១ ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ ២ ព្រះជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ប៉ុន្តែ ព្រះជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះក៏ឥតបានការ ហើយអាក្រក់បំផុត។ ៣ ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ ៤ កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ ៥ វាមិនដែលបានឃើញ ក៏មិនដែលស្គាល់ពន្លឺព្រះអាទិត្យដែរ ប៉ុន្តែ វាបានសុខជាងអ្នកមានអាយុវែងទៅទៀត។ ៦ ប្រសិនបើមនុស្សមិនជួបនឹងសុភមង្គលទេ ទោះបីគេរស់បានពីរពាន់ឆ្នាំក្តី ក៏ឥតបានការអ្វីដែរ ព្រោះមនុស្សទាំងអស់ឈានទៅរកចុងបញ្ចប់ដូចគ្នា។
៧ កិច្ចការទាំងប៉ុន្មាន ដែលមនុស្សខំប្រឹងប្រែងធ្វើ បានត្រឹមតែចម្អែតក្រពះប៉ុណ្ណោះ តែពុំអាចធ្វើឲ្យគេស្កប់ចិត្តឡើយ។ ៨ តើមនុស្សមានប្រាជ្ញាទទួលបានអ្វីលើសមនុស្សលេលា? រីឯអ្នកក្រដែលខំតស៊ូក្នុងជីវិតនោះ តើបានប្រយោជន៍អ្វីដែរ? ៩ អ្វីៗដែលយើងមើលឃើញផ្ទាល់នឹងភ្នែកនោះ ប្រសើរជាងចិត្តស្រមើស្រមៃ។ សូម្បីតែត្រង់នេះទៀតក៏ឥតបានការ ដូចដេញចាប់ខ្យល់។
យោបល់របស់ប្រាជ្ញា
១០ អ្វីៗដែលមាននៅក្នុងលោកនេះ សុទ្ធតែមានឈ្មោះរបស់ខ្លួនស្រេចទៅហើយ ហើយយើងក៏ដឹងថា អ្វីទៅដែលហៅថាមនុស្ស។ មនុស្សពុំអាចជជែកតវ៉ានឹងអ្នកដែលខ្លាំងពូកែជាងខ្លួនឡើយ។ ១១ យើងនិយាយកាន់តែច្រើនយ៉ាងណា ពាក្យសម្ដីរបស់យើងរឹតតែឥតបានការយ៉ាងនោះដែរ ហើយយើងពុំអាចទាញផលប្រយោជន៍អ្វីឡើយ។ ១២ ជីវិតរបស់មនុស្សប្រៀបបាននឹងស្រមោល។ គ្មាននរណាអាចដឹងថា ខ្លួនត្រូវធ្វើការអ្វីដែលប្រសើរជាងគេ នៅពេលដែលខ្លួនរស់នៅក្នុងជីវិតដ៏ខ្លី ហើយឥតន័យនេះឡើយ។ គ្មាននរណាអាចថ្លែងប្រាប់មនុស្សអំពីហេតុការណ៍ ដែលកើតមាននៅលើផែនដី ក្រោយពេលគេស្លាប់ផុតទៅហើយនោះដែរ។

