បទ​ចម្រៀង ៧

Written on 19/12/2025
Boy KANN

1  ស្ត្រី​សាសន៍​ស៊ូឡាម​អើយ
    ចូរ​នាង​រាំ ចូរ​នាង​រាំ
    ដើម្បី​ឲ្យ​យើង​គយ‌គន់​មើល​នាង​ផង។
    ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​គយ‌គន់​មើល
    ស្ត្រី​សាសន៍​ស៊ូឡាម​នេះ
    តើ​ចង់​ឲ្យ​នាង​ចូល​រួម​ក្នុង​ក្រុម​របាំ
    ទាំង​ពីរ​ពួក​ឬ?
 ម្ចាស់‌ក្សត្រិយ៍​អើយ
    អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់!
    ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក
    ដែល​ជា​ស្នា​ដៃ​របស់​ជាង​ដ៏​ចំណាន។
 ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង
    ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជា‌និច្ច។
    ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី
    ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ។
 សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ
    របស់​ប្រើស។
 ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។
    ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង
    នៅ​ក្រុង​ហេស‌បូន​ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីម
    ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់
    ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។
 ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន
    ដូច​ភ្នំ​កាម៉ែល។
    សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។
    ព្រះ‌រាជា
    គាប់​ព្រះ‌ហឫ‌ទ័យ​នឹង ផ្នួង​សក់​របស់​អូន​ណាស់។
 គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ
    អូន​ល្អ​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ណាស់។
 រូប‌រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់
    សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។
 បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ
    ដើម្បី​បេះ​ផ្លែ​របស់​វា។
    សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង
    ចង្កោម​ទំពាំង‌បាយ‌ជូរ
    ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប
    ដូច​ផ្លែ​ចន្ទន៍។
10 មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំង‌បាយ‌ជូរ
    យ៉ាង​ឆ្ងាញ់!
 
    មែន​ហើយ សូម​ឲ្យ​ស្រា​ទំពាំង‌បាយ‌ជូរ​នេះ
    ហូរ​មក​សម្រាប់​ម្ចាស់​ចិត្ត​អូន
    សូម​ឲ្យ​ស្រា​ទំពាំង‌បាយ‌ជូរ​នេះ
    ស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់‌លក់។
 
11 ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
    ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។
12 ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក
    យើង​ទៅ​ចម្ការ​ជា​មួយ​គ្នា
    យប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។
13 ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ
    ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយ‌ជូរ​ពន្លក​ឡើង
    ហើយ​ចេញ​ផ្កា
    រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។
    នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។
14 ផ្លែ​ស្នេហ៍​សាយ​ក្លិន​យ៉ាង​ក្រអូប
    នៅ​មាត់​ទ្វារ​របស់​យើង
    មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ
    គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។
    ម្ចាស់​ចិត្ត​អូន​អើយ
    អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។