បទ​ចម្រៀង ៥

Written on 19/12/2025
Boy KANN

1  អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
    បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ
    បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង
    បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង
    បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ
    និង​ទឹក​ដោះ​គោ​របស់​បង។
    
    មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសា
    សូម​សប្បាយ​នឹង​សេចក្ដី​ស្រឡាញ់​នេះ
    ឲ្យ​បាន​ស្កប់‌ស្កល់​ចុះ។
 
2  ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ
    តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​លង់‌លក់​ទេ។
    ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា:
    ប្អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
    ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង
    អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ។
    ក្បាល​របស់​បង​ទទឹក​ជោក
    ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់។
 
3  អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ
    តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន?
    អូន​ទើប​នឹង​លាង​ជើង
    តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?
 ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម
    ប្រហោង​ទ្វារ
    ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើប​ញាប់‌ញ័រ។
 ខ្ញុំ​ក៏​ស្ទុះ​ឡើង​ដើម្បី​បើក​ទ្វារ
    ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ
    ស្រក់​ទៅ​លើ​រនុក​ទ្វារ។
 ខ្ញុំ​បើក​ទ្វារ​ថ្វាយ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ់
    តែ​គាត់​ចាក‌ចេញ​ទៅ​បាត់។
    ខ្ញុំ​ប្រាថ្នា​ចង់​ឮ​សំឡេង​របស់​គាត់​ណាស់។
    ខ្ញុំ​តាម​រក​គាត់ តែ​រក​ពុំ​ឃើញ
    ខ្ញុំ​ស្រែក​ហៅ​គាត់ តែ​គាត់​ពុំ​ឆ្លើយ​ទេ។
 ពួក​អ្នក​យាម‌ល្បាត​ទី‌ក្រុង​ជួប​ខ្ញុំ
    ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួស
    ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួន
    ចេញ​ពី​ខ្ញុំ។
 ស្ត្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
    ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
    ប្រសិន​បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ
    តើ​ពួក​នាង​ប្រាប់​គាត់​ថា​ដូច​ម្ដេច?
    ចូរ​ប្រាប់​គាត់​ថា ខ្ញុំ​មាន​ជំងឺ​ស្នេហា។
 ស្ត្រី​ដែល​មាន​រូប​ឆោម​ល្អ​ដាច់​គេ​អើយ
    តើ​ម្ចាស់​ចិត្ត​របស់​នាង​មាន​អ្វី​ប្លែក
    ជាង​បុរស​ឯ​ទៀត
    បាន​ជា​នាង​សុំ​ឲ្យ​យើង​ប្រាប់​គាត់​ដូច្នេះ។
10 ម្ចាស់​ជីវិត​របស់​ខ្ញុំ មាន​សម្បុរ ស
    និង​ស្បែក​ភ្លឺ​រលោង
    ទោះ‌បី​គាត់​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស
    មួយ‌ម៉ឺន​នាក់​ក្តី ក៏​ឃើញ​ប្លែក​ពី​គេ​ដែរ។
11 ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ
    សក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដី
    ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។
12 ភ្នែក​របស់​គាត់​ស្រស់​ស្អាត
    ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក។
    ប្រស្រី​ភ្នែក​រុំ​ព័ទ្ធ​ដោយ​កែវ​ភ្នែក​ពណ៌​ស
    ហើយ​ស្ថិត​នៅ​យ៉ាង​សម​ក្នុង​រង្វង់​ភ្នែក។
13 ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល
    ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធ‌ពិដោរ
    បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់
    ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។
14 ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស
    ដែល​មាន​ដាំ​ត្បូង​ពេជ្រ។
    ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក
    ដែល​គេ​ខាត់​យ៉ាង​រលើប
    ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។
15 ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ
    ធ្វើ​ពី​ថ្ម​កែវ​ពណ៌​ស
    ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ។
    គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់
    ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។
16 មាត់​របស់​គាត់​ពោរ‌ពេញ​ដោយ​ភាព​ទន់‌ភ្លន់
    គាត់​ជា​មនុស្ស​គួរ​ឲ្យ​នែប‌និត្យ។
    ស្ត្រី​ក្រមុំ​នៃ​ក្រុង​យេរូ‌សាឡឹម​អើយ
    ម្ចាស់​ចិត្ត​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ
    មាន​លក្ខណៈ​យ៉ាង​នេះ​ហើយ។