្សរបស់លោកទៅជំនាន់ក្រោយៗផង។ ពេលនោះ លោកអប្រាហាំគ្មានកូនទេ។ ៦ ព្រះជាម្ចាស់មានព្រះបន្ទូលថាៈ “ពូជពង្សរបស់អ្នកនឹងអាស្រ័យនៅលើទឹកដីបរទេស។ អ្នកស្រុកនោះនឹងយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ ព្រមទាំងធ្វើទុក្ខទោសគេ អស់រយៈពេលបួនរយឆ្នាំ”។ ៧ ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា “ប៉ុន្តែ យើងនឹងដាក់ទោសជាតិសាសន៍ដែលយកពូជពង្សរបស់អ្នកធ្វើជាខ្ញុំបម្រើ។ ក្រោយមក ពូជពង្សរបស់អ្នកនឹងចាកចេញពីស្រុកនោះ មកគោរពថ្វាយបង្គំយើងនៅកន្លែងនេះ”។ ៨ បន្ទាប់មក ព្រះជាម្ចាស់បានប្រោសប្រទានសម្ពន្ធមេត្រី*ឲ្យលោកអប្រាហាំ ដោយយកពិធីកាត់ស្បែក*ធ្វើជាសញ្ញា។ ហេតុនេះហើយបានជាលោកអ៊ីសាកកើតបានប្រាំបីថ្ងៃ លោកអប្រាហាំ ជាឪពុក បានធ្វើពិធីកាត់ស្បែកឲ្យ។ លោកអ៊ីសាកក៏បានធ្វើពិធីកាត់ស្បែកឲ្យលោកយ៉ាកុប ហើយលោកយ៉ាកុបក៏បានធ្វើពិធីកាត់ស្បែកឲ្យបុព្វបុរស*ទាំងដប់ពីររូបដែរ។
៩ ពួកបុព្វបុរសមានចិត្តច្រណែនឈ្នានីសនឹងលោកយ៉ូសែប ក៏លក់លោកឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។ ១០ ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។
១១ ពេលនោះ មានកើតទុរ្ភិក្សពេញទាំងស្រុកអេស៊ីប និងស្រុកកាណាន បណ្ដាលឲ្យមានទុក្ខវេទនាជាខ្លាំង បុព្វបុរសរបស់យើងរកអ្វីបរិភោគពុំបានឡើយ។ ១២ ពេលលោកយ៉ាកុបឮដំណឹងថានៅស្រុកអេស៊ីបមានស្រូវ លោកក៏ចាត់ពួកបុព្វបុរសរបស់យើង ឲ្យទៅស្រុកនោះជាលើកទីមួយ។ ១៣ នៅលើកទីពីរ លោកយ៉ូសែបបានប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់លោក ហើយព្រះចៅផារ៉ោនក៏បានជ្រាបអំពីដើមកំណើតរបស់លោកយ៉ូសែបដែរ។ ១៤ បន្ទាប់មក លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុប ជាឪពុក និងញាតិសន្ដានទាំងអស់ ដែលមានគ្នាចិតសិបប្រាំនាក់នោះមក។ ១៥ លោកយ៉ាកុបក៏ចុះទៅស្រុកអេស៊ីប ហើយលោកទទួលមរណភាពទៅ ពួកបុព្វបុរសក៏ទទួលមរណភាពនៅស្រុកនោះដែរ។ ១៦ គេបានដឹកសពលោកយ៉ាកុប និងសពពួកបុព្វបុរសមកបញ្ចុះនៅភូមិស៊ីគែម ក្នុងផ្នូរដែលលោកអប្រាហាំបានទិញពីកូនរបស់លោកហាម័រ នៅភូមិស៊ីគែមនោះ។
១៧ លុះជិតដល់ពេលព្រះជាម្ចាស់ ត្រូវបំពេញតាមព្រះបន្ទូល ដែលព្រះអង្គសន្យាជាមួយលោកអប្រាហាំ ជនជាតិរបស់យើងបានកើនចំនួនកាន់តែច្រើនឡើងៗនៅស្រុកអេស៊ីប។ ១៨ បន្ទាប់មក មានស្ដេចថ្មីឡើងគ្រងរាជ្យនៅស្រុកអេស៊ីប តែស្ដេចមិនស្គាល់លោកយ៉ូសែបទេ។ ១៩ ស្ដេចថ្មីនោះបានប្រើល្បិចអាក្រក់មកលើពូជសាសន៍យើង គឺស្ដេចបានធ្វើបាបបុព្វបុរសរបស់យើង រហូតដល់បង្ខំពួកគាត់ឲ្យយកទារកតូចៗរបស់ខ្លួនទៅបំបរបង់ចោល ដើម្បីកុំឲ្យមានជីវិតរស់តទៅមុខទៀត។ ២០ លោកម៉ូសេបានកើតនៅជំនាន់នោះ ហើយលោកជាទារកមួយដ៏ស្អាត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ឪពុកម្ដាយបានចិញ្ចឹមលោកនៅក្នុងផ្ទះអស់រយៈពេលបីខែ។ ២១ កាលគេបំបរបង់លោកចោល បុត្រីរបស់ស្ដេចផារ៉ោនបានរើសលោកយកមកចិញ្ចឹមបីបាច់ថែរក្សា ធ្វើជាកូន។ ២២ លោកម៉ូសេបានទទួលការអប់រំ តាមចំណេះវិជ្ជាទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប លោកមានសំនួនវោហារពូកែ ហើយប៉ិនប្រសប់ធ្វើកិច្ចការផ្សេងៗផង។
