១ ព្រះហឫទ័យរបស់ស្តេចប្រៀបបាននឹងទឹកនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់ ព្រះអង្គផ្អៀងព្រះហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។
២ មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹមត្រូវ ក៏ប៉ុន្តែ មានតែព្រះអម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។
៣ ព្រះអម្ចាស់សព្វព្រះហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀងត្រង់ ជាងការថ្វាយយញ្ញបូជាទៅទៀត។
៤ ទឹកមុខក្រអឺតក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។
៥ អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងម៉ត់ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់ក្រហល់ តែងតែជួបអត្តខាត់។
៦ អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។
៧ ចិត្តឃោរឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។
៨ ជនឧក្រិដ្ឋដើរតាមផ្លូវវៀចវេរ រីឯមនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់។
៩ ស៊ូរស់នៅតាមសំយាបផ្ទះ ជាជាងរស់នៅក្នុងផ្ទះជាមួយស្ត្រីពូកែឈ្លោះ។
១០ មនុស្សពាលគិតតែពីធ្វើបាបគេ សូម្បីតែមិត្តសម្លាញ់របស់ខ្លួនក៏វាមិនត្រាប្រណីដែរ។
១១ បើដាក់ទោសមនុស្សចំអកឡកឡឺយ នោះនឹងធ្វើឲ្យមនុស្សល្ងង់មានប្រាជ្ញា។ បើទូន្មានអ្នកមានប្រាជ្ញា នោះគេនឹងទទួលចំណេះ។
១២ ព្រះដ៏សុចរិតតែងតែឃ្លាំមើលក្រុមគ្រួសាររបស់មនុស្សអាក្រក់ ហើយធ្វើឲ្យគេអន្តរាយ។
១៣ អ្នកណាធ្វើជាថ្លង់ មិនឮសម្រែករបស់មនុស្សទុរគត លុះពេលមានអាសន្នស្រែកហៅឲ្យគេជួយ នឹងគ្មាននរណាអើពើឡើយ។
១៤ ជំនូនដែលជូនដោយសម្ងាត់ តែងតែរំងាប់កំហឹង រីឯអំណោយដែលជូនដោយលាក់ការណ៍ ក៏ធ្វើឲ្យស្ងប់កំរោលដែរ។
១៥ ការប្រព្រឹត្តដោយយុត្តិធម៌រមែងផ្តល់ឲ្យមនុស្សសុចរិតមានអំណរ តែធ្វើឲ្យមនុស្សទុច្ចរិតភ័យតក់ស្លុត។
១៦ អ្នកណាលះបង់សុភនិច្ឆ័យ អ្នកនោះនឹងទៅនៅជាមួយមនុស្សស្លាប់។
១៧ អ្នកដែលភ្លើតភ្លើននឹងការសប្បាយតែងតែធ្លាក់ខ្លួនក្រ រីឯអ្នកដែលចូលចិត្តស៊ីផឹកមិនអាចទៅជាអ្នកមានឡើយ។
១៨ មនុស្សអាក្រក់តែងតែរងទុក្ខជំនួសមនុស្សសុចរិត ហើយមនុស្សក្បត់រងទុក្ខជំនួសមនុស្សទៀងត្រង់។
១៩ ស៊ូរស់នៅក្នុងវាលរហោស្ថាន ជាជាងរស់នៅជាមួយប្រពន្ធពូកែឈ្លោះ ហើយឆាប់ខឹង។
២០ ទ្រព្យសម្បត្តិ និងវត្ថុដ៏មានតម្លៃ ស្ថិតនៅក្នុងផ្ទះរបស់អ្នកប្រាជ្ញ រីឯមនុស្សល្ងីល្ងើវិញ រមែងបង្ហិនទាំងអស់។
២១ អ្នកដែលស្វែងរកសេចក្ដីសុចរិត និងសេចក្ដីសប្បុរសតែងតែមានអាយុវែង ជួបប្រទះនឹងសេចក្ដីសុចរិត ហើយទទួលកិត្តិយស។
២២ មនុស្សមានប្រាជ្ញាអាចវាយដណ្ដើមយកបានទីក្រុងរបស់អ្នកខ្លាំងពូកែ ហើយកម្ទេចកំពែង ដែលជាទីទុកចិត្តរបស់អ្នកទាំងនោះផង។
២៣ អ្នកដែលប្រយ័ត្នពាក្យសម្ដី តែងតែចៀសផុតពីទោសពៃរ៍។
២៤ មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកឲ្យអ្នកដទៃ អ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។
២៥ បំណងរបស់មនុស្សខ្ជិលរមែងធ្វើឲ្យខ្លួនស្លាប់ ព្រោះគេមិនព្រមធ្វើការ។
២៦ មនុស្សខ្លះគិតតែពីលោភចង់បាន រីឯមនុស្សសុចរិតវិញ តែងតែធ្វើទានដោយឥតសំចៃ។
២៧ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់មនុស្សអាក្រក់ទេ ដ្បិតពួកគេយកមកថ្វាយដោយបំណងអាក្រក់។
២៨ សាក្សីក្លែងក្លាយរមែងវិនាស រីឯអ្នកដែលដឹងរឿងច្បាស់ ទើបអាចនិយាយបាន។
២៩ មនុស្សអាក្រក់រមែងមានមុខក្រាស់ រីឯមនុស្សទៀងត្រង់ រឹតតែប្រព្រឹត្តត្រឹមត្រូវថែមទៀត។
៣០ គ្មានប្រាជ្ញា ការពិចារណា ឬយោបល់ណាអាចប្រៀបផ្ទឹមស្មើនឹងព្រះអម្ចាស់បានឡើយ។
៣១ គេរៀបទ័ពសេះសម្រាប់ថ្ងៃប្រយុទ្ធ តែជ័យជម្នះស្ថិតនៅលើព្រះអម្ចាស់។

