ព្រះបាទអសាគ្រងរាជ្យលើស្រុកយូដា
១ ព្រះបាទអសាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្តេច។ ២ ស្តេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្តេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា។ ៣ ស្តេចបានប្រាប់ជនជាតិយូដាឲ្យស្វែងរកព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមវិន័យ និងបទបញ្ជារបស់ព្រះអង្គផង។ ៤ ស្តេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជកាលរបស់ព្រះបាទអសា ស្រុកទេសបានសុខសាន្តត្រាណ។ ៥ ស្តេចបានសង់ក្រុងដ៏មានកំពែងរឹងមាំក្នុងស្រុកយូដា ព្រោះស្រុកបានសាន្តត្រាណ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ស្រុកគ្មានសង្គ្រាមទេ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យស្តេចមានសុខសន្តិភាព។ ៦ ស្តេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។
៧ ព្រះបាទអសាមានទ័ពចំនួន ៣០០ ០០០ នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ ២៨០ ០០០ នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។
៨ នៅគ្រានោះ ព្រះបាទសេរ៉ា ជាស្តេចស្រុកអេត្យូពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចម្បាំងបីរយគ្រឿង មកច្បាំងនឹងកងទ័ពយូដា ហើយមកដល់ក្រុងម៉ារេសា។ ៩ ព្រះបាទអសាលើកទ័ពចេញមកតទល់នឹងពួកគេ ហើយកងទ័ពទាំងពីររៀបក្បួនទ័ពប្រយុទ្ធគ្នា នៅជ្រលងភ្នំសេផាថា ជិតក្រុងម៉ារេសា។ ១០ ព្រះបាទអសាស្រែកអង្វរព្រះអម្ចាស់ ជាព្រះរបស់ស្តេច ដោយទូលថា៖ «បពិត្រព្រះអម្ចាស់ ព្រះអង្គអាចជួយអ្នកទន់ខ្សោយឲ្យតតាំងនឹងអ្នកខ្លាំងពូកែ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំផង! ដ្បិតមានតែព្រះអង្គទេ ដែលយើងខ្ញុំពឹងផ្អែក យើងខ្ញុំចេញមកច្បាំងនឹងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងព្រះនាមរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះនៃយើងខ្ញុំ សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ!»។
១១ព្រះអម្ចាស់បានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះបាទអសា និងកងទ័ពយូដា។ ១២ ព្រះបាទអសា និងពលទាហានដែលនៅជាមួយ បានដេញតាមពួកគេរហូតដល់កេរ៉ា។ ទាហានអេត្យូពីដួលស្លាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ គ្មាននរណាម្នាក់បានរួចជីវិតឡើយ ដ្បិតកងទ័ពនេះត្រូវអន្តរាយ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅមុខប្រជាជនរបស់ព្រះអង្គ។ កងទ័ពរបស់ព្រះបាទអសារឹបអូសយកបានជ័យភ័ណ្ឌយ៉ាងច្រើន។ ១៣ កងទ័ពយូដាក៏បានវាយយកក្រុងទាំងប៉ុន្មាន ដែលនៅជុំវិញក្រុងកេរ៉ាដែរ ដ្បិតព្រះអម្ចាស់ធ្វើឲ្យអ្នកក្រុងទាំងនោះភ័យខ្លាចជាខ្លាំង។ កងទ័ពយូដារឹបអូសយកទ្រព្យសម្បត្តិក្រុងទាំងនោះ ព្រោះមានជ័យភ័ណ្ឌយ៉ាងច្រើន។ ១៤ ពួកគេបានវាយលុកជំរំរបស់គង្វាលហ្វូងសត្វ ហើយរឹបអូសយកចៀម និងអូដ្ឋយ៉ាងច្រើន។ បន្ទាប់មក ពួកគេនាំគ្នាវិលមកក្រុងយេរូសាឡឹមវិញ។

