ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
១ ទំនុករបស់ស្តេចដាវីឌ
នៅគ្រាដែលព្រះអង្គគង់នៅវាលរហោស្ថានស្រុកយូដា។
២ ឱព្រះជាម្ចាស់អើយ!
ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន
ទូលបង្គំស្វែងរកព្រះអង្គ
ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់
ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ
ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។
៣ ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ
ទូលបង្គំបានឃើញឫទ្ធានុភាព
និងសិរីរុងរឿងរបស់ព្រះអង្គ
៤ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ប្រសើរលើសជីវិតទៅទៀត
ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង
សិរីរុងរឿងព្រះអង្គ។
៥ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ
អស់មួយជីវិតទូលបង្គំ
ហើយទូលបង្គំនឹងលើកដៃឡើង
ថ្វាយបង្គំព្រះនាមព្រះអង្គ។
៦ ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា
ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង
ច្រៀងសរសើរតម្កើងព្រះអង្គ។
៧ ពេលទូលបង្គំចូលដំណេក
ទូលបង្គំនឹកដល់ព្រះអង្គ
ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ
៨ ដ្បិតព្រះអង្គជួយទូលបង្គំ
ទូលបង្គំច្រៀងយ៉ាងសប្បាយ
ក្រោមម្លប់បារមីព្រះអង្គ។
៩ ចិត្តគំនិតទូលបង្គំ នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច
ព្រះអង្គគាំទ្រទូលបង្គំ
ដោយព្រះចេស្ដារបស់ព្រះអង្គ។
១០ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
១១ សូមឲ្យគេត្រូវស្លាប់ដោយមុខដាវ
សូមឲ្យគេបានទៅជាចំណីរបស់ចចក។
១២ ពេលនោះ ព្រះរាជានឹងមានអំណរ
ដោយព្រះនាមព្រះជាម្ចាស់
អ្នកណាស្បថក្នុងព្រះនាមព្រះជាម្ចាស់
អ្នកនោះនឹងលើកតម្កើងព្រះអង្គ
រីឯអ្នកដែលចូលចិត្តនិយាយកុហក
នឹងត្រូវបាត់មាត់សូន្យឈឹងទៅ។