២៣ លុះដល់លោកមានអាយុគម្រប់សែសិបឆ្នាំ លោកក៏បានសម្រេចចិត្តទៅសួរសុខទុក្ខជនជាតិអ៊ីស្រាអែល ជាបងប្អូនរួមជាតិរបស់លោក។ ២៤ លោកបានឃើញជនរួមជាតិរបស់លោកម្នាក់ត្រូវគេធ្វើបាប លោកក៏ចេញមុខការពារ ហើយសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីបនោះទៅ។ ២៥ លោកនឹកស្មានថា បងប្អូនរួមជាតិរបស់លោកមុខជាយល់ថា ព្រះជាម្ចាស់នឹងសង្គ្រោះពួកគេតាមរយៈលោក ប៉ុន្តែ ពួកគេពុំបានយល់ដូច្នោះឡើយ។ ២៦ នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រទះឃើញជនជាតិអ៊ីស្រាអែលខ្លះកំពុងវាយគ្នា លោកក៏មានប្រសាសន៍សម្រុះសម្រួលគេថាៈ “អ្នករាល់គ្នាជាបងប្អូននឹងគ្នា ហេតុដូចម្ដេចបានជាធ្វើបាបគ្នាឯងដូច្នេះ?”។ ២៧ ម្នាក់ដែលធ្វើបាបបងប្អូន បានច្រានលោកម៉ូសេចេញ ទាំងពោលថាៈ “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមពីលើយើង? ២៨ តើអ្នកចង់សម្លាប់ខ្ញុំដូចអ្នកបានសម្លាប់អេស៊ីបម្នាក់ពីម្សិលមិញនោះដែរឬ?”។ ២៩ កាលលោកម៉ូសេឮពាក្យនេះ លោកក៏ភៀសខ្លួនទៅនៅស្រុកម៉ាឌីយ៉ាន។ នៅស្រុកនោះ លោកបានកូនប្រុសពីរនាក់។
៣០ សែសិបឆ្នាំកន្លងមកទៀត មានទេវទូត*មួយរូបបានបង្ហាញខ្លួនឲ្យលោកឃើញ នៅវាលរហោស្ថានភ្នំស៊ីណៃ ក្នុងអណ្ដាតភ្លើងដែលកំពុងឆេះនៅគុម្ពោតមួយ។ ៣១ លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថាៈ ៣២ “យើងជាព្រះនៃបុព្វបុរសរបស់អ្នក គឺជាព្រះរបស់អប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប”។ លោកម៉ូសេភ័យញ័រជាខ្លាំង ពុំហ៊ានសម្លឹងមើលទេ។ ៣៣ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ “ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាកន្លែងដ៏វិសុទ្ធ*។ ៣៤ យើងបានឃើញប្រជារាស្ដ្ររបស់យើងរងទុក្ខលំបាកនៅស្រុកអេស៊ីប យើងក៏បានឮសម្រែកសោកសៅរបស់គេដែរ យើងចុះមកនេះ ដើម្បីរំដោះពួកគេ។ ចូរមក! យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីបឥឡូវនេះ”។
៣៥ ជនជាតិអ៊ីស្រាអែល បានបដិសេធមិនទទួលស្គាល់លោកម៉ូសេនេះទេ ដោយពោលថា “នរណាបានតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមលើយើង?”។ ក៏ប៉ុន្តែ ព្រះជាម្ចាស់បានចាត់លោកឲ្យទៅ ក្នុងឋានៈជាមេដឹកនាំ និងជាអ្នករំដោះ ដោយមានជំនួយពីទេវទូត ដែលបានបង្ហាញខ្លួនឲ្យលោកឃើញក្នុងគុម្ពោត។ ៣៦ គឺលោកម៉ូសេនេះហើយ ដែលបានដឹកនាំជនជាតិអ៊ីស្រាអែលចេញមក ទាំងសម្ដែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យ នៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំផង។ ៣៧ លោកម៉ូសេនេះហើយដែលមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថាៈ “ព្រះជាម្ចាស់នឹងធ្វើឲ្យមានព្យាការីម្នាក់ដូចខ្ញុំ ងើបឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា”។ ៣៨ កាលជនជាតិអ៊ីស្រាអែលនៅជួបជុំគ្នាក្នុងវាលរហោស្ថាន គឺលោកម៉ូសេនេះហើយ ដែលនៅជាមួយទេវទូតផង នៅជាមួយបុព្វបុរសផង។ ទេវទូតបានថ្លែងព្រះបន្ទូលមកលោក នៅលើភ្នំស៊ីណៃ ហើយលោកបានទទួលព្រះបន្ទូលដែលផ្ដល់ជីវិត យកមកប្រគល់ឲ្យយើងទាំងអស់គ្នា។ ៣៩ បុព្វបុរសរបស់យើងមិនព្រមស្ដាប់បង្គាប់លោកទេ គឺគេបែរជានាំគ្នាជំទាស់នឹងលោក ហើយមានចិត្តចង់វិលត្រឡប់ទៅស្រុកអេស៊ីបវិញ ៤០ ដោយពោលទៅកាន់លោកអរ៉ុនថាៈ “សូមលោកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតលោកម៉ូសេ ដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងលោកទៅជាយ៉ាងណាហើយទេ!”។ ៤១ នៅគ្រានោះ គេក៏បានឆ្លាក់រូបកូនគោមួយ ហើយយកយញ្ញបូជាមកថ្វាយរូបចម្លាក់នោះ រួចនាំគ្នាសប្បាយរីករាយចំពោះវត្ថុដែលជាស្នាដៃរបស់ខ្លួន។ ៤២ ពេលនោះ ព្រះជាម្ចាស់ឈប់រវីរវល់នឹងគេ ព្រះអង្គបណ្ដោយគេឲ្យគោរពថ្វាយបង្គំផ្កាយទាំងឡាយនៅលើមេឃ ស្របនឹងសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីថាៈ
“ប្រជារាស្ដ្រអ៊ីស្រាអែលអើយ!
ក្នុងអំឡុងពេលសែសិបឆ្នាំនៅវាលរហោស្ថាន
តើអ្នករាល់គ្នាដែលបានយកសត្វ
ឬយញ្ញបូជាអ្វីមកឲ្យយើងឬទេ?។
៤៣អ្នករាល់គ្នាបានសែងខ្ទមរបស់ព្រះម៉ូឡេក
និងសែងរូបផ្កាយតំណាងព្រះរ៉ៃផាន
របស់អ្នករាល់គ្នា។
រូបសំណាកអស់ទាំងនេះ អ្នករាល់គ្នាបានឆ្លាក់
ដើម្បីយកមកថ្វាយបង្គំ!។
ដូច្នេះ យើងនឹងកៀរអ្នករាល់គ្នាយកទៅឆ្ងាយ
ហួសស្រុកបាប៊ីឡូនទៅទៀត”។
៤៤ នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានព្រះពន្លា*របស់ព្រះជាម្ចាស់សង់ឡើង ស្របតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានបង្គាប់មកលោកម៉ូសេ គឺតាមគំរូដែលលោកបានឃើញ។ ៤៥ បុព្វបុរសរបស់យើងបានទទួលព្រះពន្លាតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស៊ូអា គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។ ៤៦ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះបាទដាវីឌ ព្រះបាទដាវីឌក៏បានទូលសូមអនុញ្ញាតពីព្រះអង្គ រកព្រះដំណាក់មួយថ្វាយព្រះរបស់លោកយ៉ាកុប ៤៧ តែព្រះបាទសាឡូម៉ូនឯណោះវិញទេ ដែលបានសង់ព្រះដំណាក់នោះ។ ៤៨ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនគង់នៅក្នុងដំណាក់ដែលសង់ឡើងដោយដៃមនុស្សឡើយ ដូចព្យាការី*បានថ្លែងទុកមកស្រាប់ថាៈ
៤៩ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង
ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ”។
ព្រះអម្ចាស់មានព្រះបន្ទូលថាៈ
“តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា
ឲ្យយើងបាន?
តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
៥០ គឺយើងទេតើដែលបានបង្កើត
អ្វីៗទាំងនោះមក!”។
៥១ អស់លោកចិត្តរឹងរូសអើយ! អស់លោកមានចិត្ត មានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ! ៥២ គ្មានព្យាការីណាម្នាក់ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់លោកបានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា ព្រះដ៏សុចរិតនឹងយាងមក។ ឥឡូវនេះ អស់លោកបានចាប់ព្រះអង្គនោះបញ្ជូនទៅឲ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀតផង។ ៥៣ អស់លោកបានទទួលវិន័យរបស់ព្រះជាម្ចាស់ តាមរយៈទេវទូត តែអស់លោកពុំបានប្រព្រឹត្តតាមសោះ!»។
បណ្ដាជនសម្លាប់លោកស្ទេផាន
៥៤ កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។ ៥៥ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្ដាំព្រះអង្គ។ ៥៦ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្ស*ឈរនៅខាងស្ដាំព្រះជាម្ចាស់»។ ៥៧ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ ៥៨ គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។ ៥៩ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ ៦០ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។

