អេសធែរ ១

Written on 19/12/2025
Boy KANN

ព្រះ‌នាង​អេសធែរ

ពាក្យ​លំនាំ

កណ្ឌ​គម្ពីរ​ព្រះនាង​អេសធែរ​ជា​ភាសា​ហេប្រឺ
គម្ពីរ​អេសធែរ រៀប​រាប់​អំពី​របៀប​ដែល​ជន​ជាតិ​យូដា​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ជំនាន់ ដែល​ចក្រ‌ភព​ពែរ្ស​ត្រួត‌ត្រា​លើ​មជ្ឈិម‌បូព៌ា​ប្រទេស គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេត្យូពី។ ជន​ជាតិ​យូដា​មួយ​ចំនួន​ធំ ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ស្រុក​បាប៊ីឡូន ពុំ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ពេល​ជន​ជាតិ​បាប៊ីឡូន​បែក​ស្រុក (ឆ្នាំ ៥៣៩​មុនគ.ស.) នោះ​ឡើយ។ ជន​ជាតិ​យូដា​ទាំង​នោះ​តែង​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង​ពី​សំណាក់​ជាតិ​សាសន៍​ផ្សេងៗ ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ដ្បិត​ជន​ជាតិ​យូដា​មាន​ជំនឿ​សាសនា និង​ទំនៀម‌ទម្លាប់​ខុស​ប្លែក​ពី​សាសន៍​ដទៃ។ កណ្ឌ​គម្ពីរ​នេះ​រៀប​រាប់​ប្រាប់​យើង​អំពី​វិវាទ​រវាង​លោក​ហាម៉ាន់ ជា​មហា​មន្ត្រី​របស់​ព្រះ‌ចៅ​ស៊ែរសេស និង​លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា ដែល​បណ្តាល​ឲ្យ​មាន​គម្រោង‌ការ​ប្រល័យ​ពូជ​សាសន៍​យូដា​ទាំង​មូល។ ប៉ុន្តែ នាង​អេសធែរ ជា​ក្មួយ​របស់​លោក​ម៉ាដេកាយ បាន​ឡើង​ទៅ​ជា​មហា​ក្សត្រិ‌យានី ហើយ​រំដោះ​ជន​ជាតិ​យូដា​ឲ្យ​រួច​ផុត​ពី​ការ​ប្រល័យ​ពូជ​សាសន៍។ ថ្ងៃ​ដែល​គេ​គ្រោង​ទុក​ដើម្បី​ប្រល័យ​ពូជ​សាសន៍​យូដា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​ដែល​ជន​ជាតិ​យូដា​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ ហើយ​ថ្ងៃ​នោះ ជា​ដើម​កំណើត​នៃ​ពិធី​បុណ្យ​មួយ​របស់​ជន​ជាតិ​យូដា​ឈ្មោះ «បុណ្យ​ពួរីម»។
គម្ពីរ​អេសធែរ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​គំនិត​ជាតិ​និយម​របស់​ជន​ជាតិ​យូដា ដែល​ជំរុញ​ឲ្យ​ពួក​គេ​មាន​បំណង​សង‌សឹក​ខ្មាំង​សត្រូវ​របស់​ខ្លួន។ គំនិត​សង‌សឹក​នេះ​ជា​ប្រតិ‌កម្ម​នឹង​ការ​ប្រកាន់​ពូជ​សាសន៍ ព្រម​ទាំង​អំពើ​ហិង្សា​របស់​សាសន៍​ដទៃ​ចំពោះ​ជន​ជាតិ​យូដា។ គម្ពីរ​អេសធែរ​ធ្វើ​ឲ្យ​យើង​ចង​ចាំ​ថា ការ​ប្រកាន់​ពូជ​សាសន៍ ការ​មិន​ព្រម​ទទួល​អ្នក​ដទៃ​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា ហើយ​អំពើ​ហិង្សា​បង្ក​ឲ្យ​មាន​តែ​អំពើ​ហិង្សា​រឹត​តែ​ខ្លាំង​ថែម​ទៀត។
