បទ​ចម្រៀង ៤

Written on 19/12/2025
Boy KANN

1  ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់!
    នៅ​ពី​ក្រោយ​ស្បៃ
    កែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ
    សក់​របស់​អូន​មាន​ពណ៌​ខ្មៅ
    ដូច​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅ​ស្រុក​កាឡាត។
2  ធ្មេញ​របស់​អូន​មាន​ពណ៌​ស
    ដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោម
    ហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។
    វា​សុទ្ធ​តែ​មាន​គូ​របស់​វា
    ហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
 បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង
    ខ្សែ​បូ​ពណ៌​ក្រហម
    មាត់​របស់​អូន​ស្អាត​ណាស់
    នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន
    ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
 ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្តេច​ដាវីឌ
    ដែល​មាន​រាង​មូល ហើយ​រលោង
    មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ
    គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់‌អាច។
 សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ
    របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។
 ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ
    និង​ភ្នំ​គ្រឿង​ក្រអូប
    ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច
    ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
 ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់
    អូន​ល្អ​ឥត​ខ្ចោះ។
 សម្លាញ់​ចិត្ត​បង​អើយ
    ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង!
    ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង!
    ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា
    កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ែរមូន។
    ចូរ​ចាក‌ចេញ​ពី​លំ‌នៅ​របស់​សិង្ហ
    និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។
9  អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
    អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ
    ដោយ‌សារ​កែវ​ភ្នែក​របស់​អូន
    និង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន
    អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។
10 អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
    សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់
    សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង
    ស្រា​ទំពាំង‌បាយ‌ជូរ
    ហើយ​ក្លិន​របស់​អូន​ក្រអូប​ជាង​គ្រឿង​ក្រអូប
    ទាំង​ប៉ុន្មាន​ទៅ​ទៀត។
11 សម្លាញ់​ចិត្ត​បង​អើយ
    បបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែម
    ដូច​ទឹក​ដម​របស់​ផ្កា
    នៅ​ក្រោម​អណ្ដាត​របស់​អូន
    ក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ
    ហើយ​សម្លៀក‌បំពាក់​របស់​អូន​មាន​ក្លិន​ក្រអូប
    ដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។
12 អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ
    អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង
    អូន​ជា​អណ្ដូង​ទឹក​របស់​បង
    និង​ជា​ប្រភព​ទឹក​របស់​បង។
13 ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់
    ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។
    ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹម‌ចន្ទន៍ និង​ទេព្វិរូ​ដែរ
14 ដើម​ទេព្វិរូ និង​រមៀត
    ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង
    ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ
    គ្រឿង​ក្រអូប ជ័រ​ល្វីង‌ទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស
    គ្រប់​យ៉ាង។
15 អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច‌ស្រព​សួន​ឧទ្យាន
    អូន​ជា​អណ្ដូង​ផ្តល់​ទឹក​រស់
    និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។
16 ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង
    ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក
    ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ
    ដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប!
    សូម​ម្ចាស់​ចិត្ត​របស់​អូន
    ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង
    ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!។