ព្រះអង្គព្រះអង្គព្រះពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ
១ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
កំដរដោយក្រុមតន្ដ្រីមានខ្សែ
និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្តេចដាវីឌ។
២ ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គ
ព្រះអង្គព្រះពិរោធនឹងទូលបង្គំក្តី
សូមកុំដាក់ទោសទូលបង្គំឡើយ
ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្តី
ក៏សូមកុំធ្វើទោសទូលបង្គំដែរ!
៣ ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង
ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ
ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផង
ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។
៤ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង
ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ
ដល់កាលណាទៀត?
៥ ព្រះអម្ចាស់អើយ សូមព្រះអង្គយាងមកវិញ
ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ
ដោយព្រះហឫទ័យសប្បុរស
៦ ដ្បិតពេលស្លាប់ផុតទៅហើយ
គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ
ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ
នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។
៧ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។
រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ
ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
៨ ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខ
ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង
ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។
៩ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ
ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ
ដ្បិតព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ឮសំឡេង
យំសោករបស់ខ្ញុំហើយ។
១០ ព្រះអម្ចាស់ព្រះអង្គព្រះសណ្ដាប់ឮពាក្យ
ទទូចអង្វររបស់ខ្ញុំ
ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។
១១ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ
ត្រូវអាម៉ាស់ និងញ័ររន្ធត់
ហើយឲ្យគេដកខ្លួនថយទៅវិញ
ទាំងអៀនខ្មាសយ៉ាងខ្លាំង។