នៅ​ជំនាន់​មួយ​ដែល​ជន​ជាតិ​យូដា​បាត់​បង់​បូរណ‌ភាព​ទឹក​ដី ហើយ​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​សាសន៍​ដទៃ ពួក​គេ​លែង​មាន​សង្ឃឹម​ថា​នឹង​ទទួល​ឯក​រាជ​ជាតិ​ទៀត​ហើយ។ រឿង «ព្រះ‌នាង​អេសធែរ» រំឭក​ពួក​គេ​អំពី​ការ​រំដោះ​មួយ​ដ៏​ធំ‌ធេង ដែល​ផ្តល់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ឡើង​វិញ។
អត្ថបទ​បន្ថែម​ជា​ភាសា​ក្រិក
ជន​ជាតិ​យូដា​ដែល​រស់​នៅ​ខ្ចាត់‌ខ្ចាយ​នៅ​មជ្ឈិម​បូព៌ា បក​ប្រែ​គម្ពីរ‌វិន័យ​នៅ​សតវត្ស​ទី៣ រួច​នាំ​គ្នា​បក​ប្រែ​កណ្ឌ​ព្យាការី និង​កណ្ឌ​ផ្សេង​តាម​ក្រោយ (គម្ពីរ​នោះ​ហៅ​ថា «គម្ពីរ​ចិត​សិប» LXX)។ អ្នក​បក​ប្រែ​បន្ថែម​សេចក្តី​ជា​ច្រើន ឧប. ក្នុង​កណ្ឌ​ព្រះ‌នាង​អេសធែរ គេ​បន្ថែម ៩៣ ខ លើស​ពី ១៦៧ នៃ​គម្ពីរ​ដើម​ជា​ភាសា​ហេប្រឺ។
កណ្ឌ​ទាំង​ពីរ​មាន​សាច់​រឿង​ប្រហែល​គ្នា ប៉ុន្តែ អ្នក​បក​ប្រែ​ដូរ​ឈ្មោះ​ជា​ច្រើន (ព្រះ‌នាង‌អ័ស្ទីន​ជំនួស​ព្រះ‌នាង​វ៉ាស្ទី ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស​ជំនួស​ព្រះ‌ចៅ​ស៊ែរសេស) ហើយ​បន្ថែម​អត្ថបទ​ប្រាំ‌មួយ (មាន​កំណត់​តាម​អក្សរ ក ខ គ ឃ ង ច ឆ)។
ក និង​ច នៅ​ខាង​ដើម និង​នៅ​ខាង​ចុង​នៃ​រឿង ដើម្បី​បញ្ជាក់​អត្ថន័យ​រឿង គឺ​ព្រះ‌ជាម្ចាស់​ណែ​នាំ​ប្រជាជន​នានា ព្រះ‌អង្គ​លើក​ស្ទួយ​ប្រជាជន ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស និង​ទម្លាក់​អ្នក​ដឹកនាំ​ដែល​មាន​ចិត្ត​ព្រ‌ហើន​កោង​កាច។
ខ និង​ង រៀប​រាប់​អំពី​រាជ​ក្រឹត្យ​បញ្ជា​ឲ្យ​ប្រល័យ​ពូជ‌សាសន៍​យូដា។
គ ជា​ពាក្យ​ទូល​អង្វរ​របស់​លោក​ម៉ាដេកាយ និង​ព្រះ‌នាង​អេសធែរ។
ឃ តំណាល​អំពី​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌បាទ​អ័រតារ‌ស៊ែរសេស។
