ចម្លើយចុងក្រោយរបស់លោកយ៉ូប
១ លោកយ៉ូបទូលព្រះអម្ចាស់ថា៖
២ «ទូលបង្គំទទួលស្គាល់ថា
ព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន
ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះអង្គ
ទាល់ព្រះតម្រិះឡើយ។
៣ ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា
“ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង
ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?”
ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី
ដ៏អស្ចារ្យដោយពុំដឹងខ្លួន
គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា
ដែលទូលបង្គំអាចយល់ និងអាចស្គាល់។
៤ ព្រះអង្គមានព្រះបន្ទូលទៀតថា
“ចូរស្ដាប់សេចក្ដីដែលយើងថ្លែង
យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ”
៥ កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ
អំពីព្រះអង្គ
ឥឡូវនេះ ទូលបង្គំឃើញព្រះអង្គ
ផ្ទាល់នឹងភ្នែកតែម្ដង។
៦ ហេតុនេះ ទូលបង្គំសូមសារភាពកំហុស
ហើយដាក់ខ្លួន
ដោយក្រាបនៅក្នុងធូលីដី និងផេះ»។
ព្រះអម្ចាស់ប្រទានពរឲ្យលោកយ៉ូបសាជាថ្មី
៧ ក្រោយពេលព្រះអម្ចាស់មានព្រះបន្ទូលទាំងនេះមកកាន់លោកយ៉ូបហើយ ព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកតេម៉នថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ ៨ ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើង ហើយថ្វាយជាតង្វាយដុតទាំងមូល*សម្រាប់អ្នករាល់គ្នាចុះ។ យ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូលអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់យ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវដូចយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។
៩ លោកអេលីផាសជាអ្នកស្រុកតេម៉ន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាម៉ា នាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។
១០ នៅពេលលោកយ៉ូបទូលអង្វរឲ្យមិត្តភក្ដិរបស់លោក ព្រះអម្ចាស់ប្រោសប្រណីលោកឲ្យបានចម្រុងចម្រើនឡើងវិញ។ ព្រះអម្ចាស់ប្រទានឲ្យលោកទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ ១១ បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់លោក និងញាតិមិត្តទាំងអស់ដែលលោកធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខលោក ហើយបរិភោគអាហាររួមជាមួយលោក នៅក្នុងផ្ទះរបស់លោក។ ពួកគេសម្ដែងការអាណិតអាសូរ និងសម្រាលទុក្ខលោក ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលព្រះអម្ចាស់បានបណ្តាលឲ្យកើតមានដល់លោក។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនលោក។ ១២ ព្រះអម្ចាស់ ប្រទានពរដល់លោកយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺលោកមានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ ១៣ លោកមានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ ១៤ លោកដាក់ឈ្មោះកូនស្រីទីមួយថា «យេមីណា» កូនស្រីទីពីរ «កេស៊ីតា» និងកូនស្រីទីបី «កេរេន-ហាពូក»។ ១៥ នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាតដូចកូនស្រីរបស់លោកយ៉ូបទេ។ លោកយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។
១៦ ក្រោយមក លោកយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត លោកបានឃើញកូនចៅរបស់លោករហូតដល់បួនតំណ។ ១៧ បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកយ៉ូបក៏លាចាកលោកនេះទៅ៕

