១ ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ មានគេរាប់អានច្រើន ប្រសើរជាងមានមាសប្រាក់។
២ អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះអម្ចាស់បានបង្កើតគេមកទាំងពីរនាក់។
៣ កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតឱនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។
៤ មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះអម្ចាស់ គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។
៥ ផ្លូវអសីលធម៌មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀសឆ្ងាយពីផ្លូវនោះ។
៦ ចូរអប់រំកូនក្មេងឲ្យមានទំលាប់ល្អ តាំងពីតូច គេនឹងរក្សាទំលាប់នេះរហូតដល់ចាស់។
៧ អ្នកមានតែងតែជិះជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។
៨ អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច ហើយកម្លាំងដែលជំរុញគេឲ្យប្រព្រឹត្តអំពើឃោរឃៅ នឹងរលាយសូន្យទៅ។
៩ មនុស្សមានចិត្តសប្បុរសតែងតែទទួលព្រះពរ ដ្បិតគេចែកអាហារដល់ជនទុរគត។
១០ បំបាត់មនុស្សចំអកឡកឡឺយ ជម្លោះក៏បាត់អស់ដែរ ការឈ្លោះប្រកែក និងការមើលងាយ លែងមានទៀតហើយ។
១១ អ្នកណាប្រកាន់ចិត្តបរិសុទ្ធ ហើយមានពាក្យសម្ដីសុភាពរាបសា អ្នកនោះនឹងបានគាប់ព្រះហឫទ័យស្តេច។
១២ ព្រះអម្ចាស់តែងតែថែរក្សាការយល់ដឹងដ៏ត្រឹមត្រូវ តែព្រះអង្គផ្ចាញ់ផ្ចាលពាក្យសម្ដីរបស់មនុស្សពាល។
១៣ មនុស្សកម្ជិលតែងពោលថា «មានសត្វសិង្ហមួយនៅខាងក្រៅ វាមុខជាហែកខ្ញុំស៊ីនៅកណ្ដាលផ្លូវមិនខាន»។
១៤ ពាក្យសម្ដីរបស់ស្ត្រីក្បត់ប្ដីជាអន្ទាក់មួយគួរឲ្យព្រឺខ្លាច អ្នកដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យតែងតែជាប់អន្ទាក់នោះ។
១៥ ក្មេងៗតែងតែជំពាក់ចិត្តនឹងភាពល្ងីល្ងើ ការវាយប្រដៅនឹងនាំវាឲ្យចេញឆ្ងាយពីភាពល្ងីល្ងើនោះ។
១៦ ជនទុរគតដែលត្រូវគេសង្កត់សង្កិនមុខជាបានចម្រើន រីឯអ្នកដែលយកទ្រព្យទៅឲ្យអ្នកមាន នឹងបណ្តាលឲ្យធ្លាក់ខ្លួនក្រ។
ដំបូន្មានរបស់អ្នកប្រាជ្ញ
១៧ ចូរផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញ ចូរយកចិត្តទុកដាក់នឹងការយល់ដឹងរបស់ខ្ញុំ ១៨ នោះអ្នកនឹងសប្បាយចិត្ត ដោយចងចាំ ហើយត្រៀមខ្លួនស្រដីចេញមកជានិច្ច។ ១៩ ខ្ញុំចង់ឲ្យអ្នកស្គាល់ការយល់ដឹងនៅថ្ងៃនេះ ដើម្បីឲ្យអ្នកផ្ញើជីវិតលើព្រះអម្ចាស់។ ២០ ខ្ញុំបានកត់ត្រាទុកនូវឱវាទ និងដំបូន្មានផ្សេងៗ ចំនួនសាមសិបសម្រាប់អ្នក ២១ ដើម្បីឲ្យអ្នកស្គាល់ការត្រឹមត្រូវ និងការពិត ហើយអ្នកអាចផ្តល់ចម្លើយដ៏ពិតប្រាកដដល់មនុស្សដែលចាត់អ្នកឲ្យមក។
២២ កុំរឹបអូសយកទ្រព្យពីជនទុរគត ព្រោះតែឃើញគ្នាទន់ខ្សោយ ហើយកុំសង្កត់សង្កិនជនក្រីក្រដែលគ្មានអ្នកការពារ ២៣ ដ្បិតព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
២៤ កុំសេពគប់នឹងមនុស្សឆាប់ខឹង ហើយរួមគំនិតជាមួយមនុស្សកំរោល ២៥ ក្រែងលោអ្នកយកតម្រាប់តាមគេ ហើយនាំឲ្យជីវិតរបស់អ្នកជាប់អន្ទាក់។
២៦ កុំធានា ឬសន្យាសងបំណុលជួសអ្នកដទៃឡើយ។ ២៧ បើអ្នកគ្មានអ្វីសងទេ គេមុខជាដកហូតយកគ្រែដេករបស់អ្នកពុំខាន។
២៨ កុំដកបង្គោលព្រំចម្ការ ដែលដូនតារបស់អ្នកបានបោះទុកនោះឡើយ។
២៩ ប្រសិនបើអ្នកឃើញមនុស្សម្នាក់ប៉ិនប្រសប់បំពេញការងាររបស់ខ្លួន តោងដឹងថា អ្នកនោះអាចចូលបម្រើស្តេច គឺគេមិនស្ថិតក្នុងចំណោមមនុស្សដែលគ្មានកេរ្តិ៍ឈ្មោះឡើយ។