ក្នុង​កណ្ឌ​ជា​ភាសា​ហេប្រឺ មាន​ខ​តែ​មួយ ដែល​បញ្ជាក់​អំពី​ព្រះ‌ជាម្ចាស់​យាង​មក​ជួយ​គេ (៤,១៤)។ ផ្ទុយ​ទៅ​វិញ ក្នុង​កណ្ឌ​ប្រែ​ជា​ភាសា​ក្រិក មាន​ពន្យល់​សេចក្តី​នេះ​ជា​ហូរ​ហែ។ របៀប​និពន្ធ​ទាំង​ពីរ​យ៉ាង​នេះ បញ្ជាក់​អំពី​របៀប​ពីរ ដែល​អ្នក​ជឿ​តែង​តែ​ប្រកាស​ជំនឿ​របស់​ខ្លួន គឺ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ហេប្រឺ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​សកម្ម‌ភាព​តាម‌រយៈ​សកម្ម‌ភាព​របស់​មនុស្ស ជា​ពិសេស នៅ​គ្រា​ដែល​មនុស្ស​ឃោ​ឃៅ​ធ្វើ​បាប​អ្នក​តូចតាច។ រីឯ​អ្នក​និពន្ធ​កណ្ឌ​ជា​ភាសា​ក្រិក យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​នៅ​តែ​មាន​សកម្ម‌ភាព​ដោយ​ផ្ទាល់​ព្រះ‌អង្គ​ជា‌និច្ច។
 
1
សុបិន​និមិត្ត​របស់​លោក​ម៉ាដេកាយ
 នៅ​ថ្ងៃ​ទី​មួយ ខែ​ចេត្រ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ​កាល​ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស ដ៏​ប្រសើរ​ឧត្ដម លោក​ម៉ាដេកាយ យល់​សុបិន​ដ៏​អស្ចារ្យ។ លោក​ម៉ាដេកាយ ជា​កូន​របស់​លោក​យ៉ាអៀរ ជា​ចៅ​របស់​លោក​ស៊ីម៉ាយ ជា​ចៅ​ទួត​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។  លោក​ម៉ាដេកាយ ជា​ជន​ជាតិ​យូដា រស់​នៅ​ក្នុង​ក្រុង​ស៊ូសា លោក​ជា​ជន​ដ៏​សំខាន់​មួយ​រូប ដែល​បម្រើ​ការ​ងារ​ក្នុង​រាជ​វាំង។  លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រជាជន ដែល​ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ស្ដេច​ស្រុក​បាប៊ីឡូន កៀរ​ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជា​មួយ​ព្រះ‌បាទ​យេខូ‌នីយ៉ា ជា​ស្ដេច​ស្រុក​យូដា។  លោក​ម៉ាដេកាយ សុបិន​ដូច​ត​ទៅ៖ មាន​ឮ​សូរ​សម្រែក​ជា​ខ្លាំង និង​ស្នូរ​ប្រជាជន​ជ្រួល​ច្របល់ ផ្គរ​លាន់ ផែន​ដី​រញ្ជួយ ហើយ​មាន​កើត​ចលា‌ចល នៅ​លើ​ផែន​ដី​ទាំង​មូល។  ស្រាប់​តែ​មាន​នាគ​ធំៗ​ពីរ​លេច​ឡើង បម្រុង​នឹង​ត​យុទ្ធ​គ្នា។ នាគ​ទាំង​ពីរ​នោះ ស្រែក​លាន់​ឮ​រំ​ពង​យ៉ាង​ខ្លាំង។  ពេល​ឮ​សូរ​សម្រែក​នោះ ប្រជា‌ជាតិ​នី​មួយៗ​ប្រុង​ទៅ​ច្បាំង​នឹង​ប្រជា‌ជាតិ​មួយ​ទៀត ដែល​មាន​សុទ្ធ​តែ​មនុស្ស​សុចរិត។
 ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធ‌ការ ជា​ថ្ងៃ​ដែល ប្រជាជន​ជួប​គ្រោះ​អា​សន្ន និង​តប់​ប្រមល់ ជា​ថ្ងៃ​ត្រូវ​គេ​សង្កត់​សង្កិន និង​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​នៅ​លើ​ផែន​ដី។  ប្រជា‌ជាតិ​របស់​មនុស្ស​សុចរិត​ទាំង​មូល​នាំ​គ្នា​ជ្រួល​ច្របល់ និង​តក់​ស្លុត​ចំពោះ​ទុក្ខ​លំបាក ដែល​កំពុង​តែ​គំរាម​កំហែង​ពួក​គេ។ ពួក​គេ​ហៀប​នឹង​បាត់​បង់​ជីវិត  ហើយ​នាំ​គ្នា ស្រែក​អង្វរ​រក​ព្រះ‌ជាម្ចាស់។ បន្ទាប់​ពី​សូរ​សម្រែក​នេះ មាន​ទន្លេ​មួយ​ដ៏​ធំ មាន​ទឹក​ជា​ច្រើន​ហូរ​ហៀរ ហាក់​ដូច​ជា​ផុស​ចេញ​ពី​ប្រភព​ទឹក​មួយ​ដ៏​តូច។ ១០ បន្ទាប់​មក មាន​ពន្លឺ​មួយ​រះ​ឡើង​ជា​មួយ ព្រះ‌អាទិត្យ។ ពេល​នោះ ព្រះ‌ជាម្ចាស់​លើក​ពួក​អ្នក​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​ងើប​ឡើង ហើយ​ពួក​គេ នាំ​គ្នា​ត្របាក់​លេប​បំផ្លាញ​ពួក​ខ្មាំង​ដែល​អួត​បំប៉ោង។
១១ លុះ​ភ្ញាក់​ឡើង ដោយ​ឃើញ​ក្នុង​សុបិន​ពី​ការ ដែល​ព្រះ‌ជាម្ចាស់​សម្រេច​ព្រះ‌ហឫទ័យ នឹង​ប្រព្រឹត្ត​នោះ លោក​ម៉ាដេកាយ​ក៏​ចង​ចាំ​សេចក្ដី​នេះ ទុក​ក្នុង​ចិត្ត ហើយ​រិះ​គិត​ពិចារ‌ណា​ពេញ​មួយ​ថ្ងៃ ដើម្បី​យល់​អំពី​អត្ថ‌ន័យ​នៃ​សុបិន​នេះ។
លោក​ម៉ាដេកាយ​វែក​មុខ​ជន​ក្បត់
១២ មាន​ថ្ងៃ​មួយ លោក​ម៉ាដេកាយ​សម្រាក​នៅ​ទី​លាន​រាជ​វាំង ជា​ពេល​ដែល​លោក​កាបាថា និង​លោក​ថារ៉ា ជា​មហា‌តលិក​កំពុង​តែ​យាម​នៅ​ទី​នោះ​ដែរ។ ១៣ លោក​ឮ​គេ​ទាំង​ពីរ​នាក់​និយាយ​គ្នា លោក​ក៏​លួច​ស្តាប់ ដោយ​ចង់​ដឹង​ពី​គម្រោង‌ការ​របស់​ពួក​គេ។ លោក​ដឹង​ថា គេ​ប៉ុន​ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អ័រតា‌ស៊ែរសេស។ លោក​ក៏​ទៅ​ទូល​ព្រះ‌មហា​ក្សត្រ ឲ្យ​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ។ ១៤ ស្ដេច​ហៅ​មហា​តលិក​ទាំង​ពីរ​នាក់​មក​សួរ ពួក​គេ​ក៏​ព្រម​ទទួល​សារ​ភាព។ បន្ទាប់​មក​ស្ដេច​ក៏​បញ្ជា​ឲ្យ​ចាប់​គេ ទាំង​ពីរ​នាក់​ទៅ​សម្លាប់។ ១៥ ព្រះ‌រាជា​បញ្ជា​ឲ្យ​គេ​កត់​ត្រា​ហេតុ‌ការណ៍​ទាំង​នេះ ទុក​ជា​ការ​ចង​ចាំ ហើយ​លោក​ម៉ាដេកាយ ក៏​សរសេរ​សេចក្ដី​នេះ​ទុក​ដែរ។ ១៦ ស្ដេច​បញ្ជា​ឲ្យ​លោក​ម៉ាដេកាយ នៅ​បម្រើ​ក្នុង​រាជ​វាំង​ត​ទៅ​ទៀត ហើយ​ប្រទាន​រង្វាន់​ជា​ច្រើន​ឲ្យ​លោក ដើម្បី​តប​ស្នង​សង​គុណ​លោក។ ១៧ ពេល​នោះ លោក​ហាម៉ាន់ ដែល​ជា​អ្នក​អួត​បំប៉ោង ជា​កូន​របស់​លោក​ហាម៉ា‌ដាតា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច​ដែរ។ គាត់​រិះ​រក​គ្រប់​មធ្យោ‌បាយ ដើម្បី​កម្ចាត់​លោក​ម៉ាដេកាយ ព្រម​ទាំង​ប្រជាជន​របស់​លោក ព្រោះ​តែ​រឿង​មហា​តលិក​ពីរ​នាក់​ដែល​គេ​យក​ទៅ​សម្លាប់​នោះ។
