លោកទាំងមូលថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់
១ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
២ ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង
របស់ព្រះជាម្ចាស់
អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ
របស់ព្រះអង្គ។
៣ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង
៤ តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ
ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។
៥ ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា
ត្រាច់ចរលើផែនដីទាំងមូល
ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ
ជាកន្លែងដែលព្រះជាម្ចាស់បានដំឡើងពន្លា
សម្រាប់ព្រះអាទិត្យ។
៦ រីឯព្រះអាទិត្យក៏រះឡើង
ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម
និងប្រៀបបីដូចជាវីរបុរសដ៏ខ្លាំងពូកែមួយរូប
ចេញមករត់ប្រណាំងដោយអរសប្បាយ។
៧ ព្រះអាទិត្យចរយាត្រាពីជើងមេឃម្ខាង
ឆ្ពោះទៅជើងមេឃម្ខាងទៀត គ្មាននរណា
អាចបំបាំងកម្ដៅរបស់ព្រះអាទិត្យបានឡើយ។
វិន័យរបស់ព្រះជាម្ចាស់
៨ វិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ
ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ
ព្រះបណ្ដាំរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត
ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា
៩ បទបញ្ជារបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ
ធ្វើឲ្យចិត្តមានអំណរសប្បាយ
បទបញ្ញត្តិរបស់ព្រះអម្ចាស់ល្អត្រចះត្រចង់
បំភ្លឺចិត្តគំនិតឲ្យបានយល់។
១០ ការគោរពកោតខ្លាចព្រះអម្ចាស់ជាអំពើមួយ
ល្អបរិសុទ្ធណាស់ ហើយស្ថិតស្ថេររហូតតទៅ។
ការវិនិច្ឆ័យរបស់ព្រះអម្ចាស់សុទ្ធតែត្រឹមត្រូវ
និងសុចរិតទាំងអស់
១១ គួរឲ្យប្រាថ្នាជាងមាសសុទ្ធដ៏ច្រើន
ព្រមទាំងផ្អែមជាងទឹកឃ្មុំដែលហូរ
ចេញពីសំបុកទៅទៀត។
១២ សេចក្ដីទាំងនេះបានបំភ្លឺទូលបង្គំ
ជាអ្នកបម្រើរបស់ព្រះអង្គ
ហើយដោយការប្រព្រឹត្តតាម
ទូលបង្គំបានទទួលផលយ៉ាងបរិបូណ៌។
១៣ គ្មាននរណាម្នាក់អាចមើលឃើញកំហុស
ដែលខ្លួនប្រព្រឹត្ត
ដោយអចេតនានោះបានឡើយ
សូមលើកលែងទោសឲ្យទូលបង្គំ
នូវកំហុសណាដែលទូលបង្គំ
មើលមិនឃើញនោះផង។
១៤ សូមការពារទូលបង្គំឲ្យរួចពីចិត្តអួតបំប៉ោង
សូមកុំឲ្យចិត្តអួតបំប៉ោងនេះ
ធ្វើជាម្ចាស់លើទូលបង្គំឡើយ
ធ្វើដូច្នេះ ទូលបង្គំនឹងបានឥតសៅហ្មង
ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
១៥ ព្រះអម្ចាស់អើយ សូមប្រោសប្រណី
ទទួលពាក្យដែលទូលបង្គំទូលថ្វាយ
ព្រមទាំងទទួលគំនិតដែលទូលបង្គំរិះគិត
នៅចំពោះព្រះភ័ក្ត្រព្រះអង្គនេះផង
ដ្បិតព្រះអង្គជាថ្មដា
និងជាព្រះដែលការពារទូលបង្គំ!។

