សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
១ បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
អ្នកណាគោរព
កោតខ្លាចព្រះអម្ចាស់
ហើយដើរតាមមាគ៌ារបស់ព្រះអង្គ
អ្នកនោះមានសុភមង្គលហើយ!
២ អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ
អ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន
៣ នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម
ទំពាំងបាយជូរដែលមានផ្លែជាច្រើន
ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក
ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។
៤ អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់
នឹងទទួលព្រះពរបែបនេះ។
៥ សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូន
ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក
អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម
៦ អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។
សូមឲ្យអ៊ីស្រាអែល
បានប្រកបដោយសេចក្ដីសុខសាន្ត!