ពិធី​ជប់‌លៀង​នៅ​ក្នុង​វាំង​របស់​ព្រះ‌ចៅ​ស៊ែរសេស
 នេះ​ជា​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​ជំនាន់​ព្រះ‌ចៅ​ស៊ែរសេស។ ព្រះ‌ចៅ​ស៊ែរសេស​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត ចំនួន​មួយ‌រយ​ម្ភៃ‌ប្រាំ​ពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូពី។  នៅ​ជំនាន់​នោះ ព្រះ‌ចៅ​ស៊ែរសេស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសា ជា​រាជ​ធានី។  នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្តេច ស្តេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្តេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​ម៉ែដ ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។  ស្តេច​ចង់​បង្ហាញ​រាជ‌ទ្រព្យ​ដ៏​ស្តុក‌ស្តម្ភ និង​ភាព​ថ្លៃ‌ថ្នូរ​វិសេស​នៃ​រាជ‌សម្បត្តិ​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ស្តេច តាម‌រយៈ​ពិធី​ជប់‌លៀង ក្នុង​អំឡុង​ពេល​មួយ‌រយ​ប៉ែត‌សិប​ថ្ងៃ។  នៅ​ចុង​បញ្ចប់​នៃ​ពិធី​ជប់‌លៀង​នេះ ស្តេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង​មួយ​ទៀត ក្នុង​ទី‌ធ្លា​ឧទ្យាន​នៃ​ព្រះ‌បរម‌រាជ‌វាំង ចំនួន​ប្រាំ​ពីរ​ថ្ងៃ។ ប្រជាជន​ទាំង​មូល​នៅ​រាជ​ធានី​ស៊ូសា ទាំង​អ្នក​ធំ ទាំង​អ្នក​តូច អាច​ចូល​រួម​បាន។  គេ​ចង​ក្រណាត់​ទេស‌ឯក​ពណ៌​ស និង​ពណ៌​ខៀវ លាយ​នឹង​ក្រណាត់​ធ្វើ​ពី​អំបោះ​ពណ៌​ស និង​ពណ៌​ស្វាយ ភ្ជាប់​ទៅ​នឹង​ខ្សែ​ពណ៌​ស និង​ពណ៌​ក្រហម​ទុំ។ គេ​ដោត​ខ្សែ​នោះ​ទៅ​ក្នុង​កង​ធ្វើ​អំពី​ប្រាក់ ហើយ​ចង​ភ្ជាប់​ទៅ​នឹង​សសរ​ធ្វើ​អំពី​ថ្លើម​ថ្ម។ រីឯ​គ្រែ​សម្រាប់​អង្គុយ​បរិភោគ​ធ្វើ​ពី​មាស និង​ប្រាក់ ដាក់​នៅ​លើ​កម្រាល​ធ្វើ​ពី​ថ្ម​កែវ ថ្លើម​ថ្ម ខ្យង​ដាំ និង​ថ្ម​ខ្មៅ។  គេ​ដាក់​ស្រា​នៅ​ក្នុង​ពែង​មាស ដែល​មាន​ក្បាច់​រចនា​ប្លែកៗ​គ្នា។ ស្តេច​ឲ្យ​គេ​យក​ស្រា​មក​ចាក់​ជូន​ភ្ញៀវ​យ៉ាង​បរិបូណ៌។  