សិរីរុងរឿងរបស់ព្រះយេស៊ូ
(ម៉ាកុស ៩.២-៨ លូកា ៩.២៨-៣៦)
១ ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ ២ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័ក*ទាំងបី គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។ ៣ សាវ័កទាំងបីបានឃើញលោកម៉ូសេ* និងព្យាការី*អេលី សន្ទនាជាមួយព្រះយេស៊ូ។ ៤ លោកសិលាទូលព្រះអង្គថា៖ «ព្រះអម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះអង្គសព្វព្រះហឫទ័យ ទូលបង្គំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះអង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលី»។ ៥ កាលលោកសិលាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក*ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់ ចូរស្ដាប់ព្រះអង្គចុះ!»។ ៦ ពួកសាវ័កឮដូច្នោះ ក៏នាំគ្នាក្រាបចុះ ឱនមុខដល់ដី ព្រោះគេភ័យខ្លាចជាខ្លាំង។ ៧ ព្រះយេស៊ូយាងចូលទៅជិត ដាក់ព្រះហស្ដលើគេ ទាំងមានព្រះបន្ទូលថា៖ «ចូរនាំគ្នាក្រោកឡើង កុំខ្លាចអី!»។ ៨ កាលពួកសាវ័កងើបមុខឡើង ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ ពុំឃើញមាននរណាទៀតឡើយ។ ៩ ពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវ័ក*ទាំងបី ព្រះយេស៊ូហាមប្រាមគេថា៖ «កុំនិយាយប្រាប់នរណាអំពីហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញនេះឲ្យសោះ ត្រូវចាំរហូតដល់បុត្រមនុស្ស*មានជីវិតរស់ឡើងវិញ»។ ១០ ពួកសាវ័ក*ទូលសួរព្រះអង្គថា៖ «ហេតុដូចម្ដេចបានជាពួកបណ្ឌិតខាងវិន័យ*ចេះតែនិយាយថា ព្យាការីអេលីត្រូវអញ្ជើញមកមុន?»។ ១១ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្យាការីអេលីអញ្ជើញមកមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ១២ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្យាការីអេលីបានអញ្ជើញមករួចហើយ តែពួកគេមិនព្រមទទួលស្គាល់លោកទេ មិនតែប៉ុណ្ណោះសោត គេថែមទាំងបានធ្វើបាបលោកសព្វបែបយ៉ាង តាមអំពើចិត្តរបស់គេទៀតផង។ បុត្រមនុស្សក៏នឹងត្រូវគេធ្វើបាបដូច្នោះដែរ»។ ១៣ ពេលនោះ ពួកសាវ័កយល់ថា ព្រះអង្គមានព្រះបន្ទូលអំពីលោកយ៉ូហានបាទីស្ដ*។
ព្រះយេស៊ូដេញខ្មោចចេញពីក្មេងម្នាក់
(ម៉ាកុស ៩.១៤-២៧ លូកា ៩.៣៧-៤៣)
១៤ កាលព្រះយេស៊ូ និងសាវ័ក*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ១៥ ទូលថា៖ «លោកម្ចាស់អើយ សូមលោកអាណិតមេត្តាកូនប្រុសរបស់ខ្ញុំប្របាទផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹក ជាញឹកញាប់។ ១៦ ខ្ញុំប្របាទបាននាំវាមកជួបសាវ័ករបស់លោកដែរ តែគេពុំអាចមើលវាឲ្យជាទេ»។ ១៧ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ ១៨ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលគំរាមខ្មោច ខ្មោចក៏ចេញ ហើយក្មេងនោះបានជាតាំងពីពេលនោះមក។
១៩ ពេលនោះ ពួកសាវ័កចូលមកគាល់ព្រះយេស៊ូ ដាច់ឡែកពីគេ ទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញខ្មោចនោះបាន?»។ ២០ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «មកពីអ្នករាល់គ្នាមានជំនឿតិចពេក។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមានជំនឿប៉ុនគ្រាប់ពូជមួយដ៏ល្អិត អ្នករាល់គ្នានឹងបញ្ជាទៅភ្នំនោះថា “ចូរចេញពីនេះ ទៅនៅកន្លែងផ្សេងទៅ!” ភ្នំមុខជាធ្វើតាមពាក្យអ្នករាល់គ្នាមិនខាន ដ្បិតគ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតឡើយ។ ២១ [គេអាចដេញខ្មោចប្រភេទនេះឲ្យចេញបាន លុះត្រាតែអធិស្ឋាន* និងតមអាហារ»។]
ព្រះយេស៊ូប្រកាសអំពីព្រះអង្គត្រូវសោយទិវង្គត
(ម៉ាកុស ៩.៣០-៣២ លូកា ៩.៤៣-៤៥)
២២ កាលពួកសាវ័ក*នៅជុំគ្នាក្នុងស្រុកកាលីឡេ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។ ២៣ គេនឹងសម្លាប់លោក ប៉ុន្តែ នៅថ្ងៃទីបី លោកនឹងមានជីវិតរស់ឡើងវិញ»។ ឮដូច្នោះ ពួកសាវ័ក*ព្រួយចិត្តជាខ្លាំង។
ការបង់ពន្ធព្រះវិហារនៅក្រុងយេរូសាឡឹម
២៤ លុះព្រះយេស៊ូយាងមកដល់ក្រុងកាផានុមជាមួយពួកសាវ័ក អ្នកហូតពន្ធសម្រាប់ព្រះវិហារនាំគ្នាចូលមករកលោកសិលា ហើយសួរថា៖ «លោកគ្រូរបស់អ្នកបង់ពន្ធសម្រាប់ព្រះវិហារឬទេ?»។ ២៥ លោកតបវិញថា៖ «បាទ! លោកបង់!»។ កាលលោកសិលាទៅដល់ផ្ទះ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីបុត្ររបស់ស្ដេច ឬពីអ្នកផ្សេង?»។ ២៦ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ ២៧ ប៉ុន្តែ ដើម្បីកុំឲ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេ មកបើកមាត់ អ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់ពន្ធឲ្យខ្ញុំ និងឲ្យអ្នកចុះ!»។