ភ្ញៀវ​អាច​ពិសា​ស្រា​តាម​ចិត្ត ដោយ​មិន​នឹក​ខ្លាច​ខ្វះ​ខាត​អ្វី​ឡើយ គឺ​ស្តេច​បញ្ជា​ឲ្យ​រាជ​បម្រើ​ចាក់​ស្រា​ជូន តាម​តែ​ភ្ញៀវ​ចង់​បាន។  រីឯ​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​វិញ ក៏​រៀប‌ចំ​ជប់‌លៀង​ដោយ​ឡែក សម្រាប់​ពួក​ស្ត្រី​នៅ​ក្នុង​វាំង​របស់​ព្រះ‌ចៅ​ស៊ែរសេស​ដែរ។
ព្រះ‌ចៅ​ស៊ែរសេស​ដក​តំណែង​មហា‌ក្សត្រិ‌យានី​ពី​ព្រះ‌នាង​វ៉ាសធី
១០ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ សុរា​បាន​ធ្វើ​ឲ្យ​ព្រះ‌ចៅ​ស៊ែរសេស​មាន​ព្រះ‌ហឫទ័យ​សប្បាយ​ក្រៃ‌លែង។ ស្តេច​បង្គាប់​លោក​មេហូម៉ាន លោក​ប៊ីសថា លោក​ហារបូណា លោក​ប៊ីគថា លោក​អបាគថា លោក​សេថារ និង​លោក​ការកាស ជា​មហា‌តលិក​ទាំង​ប្រាំ​ពីរ​រូប ដែល​នៅ​បម្រើ​ស្តេច ១១ ឲ្យ​យាង​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​មក​គាល់​ស្តេច ទាំង​ពាក់​មកុដ​រាជ្យ ដើម្បី​បង្ហាញ​ឲ្យ​ប្រជាជន និង​មេ​ដឹក​នាំ​ឃើញ​រូប​ឆោម​របស់​ព្រះ‌នាង ដ្បិត​ព្រះ‌នាង​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។ ១២ ប៉ុន្តែ ព្រះ‌មហា​ក្សត្រិ‌យានី​ពុំ​ព្រម​យាង​មក តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ឡើយ។ ពេល​នោះ ព្រះ‌រាជា​ពិរោធ​យ៉ាង​ខ្លាំង។ ១៣ ស្តេច​ក៏​សួរ​យោបល់​ពី​ពួក​ហោរា‌ចារ្យ ដែល​ជា​អ្នក​មាន​ភារ‌កិច្ច​ជួយ​ដោះ​ស្រាយ​រឿង​របស់​ស្តេច ព្រោះ​ពួក​គេ​ស្គាល់​ពិធី‌ការ និង​ទំនៀម‌ទម្លាប់។ ១៤ អ្នក​ទាំង​នោះ​មាន: លោក​ការសេណា លោក​សេតារ លោក​អាដម៉ាតា លោក​តារស៊ីស លោក​ម៉េរ៉េស លោក​ម៉ារសេណា លោក​ម៉េមូកាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ​ពីរ​រូប​របស់​ជន​ជាតិ​ម៉ែដ និង​ជន​ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្តេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។ ១៥ ព្រះ‌ចៅ​ស៊ែរសេស​សួរ​ថា ក្នុង​ករណី​ដែល​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​ពុំ​ព្រម​ធ្វើ​តាម​បញ្ជា​របស់​ស្តេច ដែល​ពួក​មហា‌តលិក​បាន​ទូល​ថ្វាយ​ដូច្នេះ តើ​ត្រូវ​យក​ច្បាប់​អ្វី​មក​អនុវត្ត។
១៦ លោក​ម៉េមូកាន​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ស្តេច និង​មេ​ដឹក​នាំ​ថា៖ «ព្រះ​មហា‌ក្សត្រិ‌យានី​មិន​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ‌រាជា​ប៉ុណ្ណោះ​ទេ តែ​កំហុស​នេះ​ក៏​ប៉ះ‌ពាល់​ដល់​ពួក​មេ​ដឹក​នាំ និង​ប្រជាជន​ទាំង​អស់ ក្នុង​អាណា‌ខេត្ត​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌ចៅ​ស៊ែរសេស​ដែរ ១៧ ដ្បិត​រឿង​របស់​ព្រះ‌មហា​ក្សត្រិ‌យានី នឹង​លេច​ឮ​ដល់​ស្ត្រី​ទាំង​អស់។ ពេល​ពួក​គេ​ឮ​ថា​ព្រះ‌ចៅ​ស៊ែរសេស ចេញ​បញ្ជា​ឲ្យ​យាង​ព្រះ‌មហា​ក្សត្រិ‌យានី​មក​គាល់​ស្តេច ហើយ​ព្រះ‌នាង​មិន​ធ្វើ​តាម ពួក​គេ​ក៏​នឹង​មើល‌ងាយ​ប្ដី​របស់​ខ្លួន​ដែរ។ ១៨ ឥឡូវ​នេះ ភរិយា​របស់​មេ​ដឹក​នាំ​ទាំង‌ឡាយ​នៃ​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​ម៉ែដ ឮ​ដំណឹង​ថា ព្រះ‌មហា​ក្សត្រិ‌យានី​មិន​ស្ដាប់​បង្គាប់​ព្រះ‌ករុណា ពួក​គេ​មុខ​ជា​ធ្វើ​បែប​នេះ​ចំពោះ​ស្វាមី​របស់​ខ្លួន​ដែរ ជា​ហេតុ​បណ្តាល​ឲ្យ​ស្វាមី​មាន​កំហឹង ព្រោះ​តែ​ភរិយា​មើល‌ងាយ។ ១៩ ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ សូម​ចេញ​រាជ​ប្រកាស​មួយ ដែល​ពុំ​អាច​ប្រែ‌ប្រួល ដូច​មាន​ចែង​ទុក​ក្នុង​ច្បាប់​របស់​ជន​ជាតិ​ពែរ្ស និង​ជន​ជាតិ​ម៉ែដ គឺ​ហាម​ព្រះ‌មហា​ក្សត្រិ‌យានី​វ៉ាសធី​មិន​ឲ្យ​ចូល​មក​ជួប​ព្រះ‌ភ័ក្ត្រ​ព្រះ‌ករុណា​រហូត​ត​ទៅ ហើយ​សូម​ព្រះ‌ករុណា​ផ្ទេរ​តំណែង​របស់​ព្រះ‌នាង​ទៅ​ឲ្យ​ព្រះ‌មហេសី​មួយ​អង្គ​ទៀត ដែល​ប្រសើរ​ជាង​ព្រះ‌នាង។ ២០ ពេល​ណា​ប្រជាជន​ដឹង​អំពី​សេចក្ដី​សម្រេច​ដ៏​សំខាន់ ដែល​ព្រះ‌រាជា​ប្រកាស​ក្នុង​រាជា‌ណាចក្រ​ទាំង​មូល ស្ត្រី​ទាំង​អស់​មុខ​ជា​គោរព​ប្ដី​របស់​ខ្លួន តាំង​ពី​អ្នក​ធំ​រហូត​ដល់​អ្នក​តូច»។
២១ ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​នឹង​យោបល់​នេះ​ណាស់ ហើយ​ពួក​មេ​ដឹក​នាំ​ក៏​ពេញ​ចិត្ត​ដែរ។ ព្រះ‌រាជា​ក៏​ធ្វើ​តាម​សំណើ​របស់​លោក​ម៉េមូកាន ២២ គឺ​ស្តេច​ផ្ញើ​រាជ‌សារ​ទៅ​គ្រប់​អាណា‌ខេត្ត​ទាំង​អស់​តាម​អក្សរ និង​ភាសា​របស់​ប្រជាជន​ក្នុង​អាណា‌ខេត្ត​នីមួយៗ ដើម្បី​ឲ្យ​ប្ដីៗ​ទាំង​អស់​ធ្វើ​ជា​មេ​លើ​គ្រួសារ​របស់​ខ្លួន ហើយ​គ្រួសារ​នោះ​ត្រូវ​និយាយ​ភាសា​កំណើត​របស់​ប្ដី។